អាមេរិកនិងកូរ៉េខាងត្បូងត្រៀមធ្វើសមយុទ្ធ ..មេដឹកនាំកូរ៉េខាងជើងទៅត្រួតពិនិត្យនាវាមុជទឹក

ចែករំលែក៖

អាមេរិកនិងកូរ៉េខាងត្បូង នៅតែបន្តគម្រោងធ្វើសមយុទ្ធ ដែលបានគ្រោងទុក គឺនៅខែសីហាខាងមុខ។ ប៉ុន្តែភាគីទាំងពីរបានប្រកាសថាសមយុទ្ធនោះមិនប៉ះពាល់ដល់ កិច្ចពិភាក្សាស្តីពីការរំសាយបរមាណូនោះឡើយ ដោយសមយុទ្ធធ្វើឡើងទ្រង់ទ្រាយតូចប៉ុណ្ណោះ ។

ក្នុងពេលជាមួយគ្នានេះដែរ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅត្រួតពិនិត្យ នាវាមុជទឹក ផលិតដោយបច្ចេកវិទ្យាកូរ៉េខាងជើងផ្ទាល់ ។ តាមសារព័ត៌មានរបស់កូរ៉េខាងជើង​ KCNA បានផ្សាយ​នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ថា មេដឹកនាំគីម ជុងអ៊ុន បានចុះត្រួតពិនិត្យ​ដោយផ្ទាល់ នាវាមុជទឹក​មួយគ្រឿងដែលទើបផលិត​បានថ្មីៗ ។ ប្រភពបានបញ្ជាក់ថា មេដឹកនាំ​ប្រទេសនេះ​ បានគូសបញ្ជាក់​នូវសមត្ថភាព​ប្រកបដោយយុទ្ធសាស្ត្រ និង​ប្រព័ន្ធអាវុធ​ដែលអាចបំពាក់​នៅលើ​នាវាមុជទឹកនេះ ។

សារព័ត៌មានដដែលបានផ្សាយថា នាវាមុជទឹកនេះ​ ផលិតឡើង​ក្រោមការ​​យកចិត្តទុកដាក់ជាពិសេស​ របស់មេដឹកនាំ គីម ហើយវា នឹងត្រូវបានដាក់ឲ្យដំណើរការ​ប្រតិបត្តិការ​ ស្ថិតនៅសមុទ្រ​ភាគខាងកើតរបស់ខ្លួន ឬដែលស្គាល់ថា ជាសមុទ្រជប៉ុននោះ ។

ប្រភពព័ត៌មាន​មិនបានបញ្ជាក់ អំពីប្រភេទ​អាវុធ​អ្វីខ្លះ ដែលបានបំពាក់​នៅលើនាវាមុជទឹកនេះ ឬពេលវេលាណា​មួយនោះ ដែលការត្រួតពិនិត្យរបស់មេដឹកនាំកូរ៉េខាងជើង ​បានធ្វើឡើងនោះឡើយ។

លោកគីម ជុងអ៊ុន បានបង្ហាញនូវសោមនស្សរីករាយជាទីបំផុត​ ចំពោះការ​ផលិត​បាននាវាមុជទឹកប្រភេទ​ថ្មីនេះ ។ សារព័ត៌មាន​ដដែល​ បានផ្សាយ​លោក គីម ជុងអ៊ុន បានថ្លែងថា «នេះជា​ប្រភេទនាវាមុជទឹកប្រកបដោយថាមពលរបស់យើង»។ លោកគីម បានបន្តថា នៅក្នុងប្រទេសមួយ​ដែល​ភាគខាងកើត និងភាគខាងលិច​ប្រទេស ឡោមព័ទ្ធទៅដោយ​សមុទ្រនោះ, សមត្ថភាពប្រតិបត្តិការ​របស់នាវាមុជទឹក ​គឺ​មានសារៈសំខាន់បំផុត​មួយ​នៅក្នុងការការពារជាតិ ។

លោក គីម បានបន្តថា កូរ៉េខាងជើង គួរតែបន្តអភិវឌ្ឍន៍សមត្ថភាពការពារជាតិរបស់ខ្លួន ដោយចាត់ទុកថា ជាអាទិភាពដ៏ចម្បង​ជាងគេនៅក្នុងការអភិវឌ្ឍ​ និងការបំពាក់​អាវុធ​ដល់​កងកម្លាំងជើងទឹក ក្នុងនោះមានរួមបញ្ចូល​នាវាមុជទឹកផងដែរ ។

ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋកូរ៉េខាងជើង​បានបន្តថា លោក គីម បានប្រគល់តួនាទី​ភារកិច្ចការពារជាតិ និងវិទ្យាសាស្ត្រ​ទៅឲ្យមន្ត្រី​ដែលអមដំណើរជាមួយលោក ព្រមទាំងការផ្តួចផ្តើមសម្រេចនូវ​យុទ្ធសាស្ត្រ​បន្ថែមទៀត​ ក្នុងការប្រើប្រាស់នាវាមុជទឹកនេះ ៕

ដោយ៖ មែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print