អាមេរិកប្រឈមការបាញ់ប្រហារដល់ទៅ៤លើកក្នុងមួយសប្តាហ៍សម្លាប់មនុស្ស៣៤នាក់និងជាង៥០នាក់រងរបួស ហើយការបាញ់ប្រហារនោះមិនមែន ជាភេរវកម្មឡើង គឺពលរដ្ឋអាមេរិកផ្ទាល់ ដោយមានសិទ្ធិកាន់កាំភ្លើងស្របច្បាប់ទៀតផង។ ដូចករណីបាញ់ប្រហារ នៅ ផ្សារទំនើប ក្នុងតំបន់ El Paso ជាដើម ។ក្រុមសន្តិសុខអាមេរិក បញ្ជាក់ថា ជនដៃដល់គឺប្រើប្រាស់អាវុធដោយស្រាប់ច្បាប់ បានចុះបញ្ជីប្រើប្រាស់ត្រឹមត្រូវ។
សារព័ត៌មាន CNN បានផ្សាយថា ពលរដ្ឋអាមេរិកបានដឹងយ៉ាងច្បាស់ថា ការបាញ់ប្រហារ អាចកើតឡើង គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់ស្ថានភាព ទៅលើមនុស្សគ្រប់រូប ទាំង ស្ត្រីនិងកុមារគ្មានកំហុស…។ ពលរដ្ឋអាមេរិកបានត្រឹមតែ បរិច្ចាគឈាមជួយសង្គ្រោះជងរងគ្រោះតែប៉ុណ្ណោះ និង ដាក់កម្រងផ្កាបួងសួងដល់អ្នកដែលស្លាប់ ទាំងបុរស ស្ត្រីនិងកុមារ ដោយគ្រាប់កំភ្លើង ដោយមិនមានមូលហេតុ ណាមួយឡើយ ។ ទោះបីពលរដ្ឋ បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ប៉ុន្តែ រឿងរ៉ាវបាញ់ប្រហារនៅតែដដែល ។
ទាំងនោះគឺជា លទ្ធផលនៃការ អសមត្ថភាពរបស់រដ្ឋាភិបាលអាមេរិក នៅក្នុងការការពារពលរដ្ឋស្លូតត្រង់ រួចផុតពីការស្លាប់ ដោយគ្មានហេតុផល ។ អំពើហិងក្សាពាក់ព័ន្ធនិង កាំភ្លើង បានបង្កវិវាទជាច្រើនក្នុងថ្នាក់ដឹកនយោបាយអាមេរិក ។ ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ ប៉ុន្តែ លោកមិនបានលើកឡើងពីការសន្យា ណាមួយក្នុងការគ្រប់គ្រង អាវុធនោះឡើយ។
នៅពេលនេះ ថ្នាក់ដឹកនាំនៅក្នុងគណបក្ស សាធារណរដ្ឋនិងប្រជាធិបតេយ្យ បានទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក ពីករណីបាញ់ប្រហារនៅអាមេរិក។ កន្លងមក លោកត្រាំបានទម្លាក់កំហុសទៅឲ្យគណបក្សប្រជាធិបតេយ្យ ។ចំណែក បក្សប្រជាធិបតេយ្យវិញទម្លាក់កំហុសទៅឲ្យលោកត្រាំ ។
កាលពីថ្ងៃទី៥ ខែសីហា កន្លងមក ប្រធានការិយាល័យសេតវិមានអាមេរិក Mick Mulvaney បានការពារប្រធានាធិបតីដូណាលត្រាំ ដោយលោកលើកឡើងថា ការបាញ់ប្រហារមិនមែនទើបតែកើតឡើង ក្រោមការដឹកនាំរបស់លោកត្រាំនោះឡើយ គឺកើតឡើងតាំងពីយូណាស់មកហើយ ។លោក Mick Mulvaney បន្តទៀតថា ការបាញ់ប្រហារ ក្លាយទៅជាជំងឺមហារីកទៅហើយ ដែលពលរដ្ឋអាមេរិក ទាំងមូលត្រូវប្រឈមមុខ ។
ការបាញ់ប្រហារនៅអាមេរិកគិតចាប់តាំងពីឆ្នាំ២០១៣មកទល់ពេលនេះ មានការបាញ់ប្រហារដល់ ១៨០០លើក ។ ការបាញ់ប្រហារនៅអាមេរិក កើតឡើងសឹងតែរៀងរាល់ថ្ងៃ ឆ្នាំ២០១៨ មិនទាន់មានរបាយការណ៍ផ្លូវការ ប៉ុន្តែក្នុងរយពេល ២៦៣ថ្ងៃដើមឆ្នាំ២០១៨មានការបាញ់ប្រហារដល់ទៅ២៦២លើក ។ ឆ្នាំ២០១៧មានការបាញ់ប្រហារ៣៤៦ករណីនិងឆ្នាំ២០១៦មាន ៣៨២ករណី ។ តាមតួលេខខាង ចាប់តាំងពីឆ្នាំ២០១៥មក គឺមានការបាញ់ប្រហារជារៀងរាល់ថ្ងៃ។
