គ្រូពេទ្យ​ឯកជន ​និង​អ្នកលក់​ឱសថ​សូម​កុំ​លក់​ថ្នាំ​គ្មាន​វេជ្ជបញ្ជា ខណៈឆ្នាំនេះអ្នកស្លាប់ដោយជំងឺគ្រុនឈាមច្រើនជាងឆ្នាំមុន​

ចែករំលែក៖

ភ្នំពេញ ​៖​ ​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​បណ្ដុះបណ្ដាល ស្ដីពី «​ការគ្រប់គ្រង ថែទាំ និង​ព្យាបាល​ជំងឺ​គ្រុន​ឈាម​» កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​អំពាវនាវ​ដល់​គ្រូពេទ្យ​ឯកជន ​និង​អ្នកលក់​ថ្នាំ​នៅតាម​ឱសថ​ស្ថាន​ទាំងអស់ ​សូម​កុំ​លក់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ និង​ផ្សំ​ថ្នាំ​ផ្ដេសផ្ដាស​ពិសេស​អ្នកជំងឺ​គ្រុនឈាម​ព្រោះថា​ជំងឺ​នេះ​វា​ខុសប្លែក​ពី​ជំងឺ​ដទៃទៀត ​ដែល​ត្រូវ​មាន​ការពិនិត្យ​តាមដាន​ និង​វិនិច្ឆ័យ​ ព្រមទាំង​ព្យាបាល​ឲ្យ​បាន​ច្បាស់លាស់សិន​។​
​ថ្លែង លោក​សាស្ត្រាចារ្យ​ បាន​មាន​ប្រសាសន៍​ថា ​កន្លងមក​អ្នកជំងឺ​គ្រុនឈាម​ដែល​គ្រោះថ្នាក់​ដល់​ជីវិត​នោះ ​គឺ​បណ្តាលមកពី​ការ​ព្យាបាល​មិនបាន​ត្រឹមត្រូវ​ដូចជា​ពេល​កូន​ក្ដៅខ្លួន​ព្យាបាល​ដោយ​ខ្លួនឯង និង​ទៅ​ពេទ្យ​ដែល​មិន​មាន​ជំនាញ ឬមួយ​ទៅ​កន្លែង​លក់​ឱសថ ឲ្យ​គេ​ផ្សំ​ឲ្យ​លេប​ដែល​ធ្វើឲ្យ​កើតមាន​បញ្ហា​ពីរ គឺ​ទី​១.​ការ​ប្រើប្រាស់​សេរ៉ូម​ទឹក​ខ្ពស់ ធ្វើឲ្យ​ទឹក​លេច​សួត និង​ទី​២.ប្រើប្រាស់​ថ្នាំ​បញ្ចុះ​កម្ដៅ ដូចជា​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ច្រើន​លើស​ចំណុះ ធ្វើឲ្យ​យើង​ខូច​ថ្លើម ឬ​រលាក​ថ្លើម ដែល​ជំរុញឲ្យ​មាន​ការហូរ​ឈាម​ចេញមក ដែល​បណ្ដាលឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​បាន​។​
​លោក​រដ្ឋមន្ត្រី​បាន​បន្ដ​ថា​ ករណី​ស្លាប់​ដោយ​ជំងឺគ្រុនឈាម​នៅ​តាម​មន្ទីរ ​គឺ​ភាគច្រើន​បណ្តាលមកពី​អ្នកជំងឺ​ទទួលបាន​ការព្យាបាល​រួច​ហើយដោយ​ខ្លួនឯង ឬ​ជាមួយ​ពេទ្យ​ឯកជន​មួយចំនួន ឬ​តាម​ឱសថ​ស្ថាន​ដែល​ផ្សំ​ថ្នាំ តែ​បានធ្វើឲ្យ​ជំងឺ​នោះ កាន់តែ​ធ្ងន់ធ្ងរ​។​ដូច្នេះ ក្រសួង​ នឹង​បន្ដ​ពង្រឹង​ចំណេះដឹង​លើ​ផ្នែក​នេះ​ទៅដល់​គ្រូពេទ្យ​រដ្ឋ​ និង​ឯកជន​ទូទាំងប្រទេស​ ដើម្បី​ឲ្យ​​ពួកគេ​មាន​ចំណេះដឹង​បន្ថែមទៀត​ ក្នុង​ការ​គ្រប់គ្រង​ថែទាំ ព្យា​បាល​អ្នកជំងឺ​គ្រុនឈាម​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធ្វើ​យ៉ាង​ឲ្យ​អត្រា​ស្លាប់​ធ្លាក់​នៅក្រោម ០.២%​។​
​ដោយឡែក លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ក្រសួង មន្ទីរ ឬ​អង្គភាព​ពាក់ព័ន្ធ អង្គការ​សុខភាព​ពិភពលោក អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍​ជាតិ និង​អន្តរជាតិ​ទាំងអស់​ បន្ដ​ជួយឧបត្ថម្ភ គាំទ្រ​ និង​ចូលរួម​ជួយ​អន្តរាគមន៍​ជាមួយ​កម្មវិធី​ជាតិ ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺគ្រុនឈាម នៅតាម​សហគមន៍ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ជៀស​ផុតពី​ជំងឺគ្រុនឈាម​ដែល​អាច​នឹង​ផ្ទុះឡើង​បាន​គ្រប់ពេល​។​
​លោករដ្ឋមន្រ្តីក៏ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ​និង​អាជ្ញាធរ​មូល​ដ្ឋាន ត្រូវ​ចូលរួម​កាត់បន្ថយ និង​ទប់ស្កាត់​ការកកើត​សត្វ​មូស ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលជំហរ​ជា​ប្រជាជន​គំរូ​ ​ប្រកាន់ខ្ជាប់​នូវ​គោលជំហរ​ប្រជាជន​គំរូ មួយរូប គឺ «​ខ្ញុំ និង​គ្រួសារ​ខ្ញុំ ជា​គ្រួសារ​គំរូ ព្រោះ​ផ្ទះ​ខ្ញុំ និង​លំនៅឋាន​របស់ខ្ញុំ គ្មាន​ដង្កូវទឹក​»​។​
​ក្រសួងសុខាភិបាលបញ្ជាក់ថា ជំងឺគ្រុនឈាម​ក្នុង​រយៈពេល​៦​ខែ​ ដើមឆ្នាំ​២០១៩​នេះ​ ដោយ​គិត​ចាប់ពី​ខែមករា​រហូត​ដល់​មិថុនា (​គិត​ត្រឹម​សប្ដាហ៍​ទៅ​២១) មាន​ចំនួន​សរុប ១៣.៨៤៣​ករណី ស្លាប់​២៤​នាក់ (​អត្រា​ស្លាប់​០,២) មានន័យថា ប្រហែល​៥​ដង​ កើនឡើង​ច្រើនជាង​ឆ្នាំ​២០១៨ ដែល​មានតែ ២.៥៣០​ករណី ស្លាប់​៧​នាក់៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print