សម្ពាធទាប បណ្តាលឲ្យភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុកតំបន់ជាច្រើនក្នុងប្រទេស ឥណ្ឌា ពិសេសគឺតំបន់ភាគខាងត្បូង ប្រឈមនិងគ្រោះទឹកជំនន់ទ្រង់ទ្រាយធំ ។ រដ្ឋាភិបាលបានប្រកាសអាសន្ន ឈានដល់កម្រិតក្រហម ដែលជាកម្រិតខ្ពស់បំផុត ក្នុងចំណោមកម្រិតប្រកាសអាសន្ន។ ដោយភ្លៀងនៅតែបន្តធ្លាក់ខ្លាំងមិនមានការថយចុះឡើយ។
នៅតំបន់ភាគខាងកើតរដ្ឋ Bihar និងតំបន់ភាគខាងកើត របស់ប្រទេសឥណ្ឌា ស្ថានភាពទឹកជំនន់កាន់តែធ្ងន់ធ្ងរទៅៗផងដែរ ។ កងម្លាំងទាហានឥណ្ឌាត្រូវបានអំពាវនាវឲ្យចេញធ្វើប្រតិបត្តិការ ជួយសង្គ្រោះប្រជាជន និងសត្វពាហនៈដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងតំបន់ទាំងនោះ ។ ផ្ទៃដីដំណាំកសិកម្ម ប្រហែល៨០០ហិកតា រងការលិចលង់ខូចខាត ។ មនុស្សម្នានាំគ្នាភៀសខ្លួនចាកចេញពីលំនៅឋានរាប់សិបពាន់នាក់ ។
ប្រភពព័ត៌មាននានាបានផ្សាយថា ជនរងគ្រោះបាត់បង់ជីវិតនៅក្នុងតំបន់ភាគខាងកើត រដ្ឋ Bihar ប្រទេសឥណ្ឌា ដោយសារតែគ្រោះទឹកជំនន់នេះ បានកើនឡើង៧៨នាក់ហើយ ។
នៅក្នុងរដ្ឋ Assam ភាគខាងជើងឥណ្ឌានោះវិញ ស្រុកចំនួន២៨ ក្នុងចំណោម៣៣ស្រុក ត្រូវទឹកជំនន់ជន់លិចទាំងស្រុង បង្កឲ្យប្រជាជនជាង៥.៤លាននាក់បាត់បង់ទីជម្រក ។ នៅទីនោះ គ្រោះទឹកជំនន់នេះ បណ្តាលឲ្យស្លាប់មនុស្ស៣៦នាក់ ។ សត្វព្រៃជាច្រើនដទៃទៀតនៅក្នុងតំបន់នេះ ប្រឈមនឹងហានិភ័យដោយសារតែគ្រោះទឹកជំនន់នេះផងដែរ ។
នាយកដ្ឋានឧតុនិយមឥណ្ឌាបានចេញប្រកាសអាសន្នពណ៌ក្រហម នៅស្រុកចំនួនបី ស្ថិតនៅភាគខាងត្បូងរដ្ឋ Kerala ។ ការប្រកាសអាសន្នកម្រិតក្រហមនោះ មានរយៈពេល២ទៅ៣ថ្ងៃខាងមុខនេះ ។ ខេត្តមួយនេះ កាលពីឆ្នាំ២០១៨ គ្រោះទឹកជំនន់បណ្តាលឲ្យស្លាប់មនុស្សរាប់រយនាក់ និងបាត់បង់ទីជម្រកជាង ២០០,០០០នាក់ ៕
ដោយ៖ មែវ សាធី