បើទោះបីរដ្ឋាភិបាលអុីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានយន្តហោះគ្មានមនុស្សបើកណាមួយ ត្រូវទាហានជើងទឹកអាមេរិកបាញ់ទម្លាក់ដូចការប្រកាសរបស់លោកត្រាំនោះឡើយ ។ ក៏ប៉ុន្តែនៅពេលនេះ អាមេរិកនៅតែអះអាងថាបានបាញ់ធ្លាក់យន្តហោះដ្រូនអុីរ៉ង់ ដដែល។
អុីរ៉ង់បានប្រកាសថាមិនមានយន្តហោះគ្មានមនុស្សបើក ណាមួយបាត់ខ្លួននោះឡើយ ក្រោយពេលអាមេរិកប្រកាសថាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អុីរ៉ង់ ។ នៅពេលនេះរដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោក Abbas Araqchi បានប្រកាសថានាវាចម្បាំងអាមេរិក អាចនឹងបាញ់ច្រឡំយន្តហោះគ្មានមនុស្សបើករបស់ខ្លួនឯងផ្ទាល់។
អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់បានប្រកាសនៅថ្ងៃ ទី១៩ ខែកក្កដាថា ប្រធានាធិបតី អាមេរិកដូណាលត្រាំបានប្រកាសថានាវាចម្បាំងអាមេរិកបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក របស់អុីរ៉ង់នៅតំបន់សមុទ្រ ពែក្ស ក្រោយយន្តហោះនេះ មិនខ្វល់ពីការព្រមានរបស់ទាហានអាមេរិក។
ប៉ុន្តែកម្លាំងទាហានអុីរ៉ង់បានបញ្ជាក់ថា យើងមិនមាន យន្តហោះគ្មានមនុស្សបើកណាមួយធ្វើសកម្មភាពនៅដែនសមុទ្រ ពែក្សនោះឡើយ ។ ការបាញ់ប្រហារនោះអាចជាការបាញ់ច្រឡំទៅលើយន្តហោះរបស់ខ្លួនឯងតែប៉ុណ្ណោះ ។
សារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ បានផ្សាយថាលោក ដូណាល់ ត្រាំ បានបន្តអះអាងថា យន្តហោះដ្រូនមួយគ្រឿង របស់ ប្រទេសអុីរ៉ង់ ពិតជាត្រូវបាននាវាយោធាអាមេរិកបាញ់ទម្លាក់ប្រាកដមែន។ ចំណែកអុីរ៉ង់វិញ បានចុះផ្សាយវីដេអូដែលបញ្ជាក់ថា ការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោន គឺមិនមែនជាការពិតឡើយ។
ឆ្លើយតបសំណួរពីក្រុមអ្នកកាសែត ពាក់ព័ន្ធការបាញ់ទម្លាក់យន្តហោះដ្រូនអុីរ៉ង់ នៅឯការិយាល័យក្នុងសេតវិមាន លោក ដូណាល់ ត្រាំ បាននិយាយដូច្នេះថា «គ្មានមន្ទិលសង្ស័យចំពោះរឿងនេះឡើយ គឺយើងបានបាញ់ទម្លាក់វាប្រាកដណាស់»។ រីឯ លោក Jonh Bolton ជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ ដែលមានវត្តមាននៅទីនោះដែរ ក៏បានបន្ទរតាមក្រោយថា មិនបាច់ឆ្ងល់ទេ វាគឺជា យន្តហោះដ្រូនរបស់អុីរ៉ង់ ហើយនាវាអាមេរិក USS Boxer បានបាញ់កម្ទេចវាចោល។
គួរជម្រាបថា បើតាមការឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍របស់លោក ត្រាំ យន្តហោះដ្រូនអុីរ៉ង់ ត្រូវបានបាញ់ទម្លាក់នៅតំបន់ច្រកសមុទ្រ Hormuz គឺដោយសារតែវាហោះមកកៀកនិងនាវាយោធាអាមេរិកពេក ហើយមិនខ្វល់ពីការព្រមានជាច្រើនដងថែមទៀត។ យ៉ាងណា មិញ នាថ្ងៃដដែលនោះ ទីក្រុងតេហេរ៉ង់ បានប្រកែកថា យន្តហោះដ្រូនអុីរ៉ង់ដែលធ្វើប្រតិបត្តិការនៅច្រកសមុទ្រ Hormuz គឺពុំមាន បាត់មួយគ្រឿងណាឡើយ ហើយនៅកន្លែងផ្សេងទៀតក៏ដូចគ្នាដែរ។ បន្ថែមពីនេះ មន្រ្តីអុីរ៉ង់ក៏បានលើកឡើងថា អាមេរិកប្រហែលជា បានច្រឡំបាញ់ដ្រូនខ្លួនឯង។
រីឯនាថ្ងៃសុក្រសប្តាហ៍នេះវិញ អុីរ៉ង់ក៏បានបញ្ចេញឃ្លីបវីដេអូដែលថតបានដោយយន្តហោះដ្រូន ដែលធ្វើប្រតិបត្តិការនៅលើដែន អាកាសនៃច្រកសមុទ្រ Hormuz ថែមទៀត។ ឃ្លីបវីដេអូដែលចុះផ្សាយដោយស្ថានីយទូរទស្សន៍អុីរ៉ង់ PressTV បង្ហាញឲ្យឃើញ ថា យន្តហោះដ្រូនអុីរ៉ង់បានបញ្ចប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់នោះ ហើយត្រឡប់មកបន្ទាយវិញដោយសុវត្ថិភាព មុនការបង្ហាញ វត្តមានរបស់នាវាយោធាអាមេរិកទៅទៀត៕
ដោយ៖ មែវ សាធី