អាមេរិកនិងកូរ៉េខាងត្បូង នៅតែបន្តគម្រោងធ្វើសមយុទ្ធ ដែលបានគ្រោងទុក គឺនៅខែសីហាខាងមុខ។ ប៉ុន្តែភាគីទាំងពីរបានប្រកាសថាសមយុទ្ធនោះមិនប៉ះពាល់ដល់ កិច្ចពិភាក្សាស្តីពីការរំសាយបរមាណូនោះឡើយ ដោយសមយុទ្ធធ្វើឡើងទ្រង់ទ្រាយតូចប៉ុណ្ណោះ ។
ក្នុងពេលជាមួយគ្នានេះដែរ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅត្រួតពិនិត្យ នាវាមុជទឹក ផលិតដោយបច្ចេកវិទ្យាកូរ៉េខាងជើងផ្ទាល់ ។ តាមសារព័ត៌មានរបស់កូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ថា មេដឹកនាំគីម ជុងអ៊ុន បានចុះត្រួតពិនិត្យដោយផ្ទាល់ នាវាមុជទឹកមួយគ្រឿងដែលទើបផលិតបានថ្មីៗ ។ ប្រភពបានបញ្ជាក់ថា មេដឹកនាំប្រទេសនេះ បានគូសបញ្ជាក់នូវសមត្ថភាពប្រកបដោយយុទ្ធសាស្ត្រ និងប្រព័ន្ធអាវុធដែលអាចបំពាក់នៅលើនាវាមុជទឹកនេះ ។
សារព័ត៌មានដដែលបានផ្សាយថា នាវាមុជទឹកនេះ ផលិតឡើងក្រោមការយកចិត្តទុកដាក់ជាពិសេស របស់មេដឹកនាំ គីម ហើយវា នឹងត្រូវបានដាក់ឲ្យដំណើរការប្រតិបត្តិការ ស្ថិតនៅសមុទ្រភាគខាងកើតរបស់ខ្លួន ឬដែលស្គាល់ថា ជាសមុទ្រជប៉ុននោះ ។
ប្រភពព័ត៌មានមិនបានបញ្ជាក់ អំពីប្រភេទអាវុធអ្វីខ្លះ ដែលបានបំពាក់នៅលើនាវាមុជទឹកនេះ ឬពេលវេលាណាមួយនោះ ដែលការត្រួតពិនិត្យរបស់មេដឹកនាំកូរ៉េខាងជើង បានធ្វើឡើងនោះឡើយ។
លោកគីម ជុងអ៊ុន បានបង្ហាញនូវសោមនស្សរីករាយជាទីបំផុត ចំពោះការផលិតបាននាវាមុជទឹកប្រភេទថ្មីនេះ ។ សារព័ត៌មានដដែល បានផ្សាយលោក គីម ជុងអ៊ុន បានថ្លែងថា «នេះជាប្រភេទនាវាមុជទឹកប្រកបដោយថាមពលរបស់យើង»។ លោកគីម បានបន្តថា នៅក្នុងប្រទេសមួយដែលភាគខាងកើត និងភាគខាងលិចប្រទេស ឡោមព័ទ្ធទៅដោយសមុទ្រនោះ, សមត្ថភាពប្រតិបត្តិការរបស់នាវាមុជទឹក គឺមានសារៈសំខាន់បំផុតមួយនៅក្នុងការការពារជាតិ ។
លោក គីម បានបន្តថា កូរ៉េខាងជើង គួរតែបន្តអភិវឌ្ឍន៍សមត្ថភាពការពារជាតិរបស់ខ្លួន ដោយចាត់ទុកថា ជាអាទិភាពដ៏ចម្បងជាងគេនៅក្នុងការអភិវឌ្ឍ និងការបំពាក់អាវុធដល់កងកម្លាំងជើងទឹក ក្នុងនោះមានរួមបញ្ចូលនាវាមុជទឹកផងដែរ ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានបន្តថា លោក គីម បានប្រគល់តួនាទីភារកិច្ចការពារជាតិ និងវិទ្យាសាស្ត្រទៅឲ្យមន្ត្រីដែលអមដំណើរជាមួយលោក ព្រមទាំងការផ្តួចផ្តើមសម្រេចនូវយុទ្ធសាស្ត្របន្ថែមទៀត ក្នុងការប្រើប្រាស់នាវាមុជទឹកនេះ ៕
ដោយ៖ មែវ សាធី