ខេត្តបន្ទាយមានជ័យ៖ ស្ទឹងដ៏ធំចំនួន២គឺស្ទឹងសិរីសោភ័ណនិងស្ទឹងមង្គលបុរី ខេត្តបន្ទាយមានជ័យ ជាស្ទឹដែលមានសារៈសំខាន់ក្នុងកាផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ ដែលមានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារកំពុងពឹងអាស្រ័យផលប្រើប្រាស់លើទឹកស្ទឹងទាំងពីរនេះ តាមរយៈនៃការផ្គត់ទឹករបស់ក្រុមហ៊ុនផលិតទឹកស្អាត។
បច្ចុប្បន្នត្រូវគេមើលឃើញថា បាននិងប្រឈមភាពរីងស្ងួតនៅពេលឆាប់ៗខាងមុខ ខណៈដែលរដូវប្រាំងរាំងស្ងួតហួតហែង ធ្វើឱ្យទឹកស្ទឹងទាំងពីរ និងស្ទឹងមួយចំនួនទៀតក្នុងខេត្តបន្ទាយមានជ័យកំពុងតែរីងស្ងួតទឹកជាបណ្តើរហើយ ។ បញ្ហាព្រួយបារម្មប្រឈមកង្វះទឹកប្រើប្រាស់សម្រាប់ប្រជាជនស្រុកមង្គលបុរីនិងក្រុងសិរីសោភ័ណនេះ ខណៈដែលនៅឆ្នាំ២០១៥នៅ ខេត្តបន្ទាយមានជ័យបានជួបគ្រោះរាំងស្ងួតធ្វើឱ្យតំបន់មួយចំនួនខ្វះទឹកប្រើប្រាស់និងស្រោចស្រពផលដំណាំរបស់ប្រជាជន។
បញ្ហាប្រឈមខាងលើធ្វើឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យមានការយកចិត្តទុកដាក់ខ្ពស់ បានប្រញ៉ាប់ដឹកនាំក្រុមមន្ត្រីជំនាញពាក់ព័ន្ធដាក់ចេញវិធានការទប់ស្ទឹងសិរីសោភ័ណ និងស្ទឹងមង្គលបុរី ដែលគេចាត់ទុកថាជាស្ទឹងដ៏ធំនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីស្តុកទឹកទុក សម្រាប់ការផ្គត់ផ្គង់ ដោះស្រាយបញ្ហាកង្វះទឹកនោះ។
វិធានការចុះបិទទឹកស្ទឹងមង្គលបុរី និងស្ទឹងសិរីសោភ័ណ បានធ្វើឡើងជាបន្តបន្ទាប់នៅថ្ងៃទី២០ខែធ្នូនៅស្ទឹងសិរីសោភ័ណនិងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នៅស្ទឹងមង្គលបុរីក្រោមការដឹកនាំត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់មន្ត្រីជំនាញ ពីសំណាក់ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងថា ក្រោយពីមានការណែនាំពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងមានការអនុញ្ញាតពី លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានចាត់ឲ្យលោក ដឹកនាំមន្ត្រីជំនាញចុះទៅពិនិត្យសិក្សា និងបិទស្ទឹងសិរីសោភ័ណ និងស្ទឹងមង្គលបុរី សម្រាប់ស្តុកទឹកកុំឱ្យហូរទៅផ្នែកខាងក្រោមដើម្បីរក្សាទឹកទុកដោះស្រាយតម្រូវការចាំបាច់ របស់ប្រជាជនស្រុកក្រុងទាំងពីរនេះ។
លោក បានប្រាប់ឱ្យដឹងទៀតថា បើតាមមន្ត្រីជំនាញព្យាករណ៍ឱ្យដឹងថាចាប់ពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ ក្រុងសិរីសោភ័ណ និងស្រុកមង្គលបុរីប្រឈមខ្វះទឹកប្រើប្រាស់ ប្រសិនមិនមានវិធានការទប់ស្កាត់ទឹកឱ្យបានជាមុននោះ។
លោក លី សារី អភិបាលរងខេត្ត បានអំពាវនាវឱ្យប្រជាជនត្រូវប្រើប្រាស់ទឹកមានការសន្សំសំចៃកុំខ្ជះខ្ជាយ និងអំពាវប្រជាពលរដ្ឋកុំពង្រីកការធ្វើស្រែប្រាំងបន្ថែមទៀត បើកាលណាប្រជាជននាំគ្នាធ្វើស្រូវប្រាំងបន្ថែមហើយនាំគ្នាបូមទឹកស្ទឹងយកទៅស្រោចស្រពធ្វើឱ្យបញ្ហាប្រឈមកង្វះទឹកកាន់តែប្រឈមខ្លាំងឡើង ៕ វិច្ឆិកា