ខេត្តកំពង់ចាម ៖ សូមកោតសរសេីរដល់កម្លាំងសមត្ថកិច្ច ក្នុងការអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព បេីមិនមានវិធានការទប់ស្កាត់ទាន់ពេលទេ អ្នកជនបទច្បាស់ជាអាចនឹងត្រូវញៀនថ្នាំដូចអ្នកក្រុង ដែលភ្លេីតភ្លេីនមួយចំនួនជាក់ជាមិនខាន ។
តាមព័ត៌មានអោយដឹងថា ជនសង្ស័យបានយកថ្នាំញៀនចេញពីភ្នំពេញ មកលក់ចែកចាយក្នុងភូមិស្រាស្ត្រខេត្តកំពង់ចាម ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ស្រាវជ្រាវចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ រហូត២១នាក់ឯណោះ ។
តាមការអោយដឹងពីលោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាមអោយដឹងថា មនុស្ស២១ នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីពួកគេបានដើរលក់ថ្នាំញៀនតាមជនបទ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ។
លោកបន្តថា ដោយមានការសម្របសម្រួលពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម មានការសហការគ្នា រវាងកម្លាំងប៉ូលិសខេត្តកំពង់ចាម និងរាជធានីភ្នំពេញ ទេីបកម្លាំងឈានទៅរកការឃាត់ខ្លួនបាន៤ករណី ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា ផ្តេីមជាដំបូង អ្នកជួញថ្នាំញៀនបានដើរលក់ថ្នាំញៀន នៅចំណុចភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើ៎យឃាត់ខ្លួនដំបូង ពួកគេប្រាប់ថា យកថ្នាំញៀនមកពីភ្នំពេញ ហើយកម្លាំងជំនាញយើងបន្តស្រាវជ្រាវ សហការជាមួយកម្លាំងប៉ូលិស អធិការដ្ឋានខណ្ឌច្បារអំពៅ និងខណ្ឌជ្រោយចង្វារ ទើបឃាត់ខ្លួនបានបន្តបន្ទាប់ ដែលពួកគេ យកថ្នាំញៀន ចេញពីភ្នំពេញ មក លក់ចែកចាយ ភូមិស្រាស្ត្រ ខេត្តកំពង់ចាម ។
បន្ទាប់ពីឃាត់ខ្លួន កម្លាំងរឹបអូសវត្ថុតាងរួមមាន ៖ ម្សៅសម៉ត់២២កញ្ចប់ ថ្នាំទឹក២៨ដប ថ្នាំគ្រាប់(ពណ៌បៃតង៤៦គ្រាប់ ពណ៌ដី០១គ្រាប់ ពណ៌លឿង០៥គ្រាប់) ជញ្ជីង០១គ្រឿង ដាវ០២ដើម ម៉ូតូ០៥គ្រឿង និងទូរស័ព្ទ០២ គ្រឿង ។
នគរបាលបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ នឹងបញ្ជួនខ្លួន ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នឹងបន្តស្វែងរកបក្ខពួក នឹងកន្លែងផលិតថ្នាំញៀន បន្តទៀត ៕ ដោយ ៖វណ្ណៈ