ភ្នំពេញ៖ អ្នកប្រដាល់ជើងចាស់ ជំនាញប្រើស្នៀត ទាត់និងវាយកែងរបស់កម្ពុជាគឺ កីឡាករ សេន ប៊ុនថេន សិស្សគុនសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ បានប្រកាសថា ចាប់ពីដើមឆ្នាំ២០១៦នេះតទៅ រូបគេ នឹងបង្ហាញខ្លួននៅលើសង្វៀនក្នុងស្រុកសាថ្មីវិញហើយ ដើម្បីតបស្នងដល់អ្នកគាំទ្រ ក្រោយពីរូបគេបាត់ មុខមួយរយៈ ប៉ុន្តែកីឡាកររូបនេះតែងតែធ្វើដំណើរចេញទៅប្រកួត នៅក្រៅប្រទេស មានដូចជា ប្រទេសបា រាំង និងប្រទេសថៃពីព្រោះប្រភេទទម្ងន់ប៊ុនថេននៅកម្ពុជាពិបាករកគួប្រកួតណាស់។
តាមរយៈកម្រងរូបថតអនុស្សាវរីយ៍ ដែលកីឡាករ សេន ប៊ុនថេន បានបង្ហោះចំនួន៦សន្លឹក ស្តីពី សកម្មភាពប្រកួតនៅលើសង្វៀន អមជាមួយរូបថត បំពាក់ខ្សែក្រវាត់ចំនួន២ បានមកពីប្រទេស បារាំងនោះ កីឡាករ សេន ប៊ុនថេន ចង់សម្តែងនូវការដឹងគុណដល់អ្នកគាំទ្រ របស់ខ្លួនដែលនាំគ្នាទទួចនិង សំណូមពរឲ្យប៊ុនថេនត្រឡបមកកាន់សង្វៀនប្រដាល់សាជាថ្មី នាដើមឆ្នាំ២០១៦ខាងមុខ បន្ទាប់ពីខកខាន ប្រកួតអស់រយៈពេលជាង១ឆ្នាំកន្លងទៅ។
នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន របសកីឡាករ សេន ប៊ុនថេន ក៏បានបង្ហោះរូប ថតចំនួន៦សន្លឹកនិងបានសរសេរ បញ្ជាក់ប្រាប់ដល់ក្រុមអ្នកគាំទ្រថា “បាទខ្ញុំអរគុណបងប្អូន នៅចាំបាន កីឡាករម្នាក់នេះ និងគាំទ្រខ្ញុំបាទរហូតមកហើយខ្ញុំនឹងព្យាយាមហ្វឹកហាត់ឡើងវិញ ដើម្បីប្រកួតសាជាថ្មី នៅក្នុង ឆ្នាំថ្មីខាងមុខ បើបងប្អូននៅគាំទ្រនៅផ្តល់កម្លាំងចិត្តដល់ខ្ញុំបាទ ខ្ញុំបាទគ្មានអ្វីក្រៅពីអរគុណបងប្អូនទាំងអស់គ្នាទេ ដែលបានលើកស្ទួយកីឡាប្រដាល់ជាតិយើងទាំងអស់គ្នា” ។
កីឡាករ សេន ប៊ុនថេន ត្រូវបានគេប្រទះឃើញ ទៅធ្វើជាគ្រូបង្ហាត់កីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ នៅក្លិបកីឡាបរទេសមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌចំការមនរាជធានីភ្នំពេញ។ កីឡាករ សេន ប៊ុនថេន ក្រៅពីមានអាជីពជាអ្នកប្រដាល់ជាង១០ឆ្នាំហើយនោះរូបគេក៏ធ្លាប់បានចូលរួមថត ខ្សែភាពយន្តខ្មែរខ្នាតធំ ដូចជា “រឿងល្បុក្កតោចម្លែក” ដែលប្រមូលផ្តុំដោយអ្នកប្រដាល់ល្បីៗជាច្រើនរូប ។
ចំណែកឯ អាជីពប្រដាល់ របស់សេន ប៊ុនថេន បានស្ថិតនៅលំដាប់ជួរមុខ ក្នុងប្រទេសកម្ពុជា លើ ប្រភេទទម្ងន់៧២,៥គីឡូក្រាម ។ ភាពល្បីល្បាញ របស់សេន ប៊ុនថេន នៅលើសង្វៀន ប្រដាល់កន្លងទៅគឺ តាម រយៈការប៉ិនប្រសប់ ប្រើស្នៀតជើង វាយកែងនិងជង្គង់។ ដោយសារតែកីឡាកររូបនេះ លេចធ្លោផ្នែកក្បាច់ប្រដាល់គុនខ្មែរនិងកាយសម្បទាសង្ហាផងនោះ ត្រូវបានផលិតកម្មភាពយន្ត ក្នុងស្រុកហៅ ទៅចូលរួមថតខ្សែភាពយន្តបែបវាយតប់ជាមួយមិត្តភក្តិរួមអាជីពផ្សេងៗទៀតបានជាច្រើនរឿង។
កីឡារ សេន ប៊ុនថេន ធ្លាប់ធ្វើដំណើរចេញទៅប្រកួតក្បាច់គុនបុរាណខ្មែរ នៅក្រៅប្រទេសច្រើន លើកច្រើនសាហើយជាលទ្ធផល ប៊ុនថេន ក៏ទទួលបានខ្សែក្រវាត់ចំនួន២គ្រឿង ក្រោយពីវាយផ្តួលដៃគូប្រកួត នៅលើទឹកដីប្រទេសបារាំង ក្នុងនោះ សេន ប៊ុនថេនតែម្នាក់គត់បានបើកទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់កីឡាករ កម្ពុជា នៅក្នុងកម្មវិធី Thai Figth តាមរយៈវាយផ្តួលកីឡាករជប៉ុននៅលើទឹកដីថៃ ៕
ដោយ៖ សារីម