យានស្រាវជ្រាវភពព្រះច័ន្ទរបស់ឥណ្ឌានិងចុះចតឋានព្រះច័ន្ទ ជាលើកដំបូង

ចែករំលែក៖

ក្រុមអ្នកវិទ្យាសាស្ត្រឥណ្ឌា បង្ហាញក្តីសង្ឃឹមថា យានស្រាវជ្រាវ របស់ខ្លួននឹងចុះចតនៅឋានព្រះច័ន្ទដោយជោគជ័យ ក្លាយជាប្រទេសទី​៤នៅលើពិភពលោក បានបញ្ជូនយានចុះនៅឋានព្រះច័ន្ទបន្ទាប់ពី អាមេរិក សូវៀតនិងចិន​។

យានអវកាសដែលឥណ្ឌាបានបញ្ជូនទៅនៅថ្ងៃទី ២២ខែកក្កដា គឺយានChandrayaan-2 ត្រូវឆ្លងកាត់ការធ្វើដំណើររយៈពេលវែងនៅលើលំហរអាកាសរហូតដល់ទៅ​​៤៨ថ្ងៃ ទើបទៅដល់និងចុះចតនៅឋានព្រះច័ន្ទ​។ ក្រុមអ្នកវិទ្យាសាស្ត្រឥណ្ឌាសង្ឃឹមថា នឹងចុះចតដោយជោគជ័យ​លើភពព្រះច័ន្ទ ។

កាលពីល្ងាចថ្ងៃ ទី​២២ ខែកក្កដា ក្រុមអ្នកវិទ្យាសាស្ត្រឥណ្ឌា បានបាញ់បញ្ជូនយានស្រាវជ្រាវ​ Chandrayaan-2 ឡើងទៅកាន់ឋានព្រះច័ន្ធ ដោយជោគជ័យ​ក្រោយ ការផ្អាកជិតមួយសប្តាហ៍បណ្តាលមកពី បញ្ហាបច្ចេកទេស​។

ក្រុមវិទ្យាសាស្ត្រ ឥណ្ឌាបានប្រើប្រាស់ រ៉ុក្កែត​ មានទម្ងន់ ដល់ទៅ៦៤០តោន ប្រភេទ GSLV-MK-III​ ​ដើម្បីបញ្ជូនយាន Chandrayaan-2 ចេញពីទំនាញផែនដី។ ​នៅក្នុងយានអវកាស នៅមានយានសម្រាប់ចុះចតនៅលើឋានព្រះច័ន្ទមានឈ្មោះ​ Vikram ក្រៅពីនេះនៅមានយានចល័ត Praygyaan ​និងផ្កាយរណប ​​Orbiter ​ក្នុងការបញ្ជូនទិន្នន័យមកផែនដី​វិញ។

យានស្រាវជ្រាវរបស់ឥណ្ឌាបានចាកចេញពីផែនដីដែលនៅវេលាម៉ោង ១៤និង៤៣នាទីរសៀលថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងញូដេលី) ពីមជ្ឈមណ្ឌលអវកាសឥណ្ឌា Satish Dhawan Space Centre ស្ថិតនៅក្នុងតំបន់ Sriharikota ជាប់ដែនសមុទ្របឹងហ្គាល់ ភាគខាងកើតប្រទេស។ ឥណ្ឌាជាប្រទេសទី​៣ ហើយដែលបានបញ្ជូនយានស្រាវជ្រាវទៅកាន់ឋានព្រះច័ន្ទ ក្នុងឆ្នាំ​២០១៩ បន្ទាប់ពីបេសកកម្ម Chang’e-4 របស់ប្រទេសចិន កាលពីខែមករាដើមឆ្នាំនេះ និងបេសកកម្ម Beresheet របស់ប្រទេសអ៊ីស្រាអែល កាលពីខែមេសា។ ខណៈ Chang’e-4 របស់ចិន បានចុះចតដោយជោគជ័យ។ ចំណែកយាន Beresheetរបស់អ៊ីស្រាអែល​បរាជ័យ ដោយត្រូវធ្លាក់ខ្ទេច នៅលើផ្ទៃព្រះច័ន្ទ កំឡុងពេលព្យាយាមចុះចត។

មកទល់ពេលនេះមានប្រទេស ៣ធំៗប៉ុណ្ណោះនៅលើពិភពលោកដែលមានយានចុះ​ទៅដល់លើផ្ទៃព្រះច័ន្ទដោយជោគជ័យ ក្នុងនោះគឺអតីតសហភាពសូវៀត (រុស្ស៊ី) សហរដ្ឋអាមេរិក និងចិន។ រីឯឥណ្ឌាពេលនេះកំពុងប្រឹងប្រែងឲ្យក្លាយជាប្រទេសទី ៤។ គោលដៅចម្បងរបស់ Chandrayaan-2 គឺដើម្បីបង្ហាញពីសមត្ថភាពនៃការចុះចតយ៉ាងរលូន នៅលើផ្ទៃព្រះច័ន្ទ និងការធ្វើប្រតិបត្តិការយានរ៉ូបូត នៅលើផ្ទៃរបស់ព្រះច័ន្ទផ្ទាល់។ សម្រាប់គោលដៅវិទ្យាសាស្ត្រវិញរួមមាន ការសិក្សាអំពីសារធាតុដីលើព្រះច័ន្ទ សារធាតុរ៉ែផ្សេងៗ ទឹកក្រោមផ្ទៃព្រះច័ន្ទ និងដានទឹកកកនៅប៉ូលខាងត្បូងរបស់ព្រះច័ន្ទ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print