ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ០៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណ:ប្រតិភូក្រសួងអញ្ជើញមកការពារសេចក្តីព្រាងច្បាប់ស្តីពី “ការបង្កើតអង្គការបណ្តាញអន្តរ ជាតិសម្រាប់ឫស្សី និងផ្តៅ” នៅវិមានព្រឹទ្ធសភាដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
ជាកិច្ចចាប់ផ្ដើម លោក បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណ:កម្មការទី០៣ នៃព្រឹទ្ធសភាបានអានសេចក្តីថ្លែងហេតុ និងជម្រាបជូនអង្គប្រជុំនូវប្រវត្តិ និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះដែលមានន័យទាក់ពីទម្រង់ បែបបទរដ្ឋបាល ខ្លឹមសារ និងអត្ថន័យស៊ីជម្រៅពាក់ព័ន្ធនីតិវិធីច្បាប់(ជាតិ និងអន្តរជាតិ) និងបច្ចេកទេស និងជាពិសេសគោលបំណងនៃសេចក្តីព្រាងច្បាប់នេះ។ សេចក្តីព្រាងច្បាប់នេះមាន ២២មាត្រា ដែលគ្របដណ្តប់លើខ្លឹមសារពិស្តារជុំវិញ÷ ទី១. នីតិវិធីរដ្ឋបាលនៃអង្គការបណ្តាញអន្តរជាតិឫស្សី និងផ្តៅ ទី២. នីតិវិធីច្បាប់ ទី៣. នីតិវិធីបច្ចេកទេស ទី៤. ហិរញ្ញវត្ថុ និងដំណោះស្រាយបញ្ហា ឬវិវាទ។ល។ ឯកឧត្តមបណ្ឌិតបានថ្លែងបញ្ជាក់បន្ថែមថាតាមរយៈកិច្ចព្រមព្រៀងនេះកម្ពុជានឹងទទួលបាន÷ ទី១-កិច្ចសហប្រតិបត្តិការអន្តរជាតិមួយដ៏ល្អដើម្បីពង្រឹងសមត្ថភាពក្នុងការដាំដុះ ថែរក្សា ការពារ ប្រមូលផល និងធ្វើការកែច្នៃ ក្នុងទិសដៅអភិវឌ្ឍធនធានឫស្សី និងផ្តៅប្រកបដោយនិរន្តរភាព។ ទី២- ថែរក្សា និងអភិរក្សវប្បធម៌ដ៏ប្រពៃនៃការប្រើប្រាស់ធនធានឫស្សី និងផ្តៅដ៏មានតម្លៃផ្នែកសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋដែលពឹងអាស្រ័យលើផល និងអនុផលឫស្សី និងផ្តៅទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
បន្ទាប់មកសម្តេចប្រធានព្រឹទ្ធសភាបានដាក់សេចក្តីព្រាងច្បាប់នេះជូនសមាជិក សមាជិកាព្រឹទ្ធសភាពពិនិត្យ ពិភាក្សា ចោទជាសំនួរ ជូនជាមតិ យោបល់ និងអនុសាស៍សំខាន់ៗដើម្បីជាទុនគ្រឹះសម្រាប់ជូនក្រសួងយកទៅអនុវត្តឲ្យបានសមស្របតាមលក្ខណ:គតិយុត្ត បច្ចេកទេស និងជា ពិសេសសមស្របតាមបរិបទនៃការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។ ឯកឧត្ដមរដ្ឋមន្ត្រី បានបកស្រាយយ៉ាងក្បោះក្បាយជូនសម្តេចប្រធាន និងសមាជិក សមាជិកាព្រឹទ្ធសភាជ្រាបជុំវិញចំណោទសួរ និងបានទទួលយកនូវមតិយោបល់ និងអនុសាសន៍ដ៏ល្អពីសមាជិក សមាជិកា ដើម្បីយកទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាពខ្ពស់សម្រាប់ជាប្រយោជន៍ដល់សង្គម សេដ្ឋកិច្ចជាតិ និងភាតរបរិស្ថាន។ បន្ទាប់ពីបានពិភាក្សាលើសេចក្តីព្រាងច្បាប់នេះយ៉ាងផុលផុសរួចមក កិច្ចប្រជុំព្រឹទ្ធសភានីតិកាលទី៤ សម័យប្រជុំលើកទី៣ បានសម្រេចអនុម័តជា ស្ថាពរលើសេចក្តីព្រាងច្បាប់ស្តីពី “ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ” ដោយទទួលបានសម្លេងគាំទ្រ ៥៣ លើ ៥៣។
ក្នុងនាមដ៏ខ្ពង់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្រ្តីបានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចវិបុលសេនាភក្តី ប្រធានទ្រឹទ្ធសភា ឯកឧត្តមអនុប្រធាន លោក លោកស្រី សមាជិក សមាជិកា នៃព្រឹទ្ធសភា ដ៏ឧត្តុង្គឧត្តម ដែលបានពិនិត្យ និងអនុម័តយល់ព្រមលើសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតអង្គការបណ្ដាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ ពិសេសដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃអង្គការបណ្ដាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅនាពេលនេះ៕
ដោយ៖ ស រស្មី