នៅពេលដែលរដ្ឋាភិបាលស៊ីវិលឡើងកាន់អំណាច ដឹកនាំប្រទេសជាតិ បញ្ចប់របបយោធា សន្តិសុខថៃ កំពុងប្រឈមនៅបញ្ហាជាច្រើន ដោយក្រុមជ្រុលនិយម បានបង្កើនការបំផ្ទុះគ្រាប់បែក នៅគ្រប់ទិសទីក្នុងប្រទេសថៃ ។
នៅពេលនេះដែរ មានការបំផ្ទុះគ្រាប់បែក នៅក្នុងខេត្តយ៉ាឡាភាគខាងត្បូង ប្រទេសថៃ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ថៃបានប្រកាស់ថា មិនជាប់ពាក់ព័ន្ធ និងការបំផ្ទះគ្រាប់បែក នៅទីក្រុងបាងកក់នាពេលកន្លងមកនោះឡើយ។
លោកឧត្តមសេនីយ៍ ប្រាវិត វង់សូវ៉ាន់ (Prawit Wongsuwan) ឧបនាយករដ្ឋមន្ត្រីថៃ បានថ្លែងកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ថា គ្រាប់បែកដែលត្រូវបានបំផ្ទុះជាច្រើនទីកន្លែង កាលពីពេលថ្មីៗនេះ នៅខេត្តភាគខាងត្បូង នៃប្រទេសថៃនោះ មិនទាក់ទងជាមួយនឹងការបំផ្ទុះគ្រាប់បែក នៅកណ្តាលទីក្រុងបាងកក ដែលបានកើតឡើង កាលពីដើមខែសីហា ឆ្នាំ២០១៩នោះទេ។
យ៉ាងតិចជនស៊ីវិល៨នាក់បានរងរបួស ដោយសារការបំផ្ទុះគ្រាប់បែកជាច្រើនកន្លែង នៅតាមគោលដៅនានា ដូចជា នៅតាមបង្គោលភ្លើង និងទូដកប្រាក់ អេធីអឹម ស្ថិតក្នុងស្រុកច្រើន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
ទោះជាយ៉ាងណា មិនទាន់មានក្រុមណាមួយ ចេញមុខទទួលស្គាល់ចំពោះការបំផ្ទុះគ្រាប់បែកយ៉ាងហិង្សានោះទេ។ ប៉ុន្តែមន្ត្រីសន្តិសុខថៃ ជឿជាក់ថា នេះគឺជាទង្វើរបស់ក្រុមឧទ្ទាមទាមទារផ្តាច់ខ្លួន។ ពួកនោះតែងតែព្យាយាមបង្កើតឲ្យមានអំពើចលាចល និងធ្វើឲ្យហិនហោចដល់សេដ្ឋកិច្ចរបស់រដ្ឋបាលខេត្តនេះ។
ការបំផ្ទុះគ្រាប់បែក នៅបង្គោលភ្លើងមួយដើម ស្ថិតនៅក្នុងខេត្តយ៉ាឡា បណ្តាលឲ្យដាច់ចរន្តអគ្គិសនីអស់ជាច្រើនម៉ោង។ នៅក្នុងហេតុការណ៍នោះដែរ បានបណ្ដាលឲ្យអ្នកដំណើរឆ្លងកាត់ទីនោះ២នាក់បានរងរបួស ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់។
ប៉ូលិសថៃក៏បានថ្លែងដែរថា សម្បកកង់រថយន្តជាច្រើន ត្រូវបានដុត នៅក្នុងស្រុក Penang ខេត្តយ៉ាឡា ។ នៅក្នុងស្រុក Tharn ខេត្តយ៉ាឡា ទូដកប្រាក់ អេធីអឹម បានរងនូវការបំផ្ទុះគ្រាប់បែក ហើយបានធ្វើឲ្យជនស៊ីវិល៦នាក់រងរបួសបន្ថែមទៀត។
លោកឧត្តមសេនីយ៍ ប្រាវិត អនុនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រទេសថៃ បានថ្លែងថា លោកបានទទួលសេចក្តីរាយការណ៍ពីក្រុមចារកិច្ច ពាក់ព័ន្ធនឹងការបញ្ហាបំផ្ទុះគ្រាប់បែក នៅខេត្តយ៉ាឡា។ ប៉ុន្តែលោកបានបដិសេធ ផ្តល់លម្អិតព័ត៌មានបន្ថែមទៅកាន់បណ្តាញផ្សព្វផ្សាយព័ត៌មាន ។
ក្រុមឧទ្ទាមទាមទារផ្តាច់ខ្លួន រស់នៅក្នុងតំបន់ដែលមានប្រជាជនកាន់ពុទ្ធសាសនាភាគច្រើន នាភាគខាងត្បូង នៃប្រទេសថៃនោះ បានវាយប្រហារសម្លាប់ជីវិតមនុស្សជិត៧ពាន់នាក់រួចមកហើយ គិតចាប់តាំងពីឆ្នាំ២០០៤ រហូតមកទល់នឹងពេលនេះ ខណៈកិច្ចចរចាសន្តិភាពជាមួយរដ្ឋាភិបាល នៅតែបន្ដបរាជ័យ។
កាលពីថ្ងៃទី២ ខែសីហា គ្រាប់បែកធុនតូចចំនួន៦គ្រាប់ បានបំផ្ទុះឡើង នៅទីតាំងចំនួន៣កន្លែង ក្នុងទីក្រុងបាងកក បានបណ្តាលឲ្យមនុស្ស៤នាក់រងរបួស បង្កឲ្យរញ្ជួយរាជធានី នៃប្រទេសថៃ ខណៈកំពុងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានផងដែរ ៕