ភ្នំពេញ៖ អគារសិក្សា១ខ្នង៧បន្ទប់នៃវិទ្យាល័យហ៊ុន សែនប៊ុន រ៉ានីអរុណវតី ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ បានបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៤ធ្នូ ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូត ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោក គូម៉ាម៉ារ៉ូ យូជិ បានអោយដឹងថា អគារសិក្សា១ខ្នង៧បន្ទប់នៃវិទ្យាល័យហ៊ុន សែនប៊ុនរ៉ានីអរុណវតី នេះជាអំណោយរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ អគារនេះជាការបង្ហាញពីទំនាក់ទំនងរបស់ប្រទេសកម្ពុជានិងជប៉ុន ហើយកិច្ចសហប្រតិបត្តិការនេះ នឹងបន្តជាមួយកម្ពុជាជាបន្តទៀត។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានសម្តែងការកោតសរសើរនិងដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុនដែលបានជួយមកកម្ពុជាលើគ្រប់វិស័យ ។ កម្ពុជា និងជប៉ុនបានភ្ជាប់ទំនាក់ទំនងគ្នាយូមកហើយ ហើយទំនាក់ទំនងនេះបានផ្តល់ប្រយោជន៍ជាច្រើនមកកម្ពុជា។
លោកបន្តថា៖ ប្រទេសជប៉ុនចាប់តាំងពីឆ្នាំ១៩៩៨មកបានជួយរាជធានីភ្នំពេញនូវគម្រោងជាច្រើន ក្នុងនោះរួមមានគម្រោងការពារទឹកជំនន់ កែលំអរប្រព័ន្ធលូជំហានទី៣ ដែលគម្រោងនេះបានបញ្ចប់ហើយក្រោមការបើកសម្ពោធដាក់អោយប្រើប្រាស់ដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយនៅពេលនេះយើងកំពុងបន្តចាប់ផ្តើមគម្រោងការពារគម្រោងការពារទឹកជំនន់ជំហានទី៤ទៀត។
លោកអភិបាលបន្តថា ៖ អ្នកជំនាញរបស់ប្រទេសជប៉ុនបានប្រមើលមើលនិងជួយកម្ពុជាតាំងពី៣០ឆ្នាំមុន ពីបញ្ហាទឹកជំនន់និងបញ្ហាការកកស្ទះចរាចរ ដែលយើងមិនបាននឹកដល់ ដោយរាជធានីភ្នំពេញបានប្រឈមយ៉ាងខ្លាំងលើបញ្ហាចរាចរនេះ ។ ចំពោះបញ្ហានេះប្រទេសជប៉ុនក៏បានរៀបចំផែនការដឹកជញ្ជូននៅរាជធានីថែមទៀត គឺបានបង្កើតជាខ្សែរថរបស់រថយន្តក្រុង ការផ្តល់ស្តុបប្រមាន១០០គ្រឿងបន្ថែមទៀត ដែលធ្វើអោយរាជធានីភ្នំពេញរបស់យើងកាត់បន្ថយបានការកកស្ទះចរាចរបានមួយកម្រិតបន្ថែមទៀត។ ក្រៅពីជួយបញ្ហាខាងលើនេះហើយនោះ ប្រទេសជប៉ុននូវបានជួយលើវិស័យអប់រំបន្ថែមទៀត ដោយជប៉ុនបានជួយកសាងសាលារៀននិងសម្ភារៈសិក្សាជាច្រើនទៀត ។ ជាក់ស្តែងសម្រាប់ពេលនេះ ប្រទេសជប៉ុនបានផ្តល់អគារសិក្សា១ខ្នង៧បន្ទប់នៅវិទ្យាល័យហ៊ុន សែនប៊ុនរ៉ានីអរុណវតី ដែលយើងបើកសម្ពោធដាក់អោយប្រើប្រាស់នៅពេលនេះដើម្បីអោយក្មួយៗបានសិក្សារឿនសូត្រ ។
លោកបន្តថា អគារនេះមានតម្លៃ១០ម៉ឺនដុល្លារអាមេរិក តែសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សចេញពីសាលារៀននេះមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ ៕
ដោយ៖ សំរិត