ទីក្រុងញ៉ូវយ៉ក៖ ឧទ្ធម្ភាគចក្រមួយគ្រឿងបានបុកអគារខ្ពស់ ៥៤ជាន់ នៅតំបន់ មជ្ឈមណ្ឌល Manhattan ក្នុងទីក្រុងញ៉ូវយ៉កកាលពីថ្ងៃទី ១០ខែមិថុនាឆ្នាំ២០១៩ ។ គ្រោះថ្នាក់ខាងលើ បានធ្វើឲ្យពលរដ្ឋនៅទីក្រុងញ៉ូវយ៉កបារម្ភយ៉ាងខ្លាំង ខ្លាចរងការវាយប្រហារ ភេរវកម្ម បើកយន្តហោះបុកអគារដូចកាលពីថ្ងៃទី ១១ខែកញ្ញាឆ្នាំ២០០១នៅទីក្រុមញ៉ូវយ៉កនេះដែរ។
អភិបាលរដ្ឋ New York លោក Andrew Coumo បានឲ្យដឹងថា ឧទ្ធម្ភាគចក្រជួបបញ្ហា ទើបព្យាយាមចុះចតនៅលើដំបូលអាគារកម្ពស់ ៥៤ជាន់ ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង និងផ្សែងអ័ព្ទ មើលមិនឃើញ។
សារព័ត៌មាន AP បានផ្សាយថា ឧទ្ធម្ភាគចក្រ បានបុកទៅនឹង ដំបូលអាគារនៅ មជ្ឈមណ្ឌល Manhattan ក្នុងមហាវិថី លេខ៧ ក្នុងទីក្រុងញ៉ូវយ៉កកាលពីរសៀលថ្ងៃទី១០ខែមិថុនា។ ក្រុមពន្លត់អគ្គិភ័យ បានបញ្ជាក់ថា អាកាសយានិកបានស្លាប់នៅក្នុងហេតុការណ៍ខាងលើ ។
សារព័ត៌មាន CBS New York បានផ្សាយថា ដោយសារតែ ឧទ្ធម្ភាគចក្រ បុកលើដំបូលអាគារទើបមិនបណ្តាលឲ្យមានអ្នកស្លាប់ឬរងរបួសច្រើន ក្រៅពីអាកាសយានិកឡើយ។ឧទ្ធម្ភាគចក្របានឆាប់ឆេះបង្កឲ្យមានផ្សេងខ្មៅ ក្របដណ្តប់ដំបូលអាគារ។
នាយកដ្ឋានអាកាសចរណ៍ស៊ីវិល អាមេរិក FAA បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រជួបគ្រោះថ្នាក់ជាប្រភេទ Agusta A109E ។ នៅក្នុងសេចក្តីប្រកាស ជាផ្លូវការ FAA បានបញ្ជាក់ថា គណៈកម្មការសុវត្ថិភាពចរាចរណ៍ដែនអាកាស នឹងបើកការស្រាវជ្រាវករណី គ្រោះថ្នាក់ខាងលើ។ សកម្មភាពខាងលើ គឺជាគ្រោះថ្នាក់ មិនមែនភេរវកម្មនោះឡើយ៕
ដោយ៖ មែវ សាធី