មោទនភាពជាតិ🇰🇭 គឺមិនធម្មតា!..មេចុងភៅខ្មែរដណ្ដើមបានពានមាស និងមេដាយមាស​ជូនជាតិ ទទួលបានការលើកទឹកចិត្ត ដង្ហែផ្អើល​ក្រុងសៀមរាបអង្គរ

ចែករំលែក៖

​ខេត្តសៀមរាប៖ កូនខ្មែរបង្ហាញពីភាពជោគជ័យលើពិភពលោក នាំមកនូវមោទនភាពជាតិក្រោមដំបូលសន្តិភាពដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺនៅថ្ងៃទី០៤ ​ខែមិថុនា​ ឆ្នាំ២០១៩ ដើម្បីជាការលើកទឹកចិត្តដល់កូនខ្មែរមានថ្វីដៃលោកពិភពលោក អាជ្ញាធរ​ខេត្តសៀមរាប​បានធ្វើ​ពិធី​ដង្ហែពាន​មាស ជ័យលា​ភីលេខ១ ដែល​សមាគមចុង​ភៅកម្ពុជា​ដណ្តើមបាន​ពីប្រកួតស្នាដៃ​ចុងភៅ​ឆ្នើម​ក្នុង​កម្មវិធី ​Best Asian Gourmet Challenge នៅប្រទេសថៃ កាលពីថ្ងៃទី​០១ ខែមិថុនា​កន្លងទៅ។
មន្ត្រីសាលាខេត្តបានអោយដឹងថា៖ ពិធីដង្ហែនេះ ​ធ្វើដំណើរ​ទៅតាមផ្លូវ​សំខាន់ៗ​នៅក្នុងក្រុង​សៀមរាប​ដើម្បីបង្ហាញ​នូវក្តី មោទន​ភាព​ក្រៃលែង ចំពោះ​ការនាំ​មកនូវកិត្តិយស និងមោទនភាពជាតិ​របស់​សមាគមចុង​ភៅ​កម្ពុជាដែល​បានទទួលពាន​ជ័យលាភី និងមេដាយ​គ្រប់កម្រិតថ្នាក់​ជាច្រើន​ទៀត ក្នុងការ​ប្រឡង​ប្រកួត​ប្រជែង​រសជាតិម្ហូប​អាស៊ី ( Best Asian Gourmet Challenge ) នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពីពេល​កន្លងមក​ថ្មីៗនេះ។
លោក​ ទៀ សីហា អភិបាល​នៃគណៈអភិបាលខេត្តសៀមរាប ​លោកពិតជាថ្នាក់ដឹកមួយរូប ដែលបានបង្ហាញ​នូវមោទនភាព នៅក្នុង​ឱកាស​ដែលលោក​ជួបជាមួយ​សមាគមចុង​ភៅមុន​នឹងធ្វើការ​ដង្ហែ និងបាន​ថ្លែងនូវ​ការកោត​សរសើរ ចំពោះ​សមាគម​ចុង​ភៅកម្ពុជា ដែល​បានជ្រើសរើស​យកម្ហូប ខ្មែរ​ពិសេសៗ​ចំនួន​១០មុខ ទៅ​ចូលរួមក្នុង​ការប្រកួត​នោះ។ ម្យ៉ាងទៀតមហាប្រជាពលរដ្ឋរំភើបចិត្តឥតឧបមានូវស្នាដៃកូនខ្មែរ អាចធ្វើបាននាំមកជោគជ័យ មុខមាត់ប្រទេសជាតិ។
