ខេត្តកណ្តាល៖ ស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងកាប៊ីនរថយន្តកូរ៉េដែលខ្លួនជិះ បន្ទាប់ពីរថយន្តកូរ៉េខាងលើនេះបើកចូលទៅបុកគូថរថយន្តបែនធុនធំដឹកខ្សាច់ ដែលបែកកង់ឈប់ស្ងៀមក្បែរចិញ្ចើមផ្លូវជាតិលេខ១ កាលពីវេលាម៉ោង៤ និង១០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥៥-៥៦ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ហេង ចាន់រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជា អ្នកដើរទិញ-លក់ត្រី មានទីលំនៅក្នុងភូមិព្រែកខ្សាយ(ក) ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ស្ត្រីរងគ្រោះរួមដំណើរជាមួយរថយន្តដឹកត្រី ម៉ាកKIA ចំណុះ១.៥តោន ពណ៌ខៀវ ពាក់ស្លាក់លេខភ្នំពេញ 2AF-6327 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ។ ចំណែកឯរថយន្តបែនដឹកខ្សាច់នោះម៉ាក KIA ពណ៌បៃតងចាស់ ពាក់ស្លាក់លេខ ភ្នំពេញ 3A 8019 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណក្រោយពីកើតហេតុរត់គេចខ្លួនបាត់ដូចគ្នា ។
ប្រភពដដែលបានបន្តថា នៅមុនពេកើតហេតុសាក្សីបានឃើញរថយន្តដឹកខ្សាច់បើកបរតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅពីជើងទៅត្បូង លុះបើកដល់ចំណុចកើតហេតុរថយន្តដឹកខ្សាច់ខាងលើនេះបានបែកកង់ក្រោយចំហៀងខាងស្តាំ ខណៈនោះអ្នកបើកបរបានបើករថយន្តអែបក្បែរចិញ្ចើមផ្លូវ ដោយបានបើភ្លើងស៊ីញ៉ូសុំផ្លូវនិងដាក់មែកឈើធ្វើជាស្លាកសញ្ញាត្រឹមត្រូវ ទើបធ្វើការដោះដូរកង់រថយន្ត ។ គ្រានោះស្រាប់តែមានរថយន្តដឹកត្រីបើកមកពីក្រោយបុកគូថរថយន្តដឹកខ្សាច់ពេញមួយទំហឹង បណ្តាលឲ្យកាប៊ីនរថយន្តដឹកត្រីរួញចូលគ្នាធ្វើឲ្យស្ត្រីដែលជាអ្នករួមដំណើរស្លាប់ យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តទាំង២គ្រឿង បាននាំគ្នាដោះស្បែកជើងរត់គេចខ្លួនបាត់ស្រមោល។ ចំណែកឯរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចប៉ូលិសដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
នគរបាលចរាចរណ៍បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយអ្នកបើកបររថយន្តដឹកត្រី បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដឹកខ្សាច់ដែលបែកកង់ឈប់ស្ងៀមក្បែរចិញ្ចើមផ្លូវ ៕
ដោយ៖ ស្អាងជ័យ