ទាហានអាមេរិក ២នាក់ត្រូវគេសម្លាប់នៅអាហ្វហ្គាណីស្ថាន

ចែករំលែក៖

ទាហាន​ទាំងពីរនាក់នោះ ត្រូវបានគេសម្លាប់ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ។ ការស្លាប់នេះ ធ្វើឲ្យចំនួនអ្នកស្លាប់របស់កម្លាំងយោធាអាមេរិក​ ដែលកំពុងបំពេញបេសកកម្ម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កើនឡើង រហូត​ដល់១៤នាក់ហើយ ក្នុងរយៈពេលមួយឆ្នាំមកនេះ។

ការប្រកាសខាងលើនេះ គឺកើតឡើង ចំពេលគណៈ​ប្រតិភូពិសេស​អាមេរិក​ បាននិងកំពុងបន្តកិច្ចពិភាក្សា ​នៅក្នុងទីក្រុងកាតារ ជាមួយក្រុមតាលីបង់ ដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាព នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។

កិច្ចព្រមព្រៀងនោះ ក្នុងគោលបំណងបញ្ចប់អន្តរាគមន៍ ដោយយោធា​ រយៈពេល១៨ឆ្នាំ​ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយការវាយប្រហារភេរវកម្ម ១១ កញ្ញា ឆ្នាំ២០០១ មកលើទឹកដីអាមេរិក។ បើសិនជាមានការព្រមព្រៀងមែន ក៏ជាការត្រួសត្រាយផ្លូវ នាំឲ្យមានការ​​ដកកងទ័ពបរទេស ចេញ​ពីទឹកដីអាហ្វហ្គានីស្ថាន ផងដែរ ក្នុងនោះមានទាហានអាមេរិក ​​ប្រហែល ១៤ ០០០នាក់ កំពុងឈរជើងនៅទីនោះ។

ការដកទ័ពនេះ ក៏ជាការ​ទាមទារ​យ៉ាងស្វិតស្វាញ​របស់ក្រុមឧទ្ទាមតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរ។ ទីក្រុងវ៉ាស៊ីន​បានទាមទារ​ឲ្យពួក​តាលីបង់ នៅ​ក្នុងប្រទេសនេះ ធានាថា លែងជាមូលដ្ឋាន ​ក្នុង​ការ​វាយប្រហារ​​ទៅកាន់ពិភពលោក បន្ដទៀត។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ដល់​សង្គ្រាម ​នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មុនពេលគាត់ត្រូវបានជ្រើសរើស​ ជាប្រធានាធិបតី នាអំឡុង​ឆ្នាំ២០១៦។ លោក ដូណាល់ ត្រាំ បានថ្លែងថា កងទ័ពអាមេរិក​ កំពុងជាប់ផុង ​នៅទីនោះ ហើយកំពុងធ្វើសកម្មភាព ​ដូច​កងកម្លាំងប៉ូលិសអីចឹង។ លោក ត្រាំ ចង់ឃើញ​កងទ័ពអាមេរិក​ភាគច្រើន ដកចេញពី​ទឹកដីអាហ្វហ្គានីស្ថាន ឲ្យបានមុន​ខែ វិច្ឆិកា ឆ្នាំ២០២០ នៅមុនពេល​លោក​អាចត្រូវបានជ្រើសរើស​ ជាប្រធានាធិបតីអាមេរិក មួយអាណត្តិទៀត។

អ្នកតំណាងរាស្ត្រ​ មកពីគណបក្ស​សាធារណរដ្ឋខ្លះ បាន​ទទួលស្គាល់ថា ទោះយ៉ាងណា ទាហានអាមេរិក​មួយចំនួន​ណានោះ នៅតែ​បន្តស្ថិតនៅលើទឹកដីអាហ្វហ្គានីស្ថានដដែល ។ យើង​​នៅមានវត្តមាន​នៅទីនោះដដែល។ ក្រុមតាលីបង់មិនគោរពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ វាជាកន្លែងដ៏គ្រោះថ្នាក់មួយ ​ហើយយើង​បន្ត​សម្លឹង​ពិនិត្យ​មើលទៅលើក្រុមនេះបន្ដទៀត៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print