ខេត្តកំពង់ឆ្នាំង៖ បុរសអ្នកលក់មីឆាតាមរទេះម្នាក់ដែលរងរបួសរលាកដោយសាភ្លើងឆេះក្នុងពេលផ្ទុះធុងហ្គាស់នោះ ពេលនេះកំពុងសម្រាកនៅផ្ទះរបស់ខ្លួន ដោយពុំមានលទ្ធភាពព្យាបាល នៅពេទ្យដោយសារតែកត្តាជីវភាព ហើយនៅពេលនេះ បុរសរូបនេះបានសូមអោយសប្បុរជននានាមេត្តាជួយរូបគេផងព្រោះពេលនេះរូបគេកំពុងមានការលំបាក ។
បុរសរូបនេះមានឈ្មោះទូច សំភាស់ អាយុ២៦ឆ្នាំ មានទីលំនៅភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បន្នភរិយារបស់ខ្លួនកំពុងតែមានផ្ទៃពោះជិតដល់ពេលសម្រាលទៀត ។
បុរសដែលរងគ្រោះនេះបានប្រាប់បន្តទៀតថា ដោយសារតែជីវភាពមានការខ្វះខាតខ្លួនជាមួយប្រពន្ធ បានរកមុខរបរមួយសម្រាប់ចិញ្ចឹមជីវិត គឺលក់មីឆា ដែលសុំកន្លែងចិញ្ចើមផ្លូវនៅមុខមន្ទីរព័តមានខេត្តកំពង់ឆ្នាំង ។ ក្រោយពីប្រកបលក់មីឆានេះរូបគេ រកបានគ្រាន់ហូបដែរសម្រាប់ផ្គត់ផ្គង់ជីវភាព ប៉ុន្តែគ្រោះអកុសល្យមួយបានរុញច្រានអោយជីវភាពរបស់គេកាន់តែជួបឧបសគ្គ បន្ទាប់ពីគេត្រូវបានធុងហ្គាស់បានផ្ទុះបណ្តាលអោយឆាបឆេះឡើង ។ ហើយនៅពេលនេះរូបគេកំពុងតែដេកនៅផ្ទះព្យាបាលរបួសដែលរលាកនោះ ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ជិតសួនច្បារវិមានឯករាជ ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ម្ចាស់អ្នកលក់មីឆាបានប្រាប់សមត្ថកិច្ចអោយដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានយកធុងហ្គាស់ដែលអស់ យកទៅដូរធុងហ្គាសថ្មី រួចបានដាក់ប្រើតាំងពីល្ងាចមកម្លេះ ស្រាប់តែ នៅវេលាម៉ោងជិត១០យប់ហើយនោះមាន ភ្ញៀវ២នាក់មកទិញមីឆា ហើយខ្លួនបានបើកហ្គាសឆាដូចរាល់ដង ពេលដែលបើកហ្គាស់ភ្លាមស្រាប់តែដាច់ក្បាលបើកបិទហ្គាស់ បណ្តាលអោយឆាបឆេះជាអណ្តាតភ្លើងតែម្តង ចំណែកឯភ្ញៀវដែលអង្គុយចាំហូបមីឆាបានរត់អស់ ភ្លាមៗនោះ បានហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត មកជួយអន្តរាគមន៍ពន្លត់ភ្លើង ហើយបានពន្លត់រលត់អស់ទាំងស្រុង ។
នៅពេលនេះបុរនេះបានបញ្ជាក់ថា របួសរបស់គេនៅមិនទាន់បានធូស្រាលនៅឡើយទេ គឺក្រាន់តែយកថ្នាំបំពង់ស្ព្រាយបាញ់ដើម្បីអោយគ្រាន់ត្រជាក់ ប៉ុន្តែនៅពេលនេះកំពុជួបការខ្វះខាតជីវភាព ណាមួយប្រពន្ធជិតសម្រាលកូនទៀត ហើយសូមអោយសប្បុរសជន ឬ អាជ្ញាធរមូលដ្ឋានមេត្តាជួយរូបគេក្នុងពេលដែលខ្វះខាតនេះផង ៕ ចន្ថា