ខេត្តសៀមរាប៖ កូនខ្មែរបង្ហាញពីភាពជោគជ័យលើពិភពលោក នាំមកនូវមោទនភាពជាតិក្រោមដំបូលសន្តិភាពដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីជាការលើកទឹកចិត្តដល់កូនខ្មែរមានថ្វីដៃលោកពិភពលោក អាជ្ញាធរខេត្តសៀមរាបបានធ្វើពិធីដង្ហែពានមាស ជ័យលាភីលេខ១ ដែលសមាគមចុងភៅកម្ពុជាដណ្តើមបានពីប្រកួតស្នាដៃចុងភៅឆ្នើមក្នុងកម្មវិធី Best Asian Gourmet Challenge នៅប្រទេសថៃ កាលពីថ្ងៃទី០១ ខែមិថុនាកន្លងទៅ។
មន្ត្រីសាលាខេត្តបានអោយដឹងថា៖ ពិធីដង្ហែនេះ ធ្វើដំណើរទៅតាមផ្លូវសំខាន់ៗនៅក្នុងក្រុងសៀមរាបដើម្បីបង្ហាញនូវក្តី មោទនភាពក្រៃលែង ចំពោះការនាំមកនូវកិត្តិយស និងមោទនភាពជាតិរបស់សមាគមចុងភៅកម្ពុជាដែលបានទទួលពានជ័យលាភី និងមេដាយគ្រប់កម្រិតថ្នាក់ជាច្រើនទៀត ក្នុងការប្រឡងប្រកួតប្រជែងរសជាតិម្ហូបអាស៊ី ( Best Asian Gourmet Challenge ) នៅទីក្រុងបាងកក ប្រទេសថៃ កាលពីពេលកន្លងមកថ្មីៗនេះ។
លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកពិតជាថ្នាក់ដឹកមួយរូប ដែលបានបង្ហាញនូវមោទនភាព នៅក្នុងឱកាសដែលលោកជួបជាមួយសមាគមចុងភៅមុននឹងធ្វើការដង្ហែ និងបានថ្លែងនូវការកោតសរសើរ ចំពោះសមាគមចុងភៅកម្ពុជា ដែលបានជ្រើសរើសយកម្ហូប ខ្មែរពិសេសៗចំនួន១០មុខ ទៅចូលរួមក្នុងការប្រកួតនោះ។ ម្យ៉ាងទៀតមហាប្រជាពលរដ្ឋរំភើបចិត្តឥតឧបមានូវស្នាដៃកូនខ្មែរ អាចធ្វើបាននាំមកជោគជ័យ មុខមាត់ប្រទេសជាតិ។
ពិធីលោក ទៀ សីហា បានបញ្ជាក់ថា អ្វីដែលត្រូវ បានទទួលជ័យលាភីនេះ វាមិនត្រឹមតែកើតចេញពីទេពកោសល្យជំនាញវិជ្ជាជីវៈ ជាអ្នកធ្វើម្ហូបប៉ុណ្ណោះទេ តែការជ្រើសរើសមុខម្ហូបវាក៏ ជាចំណែកនៃការទទួលបានពិន្ទុល្អ នោះផងដែរ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ជ័យលាភីនេះគឺសំដៅទៅលើរសជាតិនៃម្ហូបខ្មែរ ក្រោមការចម្អិនផ្សំរសជាតិ ដោយអ្នកជំនាញធ្វើម្ហូបរបស់សមាគមចុងភៅកម្ពុជា។
លោកអភិបាលខេត្តវ័យក្មេង ក៏បានគូសបញ្ជាក់ថា៖ កន្លងទៅនេះសមាគមចុងភៅកម្ពុជាបានជួយ លើកកិត្តិយស ជាតិជាច្រើនដូចជាកាលព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៤ ដែលជាឆ្នាំទី២ នៃការបង្កើតព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមស្នាដៃផលិតដោយសមាគមចុងភៅកម្ពុជា នំអន្សមយក្ស ត្រូវបានចុះក្នុងបញ្ជីកំណត់ត្រាឯកទគ្គកម្មពិភពលោក។
