ទាហានទាំងពីរនាក់នោះ ត្រូវបានគេសម្លាប់ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ។ ការស្លាប់នេះ ធ្វើឲ្យចំនួនអ្នកស្លាប់របស់កម្លាំងយោធាអាមេរិក ដែលកំពុងបំពេញបេសកកម្ម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កើនឡើង រហូតដល់១៤នាក់ហើយ ក្នុងរយៈពេលមួយឆ្នាំមកនេះ។
ការប្រកាសខាងលើនេះ គឺកើតឡើង ចំពេលគណៈប្រតិភូពិសេសអាមេរិក បាននិងកំពុងបន្តកិច្ចពិភាក្សា នៅក្នុងទីក្រុងកាតារ ជាមួយក្រុមតាលីបង់ ដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាព នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។
កិច្ចព្រមព្រៀងនោះ ក្នុងគោលបំណងបញ្ចប់អន្តរាគមន៍ ដោយយោធា រយៈពេល១៨ឆ្នាំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយការវាយប្រហារភេរវកម្ម ១១ កញ្ញា ឆ្នាំ២០០១ មកលើទឹកដីអាមេរិក។ បើសិនជាមានការព្រមព្រៀងមែន ក៏ជាការត្រួសត្រាយផ្លូវ នាំឲ្យមានការដកកងទ័ពបរទេស ចេញពីទឹកដីអាហ្វហ្គានីស្ថាន ផងដែរ ក្នុងនោះមានទាហានអាមេរិក ប្រហែល ១៤ ០០០នាក់ កំពុងឈរជើងនៅទីនោះ។
ការដកទ័ពនេះ ក៏ជាការទាមទារយ៉ាងស្វិតស្វាញរបស់ក្រុមឧទ្ទាមតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរ។ ទីក្រុងវ៉ាស៊ីនបានទាមទារឲ្យពួកតាលីបង់ នៅក្នុងប្រទេសនេះ ធានាថា លែងជាមូលដ្ឋាន ក្នុងការវាយប្រហារទៅកាន់ពិភពលោក បន្ដទៀត។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ដល់សង្គ្រាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មុនពេលគាត់ត្រូវបានជ្រើសរើស ជាប្រធានាធិបតី នាអំឡុងឆ្នាំ២០១៦។ លោក ដូណាល់ ត្រាំ បានថ្លែងថា កងទ័ពអាមេរិក កំពុងជាប់ផុង នៅទីនោះ ហើយកំពុងធ្វើសកម្មភាព ដូចកងកម្លាំងប៉ូលិសអីចឹង។ លោក ត្រាំ ចង់ឃើញកងទ័ពអាមេរិកភាគច្រើន ដកចេញពីទឹកដីអាហ្វហ្គានីស្ថាន ឲ្យបានមុនខែ វិច្ឆិកា ឆ្នាំ២០២០ នៅមុនពេលលោកអាចត្រូវបានជ្រើសរើស ជាប្រធានាធិបតីអាមេរិក មួយអាណត្តិទៀត។
អ្នកតំណាងរាស្ត្រ មកពីគណបក្សសាធារណរដ្ឋខ្លះ បានទទួលស្គាល់ថា ទោះយ៉ាងណា ទាហានអាមេរិកមួយចំនួនណានោះ នៅតែបន្តស្ថិតនៅលើទឹកដីអាហ្វហ្គានីស្ថានដដែល ។ យើងនៅមានវត្តមាននៅទីនោះដដែល។ ក្រុមតាលីបង់មិនគោរពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ វាជាកន្លែងដ៏គ្រោះថ្នាក់មួយ ហើយយើងបន្តសម្លឹងពិនិត្យមើលទៅលើក្រុមនេះបន្ដទៀត៕
ដោយ៖ មែវ សាធី