ពលរដ្ឋឥណ្ឌារាប់ម៉ឺននាក់នៅតំបន់ភាគខាងលិច បាត់បង់ទីជម្រក ដោយគ្រោះទឹកជំនន់

ចែករំលែក៖

មកទល់ពេលនេះគ្រោះទឹកជំនន់នៅតំបន់ភាគខាងលិច ប្រទេសឥណ្ឌា ស្លាប់១៦នាក់ និងបាត់បង់ទីជម្រក រាប់ពាន់នាក់។សារព័ត៌មាន រ៉យទ័រ ​បានផ្សាយ ​នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នេះថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ភ្លៀងបានបន្ដធ្លាក់មកយ៉ាងខ្លាំង រហូតធ្វើឲ្យជន់លិចភូមិឋានជាច្រើន នៅរដ្ឋ Maharashtra នាភាគខាងលិច​ នៃប្រទេសឥណ្ឌា។

ជំនន់ទឹកភ្លៀងនេះ បានហូរជន់ចូលដងទន្លេ រហូតហៀរលិចច្រាំង បុកចូលមកកាន់ភូមិឋាន​របស់ប្រជាពលរដ្ឋឥណ្ឌា យ៉ាងតិចចំនួន​៥ស្រុក ហើយបានបង្ខំឲ្យមនុស្សជាង ១៤០ ០០០​នាក់ ត្រូវ​ភៀសខ្លួន​ទៅរកទីទួលមានសុវត្ថិភាព។ គ្រោះទឹកជំនន់នេះ បានសម្លាប់មនុស្សចំនួន១៦នាក់ផងដែរ។ នេះបើតាមទិន្នន័យ​របស់មន្ត្រីរដ្ឋាភិបាល ​ក្នុងតំបន់ បាន​ផ្តល់ជូនសារព័ត៌មានផ្សេងៗ ​​កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ។

នៅតាមដងទន្លេ ក្នុងតំបន់​នោះ ពោរពេញទៅដោយទឹកជំនន់ល្ហល្ហាច​ ហើយស្របពេលនេះដែរ អាជ្ញាធរ​ នៃ រដ្ឋ Maharashtra បានបង្ហូរទឹក​ ចេញពីទំនប់​វារីអគ្គិសនីបន្ថែមទៀត វារឹតតែធ្វើឲ្យទឹកជន់លិចលង់​ភូមិឋានរបស់អ្នកស្រុក កាន់ខ្លាំងឡើង​​ថែមទៀត។ តួយ៉ាងដូចជា នៅក្នុងស្រុក Kolhapur ជាដើម​ នៅទីនោះ​ ទឹកមានកម្រិត​កម្ពស់​ រហូតដល់៦៧០មិល្លីម៉ែត្រ បន្ទាប់ពីភ្លៀងធ្លាក់មកយ៉ាងខ្លាំង ក្នុងរយៈពេលពេញមួយសប្តាហ៍នេះ។

អាជ្ញាធរ នៅក្នុងតំបន់ Pune បានថ្លែងថា អាងស្តុកទឹក នៅក្នុងស្រុកទាំងនេះ ពេញប្រៀបអស់ហើយ ។ ប្រសិនបើភ្លៀងនៅតែបន្ដធ្លាក់មកបែបនេះអីចឹងទៀត យើងពិតជាគ្មានជម្រើសនោះទេ ក្រៅតែពីការបើកបង្ហូរទឹកចេញពីអាងស្ដុកទឹក ដើម្បីឲ្យហូរចូលទៅកាន់ទន្លេ ដើម្បីបញ្ចៀសនូវការបាក់ទំនប់ នាំឲ្យកើតមានហានិភ័យ កាន់តែធ្ងន់ធ្ងរឡើងថែមទៀត។

នាយកដ្ឋានអាកាសធាតុ​ ក្នុងតំបន់​ បានព្យាករណ៍ថា ភ្លៀងនៅតែបន្តធ្លាក់មកយ៉ាងខ្លាំង នៅក្នុងតំបន់នេះ មានរយៈពេល៣ថ្ងៃបន្ថែមទៀត។ ដូច្នេះអាជ្ញាធរចាំបាច់ ត្រូវតែ​មានវិធានការ ប្រុងជើងការជាមុន ហើយត្រូវតែបញ្ជូន​ក្រុមជួយសង្គ្រោះ​បន្ថែមទៀត ​តាមដែនអាកាស​ មកកាន់តំបន់ទាំងនេះ។

ដោយឡែក រថយន្ត​ជាច្រើន​ បានជាប់គាំង​ នៅលើ​ដងផ្លូវហាវ៉េធំៗ​ ដែលតភ្ជាប់​ពីទីក្រុងប៉ុមបៃ ឆ្ពោះ​ទៅកាន់ទីក្រុង Bangalore ពីព្រោះផ្លូវខ្លះ​ ត្រូវទឹកជំនន់ ជន់លិចអស់​ជាច្រើនកន្លែង។ គិតចាប់តាំងពីថ្ងៃទី៥ ខែសីហា រហូតមក សាលារៀន ដូចសាកលវិទ្យាល័យ ជាដើម ​នៅក្នុងតំបន់ ដែលរងផលប៉ះពាល់ ដោយសារទឹកជំនន់ ​បានប្រកាសបិទទ្វារ​ ហើយប្រហែលជាមួយសប្តាហ៍ទៀត ទម្រាំស្ថានការណ៍ធូរស្រាល ទើបអាចបើកទ្វារឲ្យដំណើរការឡើងវិញ។

ចាប់ពីខែ​មិថុនា រហូតទៅដល់ខែកញ្ញា នៅតាមប្រទេស ក្នុង​តំបន់អាស៊ីភាគខាងត្បូង គឺជាពេលវេលាមួយ​ដែលរដូវវស្សា​ចូលមកដល់ ហើយភ្លៀងនឹងបន្ដធ្លាក់មកយ៉ាងខ្លាំង​ជាប្រចាំ នៅក្នុងអំឡុងពេលនេះ។ បញ្ហានេះ​អាចបង្កឲ្យស្លាប់មនុស្សជាប្រចាំ និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់ទាំងនោះរាប់ពាន់នាក់ គ្មានទីជម្រក៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print