ពិធីលោក ទៀ សីហា បាន​បញ្ជាក់ថា អ្វីដែល​ត្រូវ បាន​ទទួលជ័យ​លាភីនេះ វាមិន​ត្រឹមតែកើត​ចេញពី​ទេពកោសល្យ​ជំនាញ​វិជ្ជាជីវៈ ជាអ្នកធ្វើម្ហូប​ប៉ុណ្ណោះ​ទេ តែការ​ជ្រើសរើស​មុខម្ហូប​វាក៏ ជាចំណែក​នៃការទទួល​បានពិន្ទុ​ល្អ នោះ​ផង​ដែរ ក៏ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ ជ័យលាភី​នេះគឺសំដៅ​ទៅលើ​រសជាតិ​នៃម្ហូបខ្មែរ ក្រោមការ​ចម្អិនផ្សំ​រសជាតិ ដោយអ្នក​ជំនាញធ្វើម្ហូប​របស់​សមាគម​ចុងភៅ​កម្ពុជា។
លោកអភិបាលខេត្តវ័យក្មេង ក៏បានគូសបញ្ជាក់ថា៖ កន្លងទៅនេះ​សមាគមចុង​ភៅកម្ពុជា​បានជួយ ​លើកកិត្តិយស ជាតិជាច្រើន​ដូចជាកាល​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ឆ្នាំ២០១៤ ​ដែលជាឆ្នាំទី២​ នៃការបង្កើត​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ក្រោមស្នា​ដៃផលិត​ដោយសមាគម​ចុងភៅ​កម្ពុជា នំអន្សម​យក្ស ត្រូវបាន​ចុះក្នុងបញ្ជី​កំណត់ត្រា​ឯកទគ្គកម្ម​ពិភពលោក។
សារព័ត៍មាន គេហទំព័រជាច្រើនក៏បានផ្សព្វផ្សាយករណីនេះដ៏ព្រោងព្រាត ដោយលើកឡើងថា៖ ចុងភៅ​កម្ពុជា​ដណ្តើម​បាន​ជ័យលាភី​ពានមាស​១ និង​មេដាយ​គ្រប់​កម្រឹត​ចំនួន ​២៧ ក្នុង​ការ​ប្រកួត​ប្រជែង​ស្នាដៃ​ចុងភៅ​​អាសុី​ឆ្នើមឆ្នាំ២០១៩ ។ សមាគម​ចុងភៅ​កម្ពុជា​បាន​នាំយក​ម្ហូបខ្មែរ និងចុង​ភៅកម្ពុជាចំនួន ៣២រូប ទៅចូលរួម​ប្រកួតក្នុង​កម្មវិធីប្រកួត​ប្រជែងស្នាដៃ​ចុងភៅ​​អាសុីឆ្នើម ឆ្នាំ​២០១៩ រយៈពេល ​០១សប្តាហ៍ ​ពីថ្ងៃទី ២៦ ​ខែឧសភា ដល់ថ្ងៃទី​ ០១ ​ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុង​បាងកក ប្រទេសថៃ ដោយ​ទទួលបាន​ជ័យលាភី​ពានមាស ១ និង​មេដាយគ្រប់ក​ម្រឹតថ្នាក់ ​ចំនួន២៧ ក្នុងនោះរួមមាន៖
១- ពានមាសជ័យលាភីចំនួន ០១។ ២- មេដោយមាសចំនួន ០៣។ ៣- មេដាយប្រាក់ចំនួន ០៦។ ៤- មេដាយសំរឹទ្ធចំនួន ១៧ សម្រាប់បុគ្គលចំនួន២៧ បន្ថែមទៀត