សារព័ត៍មាន គេហទំព័រជាច្រើនក៏បានផ្សព្វផ្សាយករណីនេះដ៏ព្រោងព្រាត ដោយលើកឡើងថា៖ ចុងភៅកម្ពុជាដណ្តើមបានជ័យលាភីពានមាស១ និងមេដាយគ្រប់កម្រឹតចំនួន ២៧ ក្នុងការប្រកួតប្រជែងស្នាដៃចុងភៅអាសុីឆ្នើមឆ្នាំ២០១៩ ។ សមាគមចុងភៅកម្ពុជាបាននាំយកម្ហូបខ្មែរ និងចុងភៅកម្ពុជាចំនួន ៣២រូប ទៅចូលរួមប្រកួតក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃចុងភៅអាសុីឆ្នើម ឆ្នាំ២០១៩ រយៈពេល ០១សប្តាហ៍ ពីថ្ងៃទី ២៦ ខែឧសភា ដល់ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ ដោយទទួលបានជ័យលាភីពានមាស ១ និងមេដាយគ្រប់កម្រឹតថ្នាក់ ចំនួន២៧ ក្នុងនោះរួមមាន៖
១- ពានមាសជ័យលាភីចំនួន ០១។ ២- មេដោយមាសចំនួន ០៣។ ៣- មេដាយប្រាក់ចំនួន ០៦។ ៤- មេដាយសំរឹទ្ធចំនួន ១៧ សម្រាប់បុគ្គលចំនួន២៧ បន្ថែមទៀត
លោក ឡុង ប៊ុនហោ បានឲ្យដឹងថា កម្មវិធីប្រកួតប្រជែងអាហារអាស៊ីឆ្នាំ២០១៩នេះ បានចាប់ផ្តើមពីថ្ងៃទី២៦ ខែឧសភា និងប្រកាសលទ្ធផលនារាត្រីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩។ បណ្តាអ្នកចូលរួមក្នុងកម្មវិធីនេះ រួមមានចុងភៅមកពីប្រទេសថៃ កម្ពុជា ចិន កូរ៉េខាងត្បូង ហុងកុង វៀតណាម ម៉ាកាវ ម៉ាឡេស៊ី កោះតៃវ៉ាន់ ហ្វីលីពីន ឥណ្ឌូណេស៊ី សឹង្ហបូរី និងប៉ាគីស្ថាន។ នៅក្នុងកម្មវិធីប្រកួតប្រជែងនេះ ក្រុមចុងភៅល្បីៗមកពីបណ្តាខេត្តចំនួន ៣០ ក្នុងប្រទេសថៃ ក៏បានចូលរួមផងដែរ សរុបចុងភៅចូលរួមទាំងអស់មានប្រមាណជិត ១៤០០នាក់។
សូមបញ្ជាក់ថា រសជាតិម្ហូបខ្មែរចំនួន ១០មុខ ដែលចូលរួមប្រកួត រួមមាន៖ ១- ញាំក្រូចថ្លុងបង្គារទន្លេ។ ២- សាច់គោអាំងទឹកប្រហុក។ ៣- សម្លរប្រហើរត្រីឆ្អើរ ។៤- អាម៉ុកត្រី។ ៥- ការីសាច់មាន់។ ៦- ឆាកង្កែបម្រេចកំពត
៧- ខប៉េងប៉ោះ។ ៨- គ្រំបំពងជ្រក់ស្វាយ។ ៩- បាយសម្រូបសណ្តែកខ្មៅ។ ១០-បង្អែមសង់ខ្យារល្ពៅ
សមាគមចុងភៅកម្ពុជាបាននាំមកនូវកិត្តិយស មុខមាត់ និងកិត្យានុភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ទេពកោសល្យនៃការផ្សំគ្រឿងចំអិនម្ហូប មិនគ្រាន់តែជាតម្លៃមួយបង្ហាញអំពីបំណិននៅក្នុងវិជ្ជាជីវៈជាចុងភៅតែប៉ុណ្ណោះ ក៏ប៉ុន្តែអ្វីដែលជាមោទនភាពសម្រាប់ការលើកពានជ័យលាភី គឺរសជាតិម្ហូបខ្មែរ។
សមាគមចុងភៅកម្ពុជាបានបង្កើតឡើងនៅក្រុងសៀមរាបក្នុងឆ្នាំ២០១៣ ។ ឆ្នាំ២០១៩នេះ គឺជាលើកទី៧ហើយ ដែលសមាគមចុងភៅកម្ពុជាបានបញ្ជូនក្រុមចុងភៅឆ្នើមៗរបស់ខ្លួនចេញទៅប្រកួតប្រជែងធ្វើម្ហូប ក្នុងកម្មវិធីធំៗខ្នាតអន្តរជាតិនៅក្រៅប្រទេស។
ជាការកត់សម្គាល់ទៅលើលទ្ធផលនៃការប្រកួតនេះ រាល់លើកដែលសមាគមចុងភៅកម្ពុជាដណ្តើមបាន គឺក្រៅពីមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាច្រើននោះ ជ័យលាភីពានមាស គឺសមាគមចុងភៅកម្ពុជាទទួលបានចំនួន២លើក គឺឆ្នាំ២០១៤ ទទួលបានពានមាសក្នុងកម្មវិធីប្រកួតធ្វើម្ហូប (រសជាតិអាហារទន្លេមេគង្គ) នៅទីក្រុងបាងកក ប្រទេសថៃ និងលើកទី២ គឺពានជ័យលាភីប្រកួតធ្វើម្ហូបអាស៊ី ឆ្នាំ២០១៩នេះ៕
ដោយ៖ សិលា