ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពីបេីកប្រតិបត្តិការ បង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ក្រាបក្នុងរូបភាពទ្រង់ទ្រាយធំ ចាប់ឃាត់មនុស្ស០៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង៤០គ្រឿង។
ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើមកដល់ពេលនេះ រកឃេីញរថយន្តដឹកឈើល្មើសច្បាប់ចំនួន៤គ្រឿងទៀត នៅក្នុងព្រៃជ្រៅ ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិធ្វើការកម្ទេចចោលនៅនឹងកន្លែងដោយប្រើម្សៅ TNT។ សម្រាប់រថយន្តល្មើសជាង៤០គ្រឿងទៀត ដែលត្រូវបានបង្ក្រាប និងរឹបអូសទុក រង់ចាំការកាត់និងបំផ្លាញចោលនៅពេលក្រោយ។
នេះបេីយោងតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានថ្លែងប្រាប់ដល់បណ្តាអ្នកសារព័ត៌មាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ។
លោកបញ្ជាក់ថា ចំពោះសំណុំរឿងនៃការចាប់ ខ្លួនលោកឧក ញ៉ា ស៊ឹង សំអុល និងបក្ខពួក ៣នាក់ផ្សេងទៀត ដែលរងការចាប់ខ្លួននោះ ត្រូវបានលោកឧត្តមសេនីយ៍អ្នកនាំពាក្យអះអាងថា អាចផ្ទេរមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ៕ ដោយ ៖ ជាយក្រុង