ប៉ុន្តែការបាញ់ប្រហារទាំងនោះមិនបណ្តាលមានអ្នកស្លាប់ច្រើនឡើង ដោយរងរបួសនិងស្លាប់ម្នាក់ពីរនាក់តែប៉ុណ្នោះ ។ ចំណែកការបាញ់ប្រហារដែលសម្លាប់មនុស្សច្រើនបំផុត ដែលមានអ្នកស្លាប់ចាប់ពី២០នាក់ឡើង នាពេលកន្លងមក មាន ៖
បាញ់ប្រាហារនៅ ទីក្រុង Las Vegas ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧៖
ជនដៃដល់ស្ថិតនៅលើជាន់ទី៣២នៃសណ្ឋាគារ បានបាញ់រៈទៅលើហ្វូងមនុស្ស ដែលកំពុងតែចូលរួម នៅក្នុងពិធីប្រគុំតន្ត្រីកណ្តាលវាល ក្បែរសណ្ឋាគានោះសម្លាប់មនុស្ស៥៨នាក់ និង ៥៦៤នាក់រងរបួស ។ជនល្មើសឈ្មោះ Stephen Paddock បានធ្វើអត្តឃាតពេល ប៉ូលិសចូលទៅដល់ ។ ការបាញ់ប្រហារនោះក្លាយជាសោកនាដកម្មទ្រង់ទ្រាយធំបំផុតរបស់អាមេរិក នៃប្រទេសបិតាប្រជាធិបតេយ្យ។
បាញ់ប្រហារនៅទីក្រុង Orlando ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦៖
ខ្មាន់កាំភ្លើងបានបាញ់រ៉ះនៅខាងក្រៅក្លឹប Pulse ដែលជាក្លឹបសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា សម្លាប់មនុស្ស៤៩នាក់ មុនពេលប៉ូលិសបាញ់សម្លាប់ជនល្មើស។
បាញ់ប្រហារនៅទីក្រុង Virginia Texh ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០០៧ ៖
ខ្មាន់កាំភ្លើងបានបាញ់សម្លាប់មនុស្ស៣២នាក់ នៅសាលាមហាវិទ្យាល័យ Virginia Tech ។ជនដៃដល់ បានចូលទៅតាមថ្នាក់រៀនបាញ់សម្លាប់សិស្សនិងលោកគ្រូអ្នកគ្រូ ក្នុងថ្នាក់ បាញ់ប្រហារនៅសាលារៀន Sandy Hook ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០១២៖
បុរសម្នាក់បានបាញ់សម្លាប់ម្តាយរបស់ខ្លួនឯង ហើយទៅបាញ់សម្លាប់កុមារ២០នាក់ និងមនុស្សធំ១០នាក់ នៅក្នុងសាលាបឋមសិក្សា Sandy Hook ក្នុងទីក្រុង Newtown រដ្ឋ Connecticut ។
ក្រៅពីនេះនៅមានការបាញ់ប្រហារសម្លាប់មនុស្សជាច្រើនទៀតមានដូចជា បាញ់ប្រហារនៅSutherland Springs, 5/11/2017 សម្លាប់មនុស្ស ២៦នាក់។ បាញ់ប្រហារនៅ Killeen, 16/10/1991 សម្លាប់មនុស្ស២៣នាក់របួស២៧នាក់ ។បាញ់ប្រហារនៅ San Ysidro:18/7/1984 សម្លាប់មនុស្ស ២១នាក់ របួស១៩នាក់ ។និងចុងក្រោយគេគឺបាញ់ប្រហារនៅEl Paso: 3/8/2019 សម្លាប់មនុស្ស២០នាក់ របួស២៦នាក់ …។
ក្រៅពីនេះនៅមានការបាញ់ប្រហារសម្លាប់មនុស្ស ក្រោម២០នាក់ជាច្រើនករណី ហើយបើការបាញ់សម្លាប់មនុស្ស ម្នាក់ ពីនាក់ ឬ៣នាក់ អាចនិយាយបានថាកើតឡើងសឹងតែរៀងរាល់ថ្ងៃ ៕
ដោយ៖ មែវ សាធី