លោក ឡុង ប៊ុនហោ ​បានឲ្យ​ដឹងថា កម្មវិធីប្រកួត​ប្រជែងអាហារ​អាស៊ីឆ្នាំ២០១៩នេះ បាន​ចាប់ផ្តើមពី​ថ្ងៃទី២៦ ខែឧសភា និងប្រកាស​លទ្ធផល​នារាត្រីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩។ បណ្តា​អ្នកចូលរួម​ក្នុងកម្មវិធីនេះ រួមមាន​ចុងភៅ​មកពីប្រ​ទេសថៃ ​កម្ពុជា​ ចិន កូរ៉េខាងត្បូង ហុងកុង វៀតណាម ម៉ាកាវ ​ម៉ាឡេស៊ី កោះតៃវ៉ាន់ ​ហ្វីលីពីន ឥណ្ឌូណេស៊ី សឹង្ហបូរី និង​ប៉ាគីស្ថាន។ នៅក្នុង​កម្មវិធីប្រកួត​ប្រជែងនេះ ក្រុមចុង​ភៅល្បីៗមក​ពីបណ្តា​ខេត្តចំនួន ៣០ ក្នុង​ប្រទេសថៃ ក៏បាន​ចូលរួម​ផងដែរ សរុប​ចុងភៅ​ចូលរួមទាំង​អស់មាន​ប្រមាណ​ជិត ១៤០០នាក់។
សូមបញ្ជាក់ថា រសជាតិ​ម្ហូបខ្មែរចំនួន ១០មុខ ដែល​ចូលរួមប្រកួត រួមមាន៖ ១- ញាំក្រូច​ថ្លុងបង្គារទន្លេ។ ២- សាច់គោអាំងទឹកប្រហុក។ ៣- សម្លរប្រហើរត្រីឆ្អើរ​ ។៤- អាម៉ុកត្រី។ ៥- ការីសាច់មាន់។ ៦- ឆាកង្កែបម្រេចកំពត
៧- ខប៉េងប៉ោះ។ ៨- គ្រំបំពងជ្រក់ស្វាយ។ ៩- បាយ​សម្រូប​សណ្តែកខ្មៅ។ ១០-បង្អែម​សង់ខ្យារល្ពៅ
សមាគម​ចុងភៅកម្ពុជា​បាននាំមក​នូវកិត្តិយស មុខមាត់ និង​កិត្យានុភាពជូន​ជាតិមាតុភូមិ និងប្រជា​ជនកម្ពុជា។ ទេព​កោសល្យនៃ​ការផ្សំគ្រឿង​ចំអិនម្ហូប​ មិនគ្រាន់​តែជាតម្លៃមួយ​បង្ហាញអំពីបំណិន​នៅក្នុង​វិជ្ជាជីវៈជាចុងភៅ​តែប៉ុណ្ណោះ ក៏ប៉ុន្តែអ្វីដែលជា​មោទនភាព​សម្រាប់ការលើក​ពានជ័យ​លាភី គឺរសជាតិ​ម្ហូបខ្មែរ។
សមាគមចុង​ភៅកម្ពុជាបាន​បង្កើតឡើង​នៅក្រុងសៀមរាប​ក្នុងឆ្នាំ២០១៣ ។ ​ឆ្នាំ២០១៩នេះ គឺជាលើកទី​៧ហើយ ដែល​សមាគមចុងភៅ​កម្ពុជាបាន​បញ្ជូន​ក្រុមចុងភៅ​ឆ្នើមៗរបស់ខ្លួន​ចេញទៅប្រកួត​ប្រជែង​ធ្វើម្ហូប ក្នុងកម្មវិធីធំ​ៗខ្នាតអន្តរ​ជាតិនៅ​ក្រៅប្រទេស។
ជាការកត់សម្គាល់​ទៅលើលទ្ធផល​នៃការប្រកួត​នេះ រាល់លើក​ដែលសមាគម​ចុងភៅកម្ពុជា​ដណ្តើម​បាន គឺក្រៅពី​មេដាយមាស ប្រាក់ និងសំរឹទ្ធ ​ជាច្រើននោះ ជ័យលា​ភីពានមាស គឺសមាគម​ចុងភៅកម្ពុជា​ទទួលបាន​ចំនួន២លើក គឺឆ្នាំ​២០១៤ ទទួលបាន​ពានមាសក្នុង​កម្មវិធីប្រកួត​ធ្វើម្ហូប (រសជាតិ​អាហារទន្លេ​មេគង្គ) នៅទីក្រុង​បាងកក ប្រទេសថៃ និងលើកទី២ គឺពានជ័យលាភី​ប្រកួតធ្វើម្ហូបអាស៊ី ឆ្នាំ២០១៩នេះ៕ ​

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print