ភ្នំពេញ ៖ ជនសង្ស័យ ម្នាក់ក្នុងចំណោមបក្ខពួក២នាក់គឺឈ្មោះ ឯក រស្មី ហៅ ម៉ាប់ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យត្រូវបាននគរបាលខន្ឌមានជ័យសហការជាមួយនគរបាលប៉ុស្តិ៍បឹងទំពុនឃាត់ខ្លួន ពីបទ លួច ឆ្កឹះសោរទ្វារផ្ទះយកម៉ូតូនិងលុយ ។ ចំណែកបក្សពួកជនសង្ស័យម្នាក់ទៀតឈ្មោះ ហើម ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរ និង ទីលំនៅមិនប្រាកដ បានរត់គេចខ្លួនបាត់ ។
ការឃាត់ខ្លួនជនសង្ស័យខាងលើបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ខណៈដែលជនសង្ស័យរូបនេះលាក់ខ្លួនសំងំនៅទីនោះ ។
លោក តេង សុីណូ អធិការខណ្ឌមានជ័យ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពិន ពិសិដ្ឋ ភេទ ប្រុស អាយុ ៣៧ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ ៩៧៨ ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌ ដង្កោ ។ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១រំលងអធ្រា ត្រនៅត្រង់ចំណុចផ្ទះជួល ផ្លូវ៥៣បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យជនរងគ្រោះបានជិះម៉ូតូម៉ាកស្ទេប ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1N 4914 និង កាបូបស្ពាយ មានលុយដុល្លារ ១៧៥០០ដុល្លារ និងលុយចិនគិតជាលុយដុល្លារប្រហែល៥០០ដុល្លារយកមកទុកនៅផ្ទះមិត្តភក្កិជាជនជាតិចិន ហើយចេញទៅដើរលេង ។ ក្រោយមកជនសង្ស័យពីរនាក់នេះបានលួចគាស់សោទ្វារផ្ទះជនរងគ្រោះយកលុយនិងម៉ូតូទៅបាត់ ហើយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យឲ្យជួយស្រាវជ្រាវរកជនសង្ស័យ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះកម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវយ៉ាងយូរ ទើបដឹងថាជនសង្ស័យពីរនាក់ខាងលើនេះជាជនដៃដល់ ទើបឈានដល់ឃាត់ខ្លួនបានម្នាក់ និងរត់រួចម្នាក់ ។
បច្ចុប្បន្នជនសង្ស័យដែលបានឃាត់ខ្លួនបាន កំពុងឃុំខ្លួននៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី និងកំពុងស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ទៀតដែលកំពុងគេចខ្លួនជាបន្តទៀត ៕ ប្រាថ្នា