អាមេរិកគ្រោងអញ្ជើញអ្នកការសែតនៅក្នុងប្រទេសហ្វីលីពីនទាំងក្នុងនិងក្រៅប្រទេស ឲ្យឡើងទស្សនា នាវាផ្ទុកយន្តហោះដ៏ទំនើបរបស់អាមេរិក ។ គោលដៅ ខាងលើដើម្បីជួយផ្សព្វផ្សាយថាតើអាមេរិកមានសមត្ថភាពយោធាខ្លាំងប៉ុណ្ណា។
នាថ្ងៃពុធម្សិលមិញនេះ នាវាដឹកយន្តហោះចម្បាំងអាមេរិក USS Ronald Reagan បានដឹកនាំនាវាយោធាប៉ុន្មានគ្រឿងទៀត រួមមាននាវាបំពាក់មីស៊ីលប្រដេញ USS Chancellorville និង USS Antietam ចូលចតជាថ្មីម្តងទៀត នៅកំពង់ផែរបស់ទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Rappler នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។
គោលដៅផ្លូវការរបស់ក្រុមនាវាដឹកយន្តហោះចម្បាំងអាមេរិក Ronald Reagan ក្នុងការធ្វើទស្សនកិច្ចនៅទីក្រុងម៉ានីល គឺជាការចូលចតសម្រាកពីភារកិច្ចល្បាតរបស់ខ្លួននៅលើផ្ទៃសមុទ្រ ដើម្បីអនុញ្ញាតឲ្យនាវិកប្រមាណជាង៥,០០០នាក់ បន្ធូរបរិយាកាស។ កំឡុងឱកាសនេះ កម្មវិធីមួយចំនួននឹងត្រូវរៀបចំឡើងជាមួយកងទ័ពជើងទឹករបស់ហ្វីលីពីន។
គួរជម្រាបថា ក្រុមនាវាដឹកយន្តហោះចម្បាំងអាមេរិកខាងលើ បានមកដល់ប្រទេសហ្វីលីពីន ក្រោយពីបានធ្វើដំណើរឆ្លងកាត់ដែនសមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទ ដោយក្នុងនោះប្រទេសពាក់ព័ន្ធរួមមានទាំងចិននិងហ្វីលីពីន។ វាគឺជាលើកទីពីរហើយ ដែលនាវា USS Ronald Reagan បានចូលចតនៅទីក្រុងម៉ានីល ដោយលើកដំបូងគឺកាលពីខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត អ្នកគាំទ្ររាប់ពាន់នាក់របស់មេដឹកនាំវេណេហ្ស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ បាននាំគ្នាជួបជុំនៅទីក្រុង ការ៉ាកាស កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីបាតុកម្មប្រឆាំងការប៉ុនប៉ងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្លាប់របបដឹកនាំវេណេហ្ស៊ុយអេឡា ។
ស្លៀកពាក់ពណ៌ក្រហម កាន់ទង់ជាតិវេណេហ្ស៊ុយអេឡា ក្រុមបាតុករជួបជុំគ្នានៅរដ្ឋធានីនោះ បានស្តាប់ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច ។
បាតុកម្មពេលនេះ កើតមានក្រោយ៤៨ម៉ោង ដែលទីក្រុងវ៉ាស៊ីនតោនគំរាមប្រើប្រាស់គ្រប់វិធីសាស្ត្រទាំងអស់ ដើម្បីបណ្តេញលោក ម៉ាឌូរ៉ូ ដោយក្នុងនោះបានប្រកាសបង្កកទ្រព្យសម្បត្តិរដ្ឋាភិបាលវេណេហ្ស៊ុយអេឡាទាំងប៉ុន្មានដែលមាននៅអាមេរិក មិនឲ្យមានការផ្លាស់ប្តូរ ដោះដូរអ្វីបានឡើយ ។
អ្នកមានអំណាចទី២ក្នុងរបបដឹកនាំវេណេហ្ស៊ុយអេឡា គឺលោក Diosdado Cabello បានថ្លែងថា «វាជាការឈ្លានពានថ្មីមួយក្នុងចំណោមអំពើឆ្កូតលីលា និងប្រល័យពូជសាសន៍គ្រប់គ្រងដោយអាមេរិក ។ អ្វីដែលពួកគេបានធ្វើគឺការឈឺចាប់របស់ប្រជាជន រួមទាំងក្រុមប្រឆាំងផងដែរ» ។
វិធានការថ្មីបំផុតរបស់លោក ត្រាំ គឺដាក់ទណ្ឌកម្មប្រឆាំងលើរបបលោកម៉ាឌូរ៉ូ ដើម្បីបង្ខំឲ្យមេដឹកនាំសង្គមនិយមរូបនេះចេញពីអំណាច ហើយអំណាចនោះ នឹងធ្លាក់ទៅលើក្រុមប្រឆាំង Juan Guaido ។
អាមេរិកគឺជាប្រទេសមួយក្នុងចំណោមជាង៥០ប្រទេសផ្សេងទៀតបានទទួលស្គាល់ Guaido ជាប្រធានាធិបតីបណ្តោះអាសន្ន របស់វេណេហ្ស៊ុយអេឡា ។
ប្រទេសចិនបានឆ្លើយតបការដាក់ទណ្ឌកម្មខាងលើនេះ ដោយណែនាំឲ្យអាមេរិកបញ្ឈប់សកម្មភាពគំរាមកំហែងទៅលើប្រទេសដទៃផ្សេងៗទៀត ។
អំឡុងពេលជួបជុំទ្រង់ទ្រាយតូចមួយនៅខាងកើតទីក្រុងការ៉ាកាស លោក Guaido អះអាងថា ទណ្ឌកម្មរបស់អាមេរិកពេលនេះប៉ះពាល់តែពួកមន្ត្រីកំពូលៗក្នុងរបបដឹកនាំវេណេហ្ស៊ុយអេឡាប៉ុណ្ណោះ ប្រជាជនសាមញ្ញគ្មានអ្វីប៉ះពាល់នោះទេ ៕
ដោយ៖ មែវ សាធី