មកទល់ពេលនេះគ្រោះទឹកជំនន់នៅតំបន់ភាគខាងលិច ប្រទេសឥណ្ឌា ស្លាប់១៦នាក់ និងបាត់បង់ទីជម្រក រាប់ពាន់នាក់។សារព័ត៌មាន រ៉យទ័រ បានផ្សាយ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នេះថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ភ្លៀងបានបន្ដធ្លាក់មកយ៉ាងខ្លាំង រហូតធ្វើឲ្យជន់លិចភូមិឋានជាច្រើន នៅរដ្ឋ Maharashtra នាភាគខាងលិច នៃប្រទេសឥណ្ឌា។
ជំនន់ទឹកភ្លៀងនេះ បានហូរជន់ចូលដងទន្លេ រហូតហៀរលិចច្រាំង បុកចូលមកកាន់ភូមិឋានរបស់ប្រជាពលរដ្ឋឥណ្ឌា យ៉ាងតិចចំនួន៥ស្រុក ហើយបានបង្ខំឲ្យមនុស្សជាង ១៤០ ០០០នាក់ ត្រូវភៀសខ្លួនទៅរកទីទួលមានសុវត្ថិភាព។ គ្រោះទឹកជំនន់នេះ បានសម្លាប់មនុស្សចំនួន១៦នាក់ផងដែរ។ នេះបើតាមទិន្នន័យរបស់មន្ត្រីរដ្ឋាភិបាល ក្នុងតំបន់ បានផ្តល់ជូនសារព័ត៌មានផ្សេងៗ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ។
នៅតាមដងទន្លេ ក្នុងតំបន់នោះ ពោរពេញទៅដោយទឹកជំនន់ល្ហល្ហាច ហើយស្របពេលនេះដែរ អាជ្ញាធរ នៃ រដ្ឋ Maharashtra បានបង្ហូរទឹក ចេញពីទំនប់វារីអគ្គិសនីបន្ថែមទៀត វារឹតតែធ្វើឲ្យទឹកជន់លិចលង់ភូមិឋានរបស់អ្នកស្រុក កាន់ខ្លាំងឡើងថែមទៀត។ តួយ៉ាងដូចជា នៅក្នុងស្រុក Kolhapur ជាដើម នៅទីនោះ ទឹកមានកម្រិតកម្ពស់ រហូតដល់៦៧០មិល្លីម៉ែត្រ បន្ទាប់ពីភ្លៀងធ្លាក់មកយ៉ាងខ្លាំង ក្នុងរយៈពេលពេញមួយសប្តាហ៍នេះ។
អាជ្ញាធរ នៅក្នុងតំបន់ Pune បានថ្លែងថា អាងស្តុកទឹក នៅក្នុងស្រុកទាំងនេះ ពេញប្រៀបអស់ហើយ ។ ប្រសិនបើភ្លៀងនៅតែបន្ដធ្លាក់មកបែបនេះអីចឹងទៀត យើងពិតជាគ្មានជម្រើសនោះទេ ក្រៅតែពីការបើកបង្ហូរទឹកចេញពីអាងស្ដុកទឹក ដើម្បីឲ្យហូរចូលទៅកាន់ទន្លេ ដើម្បីបញ្ចៀសនូវការបាក់ទំនប់ នាំឲ្យកើតមានហានិភ័យ កាន់តែធ្ងន់ធ្ងរឡើងថែមទៀត។
នាយកដ្ឋានអាកាសធាតុ ក្នុងតំបន់ បានព្យាករណ៍ថា ភ្លៀងនៅតែបន្តធ្លាក់មកយ៉ាងខ្លាំង នៅក្នុងតំបន់នេះ មានរយៈពេល៣ថ្ងៃបន្ថែមទៀត។ ដូច្នេះអាជ្ញាធរចាំបាច់ ត្រូវតែមានវិធានការ ប្រុងជើងការជាមុន ហើយត្រូវតែបញ្ជូនក្រុមជួយសង្គ្រោះបន្ថែមទៀត តាមដែនអាកាស មកកាន់តំបន់ទាំងនេះ។
ដោយឡែក រថយន្តជាច្រើន បានជាប់គាំង នៅលើដងផ្លូវហាវ៉េធំៗ ដែលតភ្ជាប់ពីទីក្រុងប៉ុមបៃ ឆ្ពោះទៅកាន់ទីក្រុង Bangalore ពីព្រោះផ្លូវខ្លះ ត្រូវទឹកជំនន់ ជន់លិចអស់ជាច្រើនកន្លែង។ គិតចាប់តាំងពីថ្ងៃទី៥ ខែសីហា រហូតមក សាលារៀន ដូចសាកលវិទ្យាល័យ ជាដើម នៅក្នុងតំបន់ ដែលរងផលប៉ះពាល់ ដោយសារទឹកជំនន់ បានប្រកាសបិទទ្វារ ហើយប្រហែលជាមួយសប្តាហ៍ទៀត ទម្រាំស្ថានការណ៍ធូរស្រាល ទើបអាចបើកទ្វារឲ្យដំណើរការឡើងវិញ។
ចាប់ពីខែមិថុនា រហូតទៅដល់ខែកញ្ញា នៅតាមប្រទេស ក្នុងតំបន់អាស៊ីភាគខាងត្បូង គឺជាពេលវេលាមួយដែលរដូវវស្សាចូលមកដល់ ហើយភ្លៀងនឹងបន្ដធ្លាក់មកយ៉ាងខ្លាំងជាប្រចាំ នៅក្នុងអំឡុងពេលនេះ។ បញ្ហានេះអាចបង្កឲ្យស្លាប់មនុស្សជាប្រចាំ និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់ទាំងនោះរាប់ពាន់នាក់ គ្មានទីជម្រក៕
ដោយ៖ មែវ សាធី