ភ្នំពេញ ៖ នៅក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាល ស្ដីពី «ការគ្រប់គ្រង ថែទាំ និងព្យាបាលជំងឺគ្រុនឈាម» កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់គ្រូពេទ្យឯកជន និងអ្នកលក់ថ្នាំនៅតាមឱសថស្ថានទាំងអស់ សូមកុំលក់ថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ និងផ្សំថ្នាំផ្ដេសផ្ដាសពិសេសអ្នកជំងឺគ្រុនឈាមព្រោះថាជំងឺនេះវាខុសប្លែកពីជំងឺដទៃទៀត ដែលត្រូវមានការពិនិត្យតាមដាន និងវិនិច្ឆ័យ ព្រមទាំងព្យាបាលឲ្យបានច្បាស់លាស់សិន។
ថ្លែង លោកសាស្ត្រាចារ្យ បានមានប្រសាសន៍ថា កន្លងមកអ្នកជំងឺគ្រុនឈាមដែលគ្រោះថ្នាក់ដល់ជីវិតនោះ គឺបណ្តាលមកពីការព្យាបាលមិនបានត្រឹមត្រូវដូចជាពេលកូនក្ដៅខ្លួនព្យាបាលដោយខ្លួនឯង និងទៅពេទ្យដែលមិនមានជំនាញ ឬមួយទៅកន្លែងលក់ឱសថ ឲ្យគេផ្សំឲ្យលេបដែលធ្វើឲ្យកើតមានបញ្ហាពីរ គឺទី១.ការប្រើប្រាស់សេរ៉ូមទឹកខ្ពស់ ធ្វើឲ្យទឹកលេចសួត និងទី២.ប្រើប្រាស់ថ្នាំបញ្ចុះកម្ដៅ ដូចជាថ្នាំប៉ារ៉ាសេតាម៉ុល ច្រើនលើសចំណុះ ធ្វើឲ្យយើងខូចថ្លើម ឬរលាកថ្លើម ដែលជំរុញឲ្យមានការហូរឈាមចេញមក ដែលបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិតបាន។
លោករដ្ឋមន្ត្រីបានបន្ដថា ករណីស្លាប់ដោយជំងឺគ្រុនឈាមនៅតាមមន្ទីរ គឺភាគច្រើនបណ្តាលមកពីអ្នកជំងឺទទួលបានការព្យាបាលរួចហើយដោយខ្លួនឯង ឬជាមួយពេទ្យឯកជនមួយចំនួន ឬតាមឱសថស្ថានដែលផ្សំថ្នាំ តែបានធ្វើឲ្យជំងឺនោះ កាន់តែធ្ងន់ធ្ងរ។ដូច្នេះ ក្រសួង នឹងបន្ដពង្រឹងចំណេះដឹងលើផ្នែកនេះទៅដល់គ្រូពេទ្យរដ្ឋ និងឯកជនទូទាំងប្រទេស ដើម្បីឲ្យពួកគេមានចំណេះដឹងបន្ថែមទៀត ក្នុងការគ្រប់គ្រងថែទាំ ព្យាបាលអ្នកជំងឺគ្រុនឈាមនេះឲ្យមានប្រសិទ្ធភាព ដើម្បីធ្វើយ៉ាងឲ្យអត្រាស្លាប់ធ្លាក់នៅក្រោម ០.២%។
ដោយឡែក លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ក្រសួង មន្ទីរ ឬអង្គភាពពាក់ព័ន្ធ អង្គការសុខភាពពិភពលោក អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ជាតិ និងអន្តរជាតិទាំងអស់ បន្ដជួយឧបត្ថម្ភ គាំទ្រ និងចូលរួមជួយអន្តរាគមន៍ជាមួយកម្មវិធីជាតិ ប្រយុទ្ធនឹងជំងឺគ្រុនឈាមដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម នៅតាមសហគមន៍ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជៀសផុតពីជំងឺគ្រុនឈាមដែលអាចនឹងផ្ទុះឡើងបានគ្រប់ពេល។
លោករដ្ឋមន្រ្តីក៏ បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរជាប្រជាជនគំរូ ប្រកាន់ខ្ជាប់នូវគោលជំហរប្រជាជនគំរូ មួយរូប គឺ «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅឋានរបស់ខ្ញុំ គ្មានដង្កូវទឹក»។
ក្រសួងសុខាភិបាលបញ្ជាក់ថា ជំងឺគ្រុនឈាមក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ ដោយគិតចាប់ពីខែមករារហូតដល់មិថុនា (គិតត្រឹមសប្ដាហ៍ទៅ២១) មានចំនួនសរុប ១៣.៨៤៣ករណី ស្លាប់២៤នាក់ (អត្រាស្លាប់០,២) មានន័យថា ប្រហែល៥ដង កើនឡើងច្រើនជាងឆ្នាំ២០១៨ ដែលមានតែ ២.៥៣០ករណី ស្លាប់៧នាក់៕
ដោយ៖ ប្រាថ្នា