ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ១៦និង00នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ ជាខ្មាន់កាំភ្លើងបាញ់ នៅក្នុងបន្ទប់ទឹក ក្លឹបលុចសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ បានស្ម័គ្រចិត្តចូលសារភាព តាមរយៈម្តាយរបសខ្លួន គឺលោកស្រី ញ៉ែម មរកត បាននាំយកកូនមកដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យជាខ្មាន់កាំភ្លើងបាញ់មនុស្សឆៅៗនេះ មានឈ្មោះ វីន សុក្របញ្ញា អាយុ២៧ឆ្នាំ កំពុងត្រូវបានសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើកំណត់ហេតុស្តាប់ចម្លើយដើម្បីកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ តាមការបញ្ជាក់អោយដឹងពីសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ គឺកើតចេញពីករណីប្រច័ណ្ឌ ក្រុមខ្មាន់កាំភ្លើង២នាក់ក៏បានបាញ់ បណ្តាលអោយនារីម្នាក់របួសធ្ងន់ត្រង់ភ្លៅបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ ដោយឡែកក្រុមខ្មាន់កាំភ្លើងរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចបានក្តោបមុខសញ្ញាជនដៃដល់នេះបាន ទើបនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ម្តាយជនសង្ស័យបានយកកូនមកអោយខាងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ដោយសារគ្រួសារនេះជាអ្នកមានមុខ មានមាត់ខ្ពស់ និងបញ្ចៀសការបង្ហោះតាមហ្វេសប៊ុក ប្រព័ន្ធផ្សព្វផ្សាយវាយលុកនូវរឿងរ៉ាវនេះ ក៏បង្ខំចិត្តអោយសមត្ថកិច្ចចាត់ការ នូវអំពើរបស់ជនសង្ស័យប្រព្រឹត្តតាមនីតិវិធី៕
ដោយ៖ សុខ ខេមរា