ភ្នំពេញ៖ រឿងរ៉ាវ លោក ហុង ហ្ស៊ែន ថៅកែដំឡើងឆាកតន្រ្តីខនសឺត ដែលប្រអំពើហិង្សា និងតែងតាមយាយីឈ្នានីសគ្រប់បែបយ៉ាងដាក់ កញ្ញា ប្រាក់ ផាន់នី ហៅប្រាក់ អមរា អាយុ១៩ឆ្នាំ ជាអ្នកចម្រៀងអាជីពរហូតមានរបួសស្នាម ហើយកន្លងមកដោយសារនាងទ្រាំមិនបានក៏ដាក់ពាក្យបណ្តឹងនៅតាមមូលដ្ឋានដោះស្រាយមិនចេញនោះ មកដល់ពេលនេះសំណុំរឿងនេះបានមកដល់សាលាដំបូងរាជធានីភ្នំពេញហើយ បន្ទាប់ពីការដោះស្រាយតាមប្រព័ន្ធច្បាប់នៅសមត្ថកិច្ចមូលដ្ឋានមិនបានលទ្ធផល ។
កញ្ញា ប្រាក់ ផាន់នី បានប្រាប់ឲ្យដឹងថា បណ្តឹងរបស់នាង ដែលប្តឹងទៅសមត្ថ កិច្ចកងរាជអាវុធហត្ថខណ្ឌដង្កោ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងករណីឈ្មោះ ហុង ហ្ស៊ែន ប្រើអំពើហិង្សាឃោឃៅមកលើនាងបណ្តាលឲ្យមានរបួសស្នាមនិងចាត់ទុកជាការ រំលោភលើសិទ្ធិស្រ្តីយ៉ាងធ្ងន់ធ្ងរ ជាការមិនរាងចាលមិនទាន់ផុតអាជ្ញាកាលនៃបទល្មើស ដែលត្រូវបូកផ្សំបទល្មើសចាស់និងថ្មីឡើយ។បណ្តឹងរបស់នាងមិនត្រូវមានដំណោះស្រាយសមស្របនោះទេ ដូច្នេះនាង ត្រូវការរកប្រព័ន្ធច្បាប់នៅតុលាការម្តង ។
ទាក់ទិនករណីនេះ លោក ខេមរៈ ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិ តិជន កងរាជអាវុធហត្ថរាជធានីបានប្រាប់អង្គភាពកាសែតនគរវត្ត កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ថា ដោយសារតែភាគីទាំងពីរមិនមានការសម្របសម្រួលគ្នានោះ លោកបានបញ្ជូនសំណុំរឿងនេះទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមច្បាប់ច្រើនថ្ងៃមកហើយ ។លោកថា រឿងនេះផុតពីដៃលោកហើយ បើចង់ដឹងសូមទៅទាក់ទងនៅសាលាដំបូងរាជធានីភ្នំពេញ ។
យ៉ាងណាក្នុងរឿងរ៉ាវនេះក្រុមអ្នកច្បាប់បាននិយាយថា យោងតាមការរៀបរាប់និងបង្ហាញភស្តុតាងរបស់នារីរងគ្រោះខាងលើនេះ លោក ហុង ហ្ស៊ែន អាចជាប់ពាក់ព័ន្ធបទល្មើសពីរដែលត្រូវបូកផ្សំបញ្ចូលគ្នាគឺទី១ពីបទរុកកួនខាងផ្លូវភេទ ហិង្សាមានស្ថានទម្ងន់ទោស និងទី២ បទល្មើសប្រព្រឹត្តដដែលៗដោយមិនរាងចាល មានស្ថានទម្ងន់ទោស ហើយនៅក្នុងក្រមព្រហ្មទណ្ឌថ្មីត្រង់មាត្រា២១៨ ចែងថា ៖ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ ៤.០០០.០០០ រៀល ទៅ ១០.០០០.០០០រៀល កាលបើអំពើហឹង្សានេះបានប្រព្រឹត្ត ១-ដោយមានការគិតទុកជាមុន ។ ២- ឲ្យប្រើអាវុធ ឬគម្រាមកំហែង
ដោយអាវុធ។ ៣-ដោយមានមនុស្សច្រើននាក់ ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងអ្នកសមគំនិត។ ពោលបានន័យថា ជាការប្រព្រឹត្តហិង្សាឃោឃៅមិនរាងចាលមិនទាន់ផុតអាជ្ញាកាលនៃបទល្មើស ដែលត្រូវបូកផ្សំបទល្មើសចាស់និងដើម្បីដាក់បន្ទុកនោះឡើយ។
កញ្ញា ប្រាក់ ផាន់នី បានបា្រប់ថា មានតែតុលាការទេដែលផ្តល់ភាពយុត្តិធម៌ដល់នាងជាស្រ្តីភេទទន់ខ្សោយគ្រាដែលមនុស្សប្រុសមានកម្លាំងពេញប្រើហិង្សា និងធ្វើទារុណកម្មមកលើនាង។ ដូច្នេះនាងសង្ឃឹមថាតុលាការពិតជាមានសុភវិនិច្ឆ័យ កាត់ក្តីដោយយុត្តិធម៌សម្រាប់នាង៕ ប្រាថ្នា