ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ទៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់មានក្លិនស្អុយ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ក្នុងភូមិ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ទៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់​កសិកម្ម​មួយ​កន្លែង ​ឋិត​នៅ​ភូមិ​/ឃុំ​ខាងលើ ​ដែល​បាន​បង្ក​ក្លិនស្អុយ​ខ្លាំង​ជះ​មក​លើ​ពួកគាត់​ស្ទើរ​ដក​ដង្ហើម​មិន​រួច​ និង​ប៉ះពាល់​ទៅ​ដល់​សុខភាព​កូនចៅ​របស់​ពួកគាត់​យ៉ាង​ធ្ងន់ធ្ងរ​ ធ្វើឲ្យ​ពួកគេ​បាត់បង់​សិទ្ធិ​ក្នុង​ការ​រស់នៅ​ប្រកបដោយ​ផាសុកភាព​អស់​រយៈពេល​ជាង​១​ឆ្នាំ​មកនេះ។
ប្រជាពលរដ្ឋរស់នៅភូមិខាងលើបាន​ត្អូញត្អែរ​ ​ពួកគាត់​មិន​ហាម​ឃាត់​ថា ​មិនឲ្យ​កសិដ្ឋាន​ខាងលើ​ចិញ្ចឹម​មាន់​កសិកម្ម​នោះទេ ​តែ​ពួកគាត់​សំណូមពរ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ធ្វើយ៉ាងណា​កុំឲ្យ​មាន​ក្លិនស្អុយ​ខ្លាំង​ជះ​មកលើ​ពួកគាត់​ដែល​ជា​ពលរដ្ឋ​ដូចគ្នា​ ដែល​រស់នៅ​ភូមិ​ផង​របង​ជាមួយ ​ពិសេស​ប៉ះពាល់​មកដល់​កូនចៅ​តូចៗ​របស់​ពួកគាត់​ និង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត​ដែល​រស់នៅ​ក្បែរ​គ្នា​ក្នុង​ភូមិ​ផង​របង​ជាមួយ​។ដូច្នេះ សុំ​ឲ្យ​អាជ្ញាធរ​ភូមិ​/ឃុំ ​និង​អាជ្ញាធរ​ស្រុក​ជួយ​ដោះស្រាយ​ទៅលើ​ការ​ប៉ះពាល់​នេះ​ផង​កុំឲ្យប្រជាពលរដ្ឋ​ស្រូប​យក​ក្លិនស្អុយ​ ខ្លាំង​ទាំងយប់​ទាំង​ថ្ងៃ​បែបនេះ ព្រោះអស់​រយៈពេល​ជាង​១​ឆ្នាំមកហើយ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​ខាងលើ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ជាធំ​ ដោយ​មិន​គិតពី​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដូចគ្នា​នោះទេ​។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ ​លោក​ទូច​ ស្វាង ​មេឃុំ​អន្លង់​វិល​បានឲ្យ​ដឹងថា​ ពេលដែល​លោក​ទទួល​បាន​ព័ត៌មាន​នេះ​ហើយ​ លោក​នឹង​ឲ្យ​​មន្ត្រី​ក្រោម​ឱវាទ​លោក​ចុះទៅពិនិត្យ​មើល ​រួច​ហៅ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​មកជួប​គ្នា​ ដើម្បី​ដោះស្រាយ​ ដោយ​លោក​ទទួលស្គាល់ថា ​បញ្ហា​បរិស្ថាន ​និង​បញ្ហា​សុខ​ភាពជា​រឿង​សំខាន់​ ត្រូវតែ​យកចិត្តទុកដាក់​ចំពោះ​ផលប៉ះពាល់​ទាំងនេះ​ ដើម្បី​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យបានប្រសើរ ៕​

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print