ខេត្តព្រះវិហារៈ អាជ្ញាធរស្រុកជាំក្សាន្តខេត្តព្រះវិហារ បានចុះបិទទីតាំងលក់និងចាក់ថ្នាំខុសច្បាប់ចំនួន៤កន្លែងដោយដកហូតឱសថផុតការប្រើប្រាស់បាន ចំនួន៤៦មុខ បន្ទាប់ ពីដឹងថា មានយុវសិស្សម្នាក់បានប្រើថ្នាំហួសកាលបរិច្ឆេទប្រើប្រាស់បណ្តាលឲ្យប្រតិកម្មថ្នាំប៊ិះស្លាប់។
ការចុះបិទទីតាំងលក់ និងចាក់ថ្នាំខុសច្បាប់ ធ្វើឡើង កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅមូលដ្ឋានឃុំកន្តួតនិងឃុំស្រអែមបានចំនួន៦ករណី។ក្នុងនោះបានបិទបញ្ឈប់នៅឃុំស្រលើម ចំនួន ៤ករណី ដែលមានម្ចាស់ទីតាំងឈ្មោះ ស៊ុ ថាវី, ប៊ុល សាវី, គាបូរី, និងប៊ូ សីលា និងនៅឃុំកន្តួតបាន ២ករណី ដែលមានម្ចាស់ទីតាំងឈ្មោះ ស៊ុ ម៉ាប់ និងព្រំ សិទ្ធសុគន្ធ។ ក្នុងការចុះបិទឱសថក្លែងក្លាយនោះ ក្រុមការងារក៏បានដកហូតឱសថ ហួសសុពលភាពប្រើប្រាស់ចំនួន៤៦មុខផងដែរដើម្បីយកមករក្សាទុកនៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត។ក្រុមការងារក៏កំពុងដំណើការបិទកន្លែងលក់ថ្នាំព្យាបាលដោយគ្មានកាអនុញ្ញាតក្នុងស្រុកជាំក្សាន្តជាង ២០កន្លែងទៀតផង។
ជាមួយគ្នានេះ ក្រុមការងា ក៏បាននាំយកថវិកាសប្បុរសជននិងក្រុមការងារចំនួន២លានរៀលជូនដល់យុវសិស្សក្រីក្ររងគ្រោះដោយសារប្រើថ្នាំហូសឌើទ្បេដែលមានម្តាយទីទាល់ក្រ។ ចំណាត់ការរបស់អាជ្ញាធរខាងលើនេះ បានធ្វើឡើងភ្លាមៗ ជាការឆ្លើយតបទៅនឹងហេតុការណ៍យុវជនម្នាក់បានរងគ្រោះប៊ឹះស្លាប់ ដោយសារតែគ្រូពេទ្យបានប្រើថ្នាំហួសកាលបរិច្ឆេទបណ្តាលឲ្យប្រតិកម្មរលាកស្បែកខ្លាំង ៕