ខេត្តបន្ទាយមានជ័យ៖ គ្រាប់បេ៤០ចំនួន៥គ្រាប់និងម្សៅរំសេវសម្រាប់បំផ្ទុះTNT ចំនួន៦ដុំស្មើនិង២០០ក្រាម កប់ក្នុងដីចំការមួយកន្លែង ដែលជាតំបន់អតីតសមភូមិក្តៅគគុកវាយប្រយុទ្ធគ្នានៅក្នុងយុគសម័យប្រទេសជាតិមានសង្គ្រាមក្នុងស្រុកថ្មពួក ត្រូវបានគេប្រទះឃើញខណៈដែលម្ចាស់ដីជួលអេស្កាកាយដីឱ្យខ្ពស់កុំឱ្យទឹកលិចដើម្បីទុកដាំដំឡូងមី ។
កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិដឺ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ម្ចាស់ដីនោះមានឈ្មោះ ឆាម ឈឿម ភេទប្រុស អាយុ៤៨ឆ្នាំ បច្ចុប្បន្នជាមេភូមិដឺ ។
ជុំវិញករណីនេះបើតាមប្រភពព័ត៌មានពីលោអនុសេនីយ៍ទោ អ៊ុយ ចន្ថា នាយប៉ុស្ថិ៍នគរបាលរដ្ឋបាល ឃុំគោកកឋិនប្រាប់ឱ្យដឹងថា មុនដំបូងមេភូមិដែលជាម្ចាស់ដីបានជួលអេស្កា១គ្រឿងដើម្បីកាយដីលើកឱ្យខ្ពស់សម្រាប់ដាំដំឡូងមី ដោយនៅពេលកាយដីនៅទិសខាងត្បូងមិនមានអ្វីនោះទេ ស្រាប់តែបន្ទាប់មកអេស្កាមកកាយដីនៅទិសខាងលិចជម្រៅប្រហែល ១ម៉ែត្រក៏ប្រទះឃើញគ្រាប់បេ៤០ ចំនួន៥ គ្រាប់ និងម្សៅរំសេវTNTចំនួន៦ដុំ។ក្រោយពីឃើញ បែបនោះហើយម្ចាស់ដីក៏បានទំនាក់ទំនងមកលោកដើម្បីនាំកម្លាំងចុះត្រួតពិនិត្យ។ នៅពេលនោះសមត្ថកិច្ចមិនហ៊ានប៉ះគ្រាប់ទាំងនោះទេ ដោយខ្លាចពីសុវត្ថិភាព ។ លោកក៏បានទំនាក់ទំនងទៅមន្ត្រីជំនាញដោះមីនហេលឡូត្រាក់ ចុះមកដីចំការខាងលើ ដើម្បីយកគ្រាប់បេ និងម្សៅរំសេវTNT យកទៅរក្សាទុកដើម្បីរង់ចាំកំទេចចោល ។
លោកនាយប៉ុស្ថិ៍បានបញ្ជាក់ឱ្យដឹងទៀតថា មន្ត្រីជំនាញពិនិត្យឃើញថាគ្រាប់បេ៤០ទាំង៥គ្រាប់នៅមានគុណភាពប្រហែល៥០ភាគរយ ចំណែកម្សៅរំសេវTNT អាចនៅមានគុណភាពប្រើប្រាស់បាន ។
សូមរំលឹកថាប្រទេសកម្ពុជាអតីតកាលជាប្រទេសដែលមានសង្គ្រាមផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ ។ស្លាកស្នាមនៃសង្គ្រាមបានដិតដាមនិងបន្សល់ទុកនូវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីនកប់ក្នុងដីជាច្រើនទៀតរហូតមកដល់បច្ចុប្បន្ននេះ ។គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះនិងគ្រាប់មីន ដែលនៅសេសសល់ ក៏ត្រូវគេមើលឃើញថានៅតែបន្តបង្កការគ្រោះថ្នាក់ដល់អាយុ ជីវិតប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់ ជាពិសេស នៅក្នុងទំបន់ទិស ពាយព្យនៃប្រទេសកម្ពុជាដែលជាតំបន់សមរភូមិក្តៅជាងគេ ។
បច្ចុប្បន្ននេះគេមើលឃើញថារាជរដ្ឋាភិបាលកម្ពុជាកំពុងតែជម្រុញខិតខំដោះស្រាយបញ្ហាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះនិងគ្រាប់មីននៅសេសសល់ ឱ្យអស់ ដើម្បីបញ្ចៀសពីការគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋថែមទៀតនោះ ៕
ដោយ៖ សំ វិច្ឆិកា