រថភ្លើងពីរគ្រឿងបុកគ្នា នៅប៉ាគីស្ថាន បណ្តាលឲ្យមានអ្នកស្លាប់ជាង ១០នាក់និងរបួសជាង៥០ នាក់ ។ ក្រុមអ្នកជំនាញបានព្យាករណ៍ថា និងមានអ្នកស្លាប់កាន់តែច្រើន ដោយមានអ្នករងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់។
ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថាន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩បានផ្សាយថា រថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញបានពន្លះគ្នា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ស្ថិតនៅភាគខាងកើតទីក្រុង Rahim Yar Khan ប៉ាគីស្ថានស្លាប់មនុស្ស១០នាក់ និងជាង៥០នាក់រងរបួស ។
ប្រព័ន្ធផ្សព្វផ្សាយដដែលបន្តថា រថភ្លើងដឹកអ្នកដំណើរកំពុងឆ្ពោះទៅកាន់ភាគនិរតីទីក្រុង Quetta ខណៈកំពុងត្រឡប់ពីភាគខាងកើតទីក្រុង Lahore ។ ទៅដល់កន្លែងកើតហេតុស្រាប់តែបុកជាមួយរថភ្លើងដឹកទំនិញតែម្តងនៅស្ថានីយរថភ្លើង Walhar ទីក្រុង Rahim Yar Khan ភាគនិរតីខេត្ត Punjab ប្រទេសប៉ាគីស្ថាន ។
ប៉ូលិស និងក្រុមជួយសង្គ្រោះបានសម្រុកទៅកាន់កន្លែងកើតហេតុ ឃើញទូរថភ្លើងជាច្រើនទូបានធ្លាក់ចេញពីផ្លូវដែក ដោយសារតែហេតុការណ៍បុកគ្នានេះ ។
មូលហេតុរថភ្លើងបុកគ្នានេះ បាននិងកំពុងស៊ើបអង្កេត ។ អ្នករងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជិតកន្លែងកើតហេតុ ។ ក្រុមគ្រូពេទ្យនិយាយថា ជនរងគ្រោះបាត់បង់ជីវិតទំនងកើនឡើងជាងនេះ ខណៈដែលអ្នករងរបួសធ្ងន់មានចំនួនច្រើន ។ ការចរាចរណ៍តាមផ្លូវដែកត្រូវបានប្រកាសផ្អាកបណ្តោះអាសន្នក្រោយហេតុការណ៍ខាងលើនេះកើតឡើងភ្លាម ៕