បវរកញ្ញាចក្រវាឡរបស់ប្រទេសកូឡុំប៊ី កញ្ញា Ariadna Gutierrez មិនបានលេបថ្នាំសម្លាប់ខ្លួនដូចការការផ្សព្វផ្សាយរបស់បណ្តាញព័ត៌មានមួយចំនួននោះឡើយ ។ កញ្ញា Ariadna Gutierrez អាយុ២១ឆ្នាំ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ត្រូវសារព័ត៌មាន the telegraph ដកស្រង់សម្តីមកចុះផ្សាយថា នាងមានសេចក្តីសុខណាស់នៅពេលដែលនាំកេរឈ្មោះជូនប្រទេសរបស់នាង បើទោះបីជាគ្រងម្កុដបានក្នុងរយៈពេលនាទីយ៉ាងណាក៏ដោយ ។
កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅទីក្រុងឡាសវេហ្គាស់ សហរដ្ឋអាមេរិក មានការប្រកួតប្រជែងបវរកញ្ញាចក្រវាឡឆ្នាំ២០១៥ និងការប្រកាសរង្វាន់ជ័យលាភីលេខ១ ។ នៅក្នុងអំឡុងពេលប្រកាសលទ្ធផលជ័យលាភីលេខ១ នោះ លោក Steve Harvey ពិធីករ និងជាអ្នកកំប្លែងអាមេរិកដ៏ល្បីឈ្មោះ បានប្រព្រឹត្តកំហុសឆ្គងដ៏ធំមួយនាពិធីប្រកាសជ័យលាភីបវរកញ្ញាចក្រវាឡឆ្នាំ២០១៥ ដោយដំបូងឡើយ លោកបានប្រកាសថា បវរកញ្ញាកូឡុំប៊ី Ariadna Gutierrez គឺជាម្ចាស់ម្កុដបវរកញ្ញាចក្រវាឡ ឆ្នាំ២០១៥ ។
ស្របពេលនោះ ខណៈដែលកញ្ញា Ariadna Gutierrez កំពុងសម្តែងក្តីរំភើបជាមួយនឹងការទទួលបានម្កុដ និងអបអរទៅកាន់ទស្សនិកជននានានោះ លោក Steve Harvey បានចេញមុខមកសុំទោសដោយប្រកាសថា បវរកញ្ញាកូឡុំប៊ី គឺជាជ័យលាភីលេខ២ទៅវិញ ។
លោក Steve Harvey បានប្រកាសទទួលរាប់រងនូវកំហុសដ៏ធំរបស់ខ្លួន ហើយស្រែកសារជាថ្មីវិញថា «បវរកញ្ញាចក្រវាឡឆ្នាំ២០១៥ គឺបវរកញ្ញាហ្វីលីពីន» ។ បវរកញ្ញាហ្វីលីពីន Pia Alonzo Wurtzbach ហាក់ដូចជាមានអារម្មណ៍ស្ទាក់ស្ទើរ នៅពេលលឺឈ្មោះរបស់ខ្លួន ហើយទីបំផុតម្កុដនៅលើក្បាលបវរកញ្ញាកូឡុំប៊ី ត្រូវបានផ្ទេរទៅឲ្យបវរកញ្ញាហ្វីលីពីនវិញ។
ព្រឹត្តិការណ៍ខាងលើនេះបានទាក់ទាញការចំណាប់អារម្មណ៍នៅទូទាំងពិភពលោក ។ ស្រពេលជាមួយគ្នានេះ ក៏មានព័ត៌មានចរចាមអារ៉ាមចេញផ្សារផងដែរថា ជ័យលាភីលេខ២បវរកញ្ញាចក្រវាឡឆ្នាំ២០១៥ មកពីប្រទេសកូឡុំប៊ីគឺកញ្ញា Ariadna Gutierrez បានលេបថ្នាំសម្លាប់ខ្លួន ដោយសារអាម៉ាស់មុខចំពោះព្រឹត្តិការណ៍ខាងលើនេះ ។
ប៉ុន្តែទោះបីយ៉ាងណា នៅក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់កញ្ញា Ariadna Gutierrez កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ត្រូវកាសែតល្បីឈ្មោះ the telegraph បានដកស្រងសាររបស់កញ្ញាមកផ្សព្វផ្សាយ៖ បន្ទាប់ពីព្រឹត្តិការណ៍ខាងលើនេះស្ងប់ស្ងាត់ នាងចង់និយាយពាក្យថា អរគុណចំពោះអ្នករាល់គ្នាដែលបានផ្ញើសាមកគាំទ្រ និងលើកកម្លាំងចិត្ត ។ នាងថា នាងមានសំណាងខ្លាំងណាស់ និងសូមថ្លែងអំណរគុណចំពោះការគាំទ្រដែលមិនត្រឹមតែប្រទេសនាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភពលោកទាំងមូលផងដែរ ។ នាងថា នេះជាវាសនា ហើយថា វាសនារបស់នាងគឺបែបនេះ។ កញ្ញា Ariadna Gutierrez បញ្ជាក់ទៀតថា នាងបាននាំមកនូវសេចក្តីសុខជូនប្រទេសរបស់នាង បន្ទាប់ពីគ្រងម្ដុដបវរកញ្ញាឯកចក្រវាឡឆ្នាំ២០១៥ក្នុងរយៈពេល២នាទីយ៉ាងណាក៏ដោយ ៕
https://youtu.be/Z9aRmmWX5XI
ប្រែសម្រួល៖ ថាច់ យ៉ាត