ភ្នំពេញ៖ លោកម៉ៃ តុលា អគ្គលេខាធិការរង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដឹកនាំកិច្ចប្រជុំ ក្នុងអង្គសិក្ខាសា លាមួយស្តីពីការត្រៀមរៀបចំផែនការប្រកួតកីឡាបាល់ទាត់ សម្រាប់ឆ្នាំ២០១៦ ដោយលើកយកប្រធានបទ ធំៗចំនួន៣ ដើម្បីពិភាក្សា រកចំណុចកណ្តាលឲ្យសមស្របមួយសម្រាប់ ក្រុមកីឡាករបាល់ទាត់នៅទូទាំង ប្រទេស បានត្រៀមលក្ខណៈ ក្នុងការចូលទាំង៣ព្រឹត្តិការណ៍ នាឆ្នាំ២០១៦ដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាង មុខនេះ។
លោក ចាន់ មិថុនា មន្ត្រីព័ត៌មាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់ឲ្យដឹងថា សិក្ខាសាលា នាព្រឹកថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៥ នៅសាលប្រជុំពហុកីឡដ្ឋានជាតិ គឺសំដៅពិភាក្សាទៅលើប្រធានបទសំខាន់ចំនួន៣ធំៗ គឺទី១- ពិភាក្សាលើ បញ្ហាការត្រៀមរៀបចំ ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ទី២- ត្រៀមរៀបចំការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ មិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៦នាខែមករាខាងមុខ និងទី៣- ពិភាក្សាលើការប្រកួតលីកលំដាប់ទី២ ។
ក្រោយពីបានពិភាក្សាគ្នាពេញមួយព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៥ រួចហើយនោះ សិក្ខាសាលា ក៏បាន សម្រេចបង្កើតឲ្យមានការប្រកួតបាល់ទាត់លីកលំដាប់ទី២នៅក្នុងប្រទេសកម្ពុជាលើកដំបូងនា ឆ្នាំ២០១៦នេះ ។ ប៉ុន្តែការប្រកួតលីកទី២នេះ មានសមាសភាពក្រុមចូលរួមត្រឹមតែ ៦ក្រុមប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀតបទបញ្ជា ការប្រកួត មិនបានអនុញ្ញាតឲ្យកីឡាករ ដែលមានអាយុក្រោម២១ឆ្នាំ ចូលលេងក្នុងលីកទី២នេះទេ លុះត្រា តែកីឡាករនោះមានអាយុ២១ឆ្នាំគិតត្រឹមពាកកណ្តាលឆ្នាំ២០១៦ឡើងទៅ។ចំពោះការប្រកួតនៅលីកទី២នេះដែរ អាចមានប្រកួតក្នុងទឹកដីនិងក្រៅទឹកដី ប៉ុន្តែគ្មានវគ្គPlay Offនោះឡើយ។
លោក គល់ សុផាណា អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាធ្លាប់បានលើកឡើងថា បញ្ហាដែល សហព័ន្ធគ្រោងបើកលីកលំដាប់ទី២នៅកម្ពុជាគឺ ដើម្បីសម្រាំងរកក្រុមដែលល្អ ឡើងទៅលេងនៅលីក កំពូល ដែលយើងហៅថា MCL នោះ។ ដោយឡែកការប្រកួត ដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន សម្រាប់ឆ្នាំ២០១៦នេះ ក៏ត្រូវបានអង្គសិក្ខាសាលា សម្រេចធ្វើការកែប្រែលក្ខខណ្ឌខ្លះៗដែរ ដើម្បីសម្លឹងរក ក្រុមកីឡាករដែលមកពីតាមបណ្តាខេត្ត ក្រុងនានាក្នុងប្រទេសកម្ពុជា ឡើងទៅលេងលីកទី២ ។ ក្នុងនោះកិច្ចប្រជុំ ក៏បានឯកភាពគ្នាធ្វើការកែសម្រួល រូបមន្តប្រកួតកន្លងទៅ ដែលធ្លាប់លេងត្រឹមតែជាង ៦០ ប្រកួត ឥឡូវត្រូវបង្កើន រហូតដល់ទៅជាង១២០ប្រកួត ដោយមាន ការប្រកួតក្នុងទឹកដីនិងក្រៅទឹកដីដូច លីកកំពូលដែរ។ ប៉ុន្តែការប្រកួតនេះ នៅតែបើកទូលាយដូចមុន ដដែល សម្រាប់រាជធានីភ្នំពេញ ក្រុមកីឡាករដែលស្ថិតនៅតាមបណ្តាខណ្ឌទាំងអស់អាចចូលរួមប្រកួតរួមទាំងក្រុមតំណាងឲ្យ ខេត្ត-ក្រុងទូទាំងប្រទេសនិងក្រុមដែលកំពុងលេងក្នុងលីកផងដែរ។
លោក គល់ សុផាណាបានអះអាងថា ការកែប្រែខាងលើនេះ សំដៅទៅលើការលើកកម្ពស់ពង្រឹង សមត្ថភាពក្រុមនីមួយៗ ពិសេស ក្រុមទាំងអស់នឹងចេះ រៀបចំព្រឹត្តការណ៍ប្រកួតដោយខ្លួនឯង ខុសពីពេល កន្លងទៅ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតែរៀបចំ ឬក៏រៀបជាកញ្ចប់មួយដាក់ឲ្យទៅក្រុមណាមួយជា អ្នក រៀបចំពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជំនួសសហព័ន្ធវិញ៕
ដោយ៖ សារីម