ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានស្នើឲ្យអាជ្ញាធរជួយអន្តរាគមន៍ទៅកសិដ្ឋានចិញ្ចឹមមាន់កសិកម្មមួយកន្លែង ឋិតនៅភូមិ/ឃុំខាងលើ ដែលបានបង្កក្លិនស្អុយខ្លាំងជះមកលើពួកគាត់ស្ទើរដកដង្ហើមមិនរួច និងប៉ះពាល់ទៅដល់សុខភាពកូនចៅរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យពួកគេបាត់បង់សិទ្ធិក្នុងការរស់នៅប្រកបដោយផាសុកភាពអស់រយៈពេលជាង១ឆ្នាំមកនេះ។
ប្រជាពលរដ្ឋរស់នៅភូមិខាងលើបានត្អូញត្អែរ ពួកគាត់មិនហាមឃាត់ថា មិនឲ្យកសិដ្ឋានខាងលើចិញ្ចឹមមាន់កសិកម្មនោះទេ តែពួកគាត់សំណូមពរឲ្យម្ចាស់កសិដ្ឋានធ្វើយ៉ាងណាកុំឲ្យមានក្លិនស្អុយខ្លាំងជះមកលើពួកគាត់ដែលជាពលរដ្ឋដូចគ្នា ដែលរស់នៅភូមិផងរបងជាមួយ ពិសេសប៉ះពាល់មកដល់កូនចៅតូចៗរបស់ពួកគាត់ និងប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតដែលរស់នៅក្បែរគ្នាក្នុងភូមិផងរបងជាមួយ។ដូច្នេះ សុំឲ្យអាជ្ញាធរភូមិ/ឃុំ និងអាជ្ញាធរស្រុកជួយដោះស្រាយទៅលើការប៉ះពាល់នេះផងកុំឲ្យប្រជាពលរដ្ឋស្រូបយកក្លិនស្អុយ ខ្លាំងទាំងយប់ទាំងថ្ងៃបែបនេះ ព្រោះអស់រយៈពេលជាង១ឆ្នាំមកហើយម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខាងលើគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនជាធំ ដោយមិនគិតពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋដូចគ្នានោះទេ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោកទូច ស្វាង មេឃុំអន្លង់វិលបានឲ្យដឹងថា ពេលដែលលោកទទួលបានព័ត៌មាននេះហើយ លោកនឹងឲ្យមន្ត្រីក្រោមឱវាទលោកចុះទៅពិនិត្យមើល រួចហៅភាគីពាក់ព័ន្ធទាំងអស់មកជួបគ្នា ដើម្បីដោះស្រាយ ដោយលោកទទួលស្គាល់ថា បញ្ហាបរិស្ថាន និងបញ្ហាសុខភាពជារឿងសំខាន់ ត្រូវតែយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ទាំងនេះ ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យបានប្រសើរ ៕
ដោយ៖ សហការី