ខេត្តមណ្ឌលគិរី៖ ឃ្លាំងស្តុកឈើមួយកន្លែងត្រូវបានកម្លាំងគណៈកម្មការថ្នាក់ជាតិចុះពិនិត្យនិងនាំខ្លួនម្ចាស់ទៅសួនាំនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត។
ការចុះពិនិត្យនិងនាំខ្លួនម្ចាស់ឃ្លាំងនោះកម្លាំកងរាជអាវុធហត្ថផ្ទៃប្រទេសបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ១២ រោច ខែអាសាឍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនិងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។
តាមប្រភពបានឱ្យដឹងថា៖ ទីតាំងស្តុកឈើនិងសិប្បកម្មនោះជារបស់ឈ្មោះ សួន គឹមហេង ភេទស្រី ដែលមានវត្ថុធាតុដើមឈើជាមធ្យមភាគ១០០ម៉ែត្រត្រីគុណក្នុងរយៈពេល១ឆ្នាំក្រោមការផ្គត់ផ្គង់ឈើពីក្រុមហ៊ុនវិជ្ជរី អុីមផត អុិចផត។
ក្នុងប្រតិបត្តិការពិនិត្យទីតាំងសិប្បកម្មនោះ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យម្ចាស់សិប្បកម្មឈ្មោះ សួន គឹមហេង ឆ្លើយបញ្ជាក់នៅមុខគណៈកម្មការថ្នាក់ជាតិនោះផងដែរ។
ការត្រួតពិនិត្យនេះបើផ្អែកតាមប្រភពថាឈើទាំងអស់បានដឹកមកទុកនៅក្នុងឃ្លាំងនោះមានចំនួន២រថយន្តយីឌុប ស្មើនិងឈើចំនួន១៧០ដុំ។
សិប្បកម្មខាងលើ គេពុំបានសង្កេតឃើញមានម៉ាសុីនឬរណា ព្រមទាំងសម្ភារៈបម្រើដល់ការអាជ្រៀកឈើនោះទេ។
ទោះជាយ៉ាងណាតំណាងម្ចាស់សិប្បកម្មត្រូវបានគណៈកម្មការថ្នាក់ជាតិ នាំខ្លួនពីស្រុកកែវសីមាទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដើម្បីបន្តការសាកសួរបន្ថែម។
ករណីបទល្មើសព្រៃឈើបើតាមរបាយការសរុបលទ្ធផលយុទ្ធនាការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ និងការទន្ទ្រានដីរដ្ឋគិតត្រឹមថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០១៩បានបង្ហាញថា
បង្រ្កាបបទល្មើសព្រៃឈើចំនួន០៧ លើក បញ្ជូនជនសង្ស័យ ០៦នាក់ ទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី និងបានបំផ្លាញចោលរថយន្តប៉ាកុង ០៣គ្រឿង, និងរ៉ឺម៉កកែច្នៃ ០២គ្រឿង។
ប្រមូលបានឈើល្មើសចម្រុះចំនួន ២១៩ដុំ, ឈើអុសក្រាក់ ១០ម៉ែត្រគូប, ឈើអារចម្រុះ ៦,១៨ម៉ែត្រគូប, ឈើស្រឡៅ ៣០ដុំ, ឈើអុសមិនទាន់វាស់វែង ។
ក្នុងនោះមានខេត្តកំពង់ស្ពឺ, កំពង់ឆ្នាំង, ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី,ឧត្តរមានជ័យ។
សកម្មភាពត្រួតពិនិត្យទីតាំងសិប្បកម្មកែច្នៃឈើ០៤ លើក មានច្បាប់ មួយទីតាំង, អត់ច្បាប់ ១៥ទីតាំងមានខេត្តកំពង់ឆ្នាំង ព្រះវិហារ និងខេត្ត បន្ទាយមានជ័យផងដែរ៕
ដោយ ៖ជីវ័ន្ត