ខេត្តបន្ទាយមានជ័យ ៖ ឪពុកនិងកូន៣នាក់ រងរបួសធ្ងន់ស្រាល ដោយសាររថយន្តក្រុងដឹកភ្ញៀវរបស់ក្រុមហ៊ុនរិទ្ធិមុន្នី ចេញពីក្រុងប៉ោយប៉ែត ឆ្ពោះទៅកាន់រាជធានីភ្នំពេញឡើង ជែងកៀរម៉ូតូមួយគ្រឿងកាលពីវេលាម៉ោង១២ និង៤៥នាទីថ្ងៃទី១០ ខែកក្តដា ឆ្នាំ ២០១៩ នៅលើផ្លូវជាតិលេខ៥ ឋិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ជនរងគ្រោះ១.ឈ្មោះ ប៉ី ឡី ភេទប្រុស អាយុ៤៤ឆ្នាំ (អ្នកបើកបរម៉ូតូ) ២.ឈ្មោះ ឡី ស្រីម៉ៅ ភេទស្រី អាយុ៦ឆ្នាំ (អ្នករួមដំណើរ) ៣.ឡី លីន ភេទប្រុស អាយុ៣ឆ្នាំ (អ្នករួមដំណើរ)។អ្នកទាំងបីនាក់ជាឪពុកកូននឹងគ្នា រស់នៅក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទយមានជ័យ ។
អ្នកឃើញហេតុការណ៍ប្រាប់ថា មុនកើតហេតុមានរថយន្តក្រុងដឹកភ្ញៀវមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3F-7778 ពណ៌ខៀវលាយស បើកបរក្នុងគោលដៅពីលិចទៅកើតស្របជាមួយម៉ូតូជនរងគ្រោះ ម៉ាកឌ្រីម ស៊េរីឆ្នាំ ២០០១ ពណ៌ក្រហម គ្មានស្លាកលេខ ដល់ចំណុចកើតហេតុរថយន្តឡើងវ៉ាជែងម៉ូតូ ទាក់ដៃចង្កូតដួលបណ្តាលឲ្យដួលឪពុកកូន៣នាក់រងរបួសធ្ងន់ស្រាលតែម្ដង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ចំណែកតៃកុងរថយន្តរត់គេចបាត់បន្សល់រថយន្តកន្លែងកើតហេតុ រីឯម៉ូតូនិងរថយន្តត្រូវសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរងចាំការដោះចាត់ការតាមផ្លូវច្បាប់៕វណ្ណា