នាវាផ្ទុកយន្តហោះអាមេរិកចូលដល់ហ្វីលីពីន​ ហើយអាចឲ្យអ្នកសារព័ត៌មានឡើងលើនាវានោះ

ចែករំលែក៖

អាមេរិកគ្រោងអញ្ជើញអ្នកការសែតនៅក្នុងប្រទេសហ្វីលីពីនទាំង​ក្នុងនិងក្រៅប្រទេស ឲ្យឡើងទស្សនា នាវាផ្ទុកយន្តហោះដ៏ទំនើបរបស់អាមេរិក ។ គោលដៅ ខាងលើដើម្បីជួយផ្សព្វផ្សាយថាតើអាមេរិកមានសមត្ថភាពយោធាខ្លាំងប៉ុណ្ណា។

នាថ្ងៃពុធម្សិលមិញនេះ នាវាដឹកយន្តហោះចម្បាំងអាមេរិក USS Ronald Reagan បានដឹកនាំនាវាយោធាប៉ុន្មានគ្រឿង​ទៀត រួមមាននាវាបំពាក់មីស៊ីលប្រដេញ USS Chancellorville និង USS Antietam ចូលចតជាថ្មីម្តងទៀត នៅកំពង់ផែរបស់ទីក្រុង​ម៉ានីល​នៃប្រទេសហ្វីលីពីន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Rappler នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។

គោលដៅផ្លូវការរបស់ក្រុមនាវាដឹកយន្តហោះចម្បាំងអាមេរិក Ronald Reagan ក្នុងការធ្វើទស្សនកិច្ចនៅទីក្រុងម៉ានីល គឺជាការ​ចូលចតសម្រាកពីភារកិច្ចល្បាតរបស់ខ្លួននៅលើផ្ទៃសមុទ្រ ដើម្បីអនុញ្ញាតឲ្យនាវិកប្រមាណជាង៥,០០០នាក់ បន្ធូរបរិយាកាស​។ កំឡុងឱកាសនេះ កម្មវិធីមួយចំនួននឹងត្រូវរៀបចំឡើងជាមួយកងទ័ពជើងទឹករបស់ហ្វីលីពីន។

គួរជម្រាបថា ក្រុមនាវាដឹកយន្តហោះចម្បាំងអាមេរិកខាងលើ បានមកដល់ប្រទេសហ្វីលីពីន ក្រោយពីបានធ្វើដំណើរឆ្លងកាត់​ដែនសមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទ ដោយក្នុងនោះប្រទេសពាក់ព័ន្ធរួមមានទាំងចិននិងហ្វីលីពីន។ វាគឺជាលើកទីពីរ​ហើយ ដែលនាវា USS Ronald Reagan បានចូលចតនៅទីក្រុងម៉ានីល ដោយលើកដំបូងគឺកាលពីខែមិថុនា ឆ្នាំ២០១៨។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត អ្នកគាំទ្ររាប់ពាន់នាក់​របស់មេដឹកនាំវេណេហ្ស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ បាននាំគ្នាជួបជុំ​​នៅទីក្រុង ការ៉ាកាស កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីបាតុកម្មប្រឆាំង​ការប៉ុនប៉ង​របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្លាប់​របបដឹកនាំ​វេណេហ្ស៊ុយអេឡា ។

ស្លៀកពាក់ពណ៌ក្រហម កាន់ទង់ជាតិវេណេហ្ស៊ុយអេឡា ក្រុមបាតុករ​ជួបជុំគ្នា​នៅរដ្ឋធានីនោះ បានស្តាប់​ការថ្លែង​របស់មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់អំណាច ។

បាតុកម្ម​ពេលនេះ កើតមានក្រោយ៤៨ម៉ោង ដែលទីក្រុងវ៉ាស៊ីនតោន​គំរាម​​ប្រើប្រាស់គ្រប់វិធីសាស្ត្រ​​ទាំងអស់ ដើម្បីបណ្តេញលោក ម៉ាឌូរ៉ូ ដោយក្នុងនោះ​បានប្រកាស​បង្កកទ្រព្យសម្បត្តិ​រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា​ទាំងប៉ុន្មានដែល​មាននៅអាមេរិក មិនឲ្យមានការផ្លាស់ប្តូរ ដោះដូរ​អ្វីបានឡើយ ។

អ្នកមានអំណាចទី២​ក្នុងរបបដឹកនាំវេណេហ្ស៊ុយអេឡា គឺលោក Diosdado Cabello បានថ្លែងថា «វាជាការឈ្លានពានថ្មី​មួយ​ក្នុងចំណោមអំពើឆ្កូតលីលា និងប្រល័យពូជសាសន៍​គ្រប់គ្រងដោយ​អាមេរិក ។ អ្វីដែលពួកគេបានធ្វើ​គឺការឈឺចាប់របស់ប្រជាជន រួមទាំងក្រុមប្រឆាំងផងដែរ» ។

វិធានការថ្មីបំផុតរបស់លោក ត្រាំ គឺដាក់ទណ្ឌកម្ម​ប្រឆាំង​លើរបបលោកម៉ាឌូរ៉ូ ដើម្បីបង្ខំឲ្យមេដឹកនាំសង្គមនិយមរូបនេះ​ចេញពីអំណាច ហើយអំណាចនោះ នឹងធ្លាក់ទៅលើ​ក្រុមប្រឆាំង Juan Guaido ។

អាមេរិក​គឺជាប្រទេសមួយ​ក្នុងចំណោមជាង៥០ប្រទេសផ្សេងទៀត​​បានទទួលស្គាល់ Guaido ជាប្រធានាធិបតីបណ្តោះអាសន្ន របស់វេណេហ្ស៊ុយអេឡា ។

ប្រទេសចិន​បានឆ្លើយតបការដាក់ទណ្ឌកម្ម​ខាងលើនេះ ដោយណែនាំឲ្យអាមេរិកបញ្ឈប់សកម្មភាពគំរាមកំហែង​ទៅលើប្រទេសដទៃផ្សេងៗទៀត ។

អំឡុងពេលជួបជុំ​ទ្រង់ទ្រាយតូច​មួយ​នៅខាងកើតទីក្រុងការ៉ាកាស លោក Guaido អះអាងថា ទណ្ឌកម្មរបស់អាមេរិកពេលនេះ​ប៉ះពាល់តែពួកមន្ត្រីកំពូលៗក្នុងរបបដឹកនាំ​វេណេហ្ស៊ុយអេឡាប៉ុណ្ណោះ ប្រជាជនសាមញ្ញ​គ្មានអ្វីប៉ះពាល់នោះទេ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print