ភ្នំពេញ៖ បុរសម្នាក់សង្ស័យបែកថ្នាំបានចូលទៅក្នុងមន្ទីរពេទ្យ(មិត្តភាពខ្មែរសូវៀត) ប៉ុនប៉ងលួចកាបូបលុយនិងទូរស័ព្ទដៃបុគ្គលិកពេទ្យមិនទាន់បានផងត្រូវសន្តិសុខអ្នកយាមតាមទាន់ចាប់បាន វាយយ៉ាងដំណំទ្រមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះនួន រតនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិកប្រាកដ ស្នាក់សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានឈ្មោះ ហូវ ផៅវ៉ារី ភេទស្រីអាយុ៥០ឆ្នាំ ជាគ្រូពេទ្យនៅអគារវះកាត់ ស្នាក់នៅផ្ទះលេខ១Eo សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុជនសង្ស័យខាងលើ បានដើរចូលទៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត តាំងពីព្រឹករហូតដល់ម៉ោង៨យប់ ។ ជនសង្ស័យក៏ដើរឡើងទៅជាន់ទី៣ហើយចូលទៅក្នុងបន្ទប់បុគ្គលិកស្រី ដែលយាមប្រចាំការ២៤ម៉ោង នៅក្នុងបន្ទប់ទុកសម្ភារៈមានកាបូប និងរបស់របរពេទ្យស្តារស្រីៗ ដែលមិនមានអ្នកណានៅក្នុងបន្ទប់នោះទេ ។ ទើបជនសង្ស័យបានដើរចូលទៅក្នុងបន្ទប់នោះ ប្រទះឃើញកាបូបរបស់គ្រូពេទ្យស្រី ហើយកំពុងតែឆែកឆេរកលុយ ធ្វើឲ្យគ្រូពេទ្យស្រីម្នាក់ដែលនៅក្នុងបន្ទប់ទឹកដឹងថា មានគេកំពុងតែរុះរើឥវ៉ាននៅក្នុងបន្ទប់នោះ ក៏ទូរស័ព្ទហៅសន្តិសុខមន្ទីរពេទ្យ មកជួយអន្តរគមន៍មកចាប់ឃាត់ខ្លួនបានភ្លាមៗតែម្តង ហើយក៏នាំគ្នាព្រួតវាយមួយដៃមួយជើងម្នាក់ បែកមុខបែកមាត់ទើបប្រគល់ឲ្យសមត្ថកិច្ច ។
ក្រោយកើតហេតុជនសង្ស័យមិនទាន់បានលួចរបស់របរអ្វីនោះទេ តែជនរងគ្រោះក៏មិនបានដាក់ពាក្យបណ្តឹងទេ ទុកឱ្យប៉ុស្តិ៍រដ្ឋបាលនគរបាលទំនប់ទឹក ដើម្បីអប់រំជនសង្ស័យកុំឱ្យធ្វើដូច្នេះទៀត ៕
...
ដោយ៖ ស រស្មី