ភ្នំពេញ៖ រហូតមកទល់ពេលនេះ មានក្រុមឧកញ៉ា ជិត១០នាក់ហើយ ដែលត្រូវបានចាប់ខ្លួននិងឃុំខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ ព្រោះតែការប្រព្រឹត្តបទល្មើសផ្សេងៗ ។ ក្នុងនោះមានឧកញ្ញា រកសុីដី រកសុីឈើ គ្រឿងញៀន បាញ់បោះសេរី លក់ដីខ្យល់ រួមមាន៖
ទី១,ឧកញ៉ា ហូ ចំរើន ត្រូវបានចាប់ខ្លួននិងឃុំខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធបទល្មើសឆបោកនិងចេញសែកគ្មានសាច់ប្រាក់រាប់ម៉ឺនដុល្លារ ខណៈមានទោសមួយទៀត ដោយត្រូវតុលាការផ្តន្ទាទោស១៨ខែ ពីបទបាញ់គំរាមប្រពន្ធក្នុងភូមិគ្រឹះរបស់ខ្លួន ស្ថិតនៅខណ្ឌដង្កោ ។
ទី២,ឧកញ៉ា គិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក ត្រូវបានចាប់ខ្លួននិងឃុំខ្លួនក្នុងពន្ធនាគារប៉េហ្ស៊ី ពាក់ព័ន្ធការអនុញ្ញាតអោយមានការជួញដូរគ្រឿងញៀន និង ប្រើប្រាស់គ្រឿងញៀន ក្នុងទីតាំងរបស់ខ្លួន ។ ការចាប់ខ្លួនឧកញ៉ា គិត ធាង ក៏មានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន ផងដែរ ដែលពេលនេះលោកបាននិងកំពុងសម្រាក់នៅមន្ទីរពេទ្យរុស្ស៊ី ក្រោមហេតុផល “សុខភាព”។
ទី៣,ឧកញ៉ា សុខ ប៊ុន ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួន រួចត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ព្រោះតែឃុបឃិតជាមួយអាជ្ញាធរក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ រំលោភដីធ្លីរបស់ប្រជាពលរដ្ឋ ។ នេះជាការជាប់ពន្ធនាគារលើកទី២ បន្ទាប់ពីលើកទី១ លោក សុខ ប៊ុន បានប្រើអំពើហិង្សាលើអតីតពិធីការិនីទូរទស្សន៍ស៊ីធីអ៊ិន គឺ កញ្ញា សាសា ។
ទី៤,ឧកញ៉ា ស៊ឹង សំអុល ឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើដ៏ល្បីល្បាញ ប្រចាំខេត្តមណ្ឌលគិរី និង បក្ខពួក ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ពីសំណាក់ចំណាត់ការដ៏ក្តៅគគុក របស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។
ទី៥,ឧកញ៉ា គង់ ក្រឹង និង កូនប្រសា ក៏ជាឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើដ៏ល្បីល្បាញផងដែរ ក្នុងទឹកដីស្រុកស្នួល ខេត្តក្រចេះ ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគាររួចហើយ ។
ទី៦,ឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ ត្រូវបានតុលាការចោទប្រកាន់ជាបន្តបន្ទាប់ ពាក់ព័ន្ធការលក់ដីក្រុមហ៊ុន 7NG តែពុំមានដីជូនអតិថិជន ។ អតិថិជន ជាច្រើន ក៏បានព្រមានប្តឹងទៅតុលាការបន្ថែមទៀត បើក្រុមហ៊ុន មិនមានដីប្រគល់ជូនអតិថិជនទេ ក្នុងនោះអាចនឹងមាន ឧកញ្ញា រកសុីដី យកដីរដ្ឋ រំលោភយកដីប្រជាពលរដ្ឋ យកទាហានទៅប្រើប្រាស់ ក្បែរៗនឹងរងបទល្មើស ប្រសិនបើថ្នាក់លើ ចាត់ការ ខណៈសម្តេចតេជោ ហ៊ុន សែន ផ្ញើសារករណី កងមេកម្លាំងគ្រប់ប្រភេទបញ្ឈប់ផ្តល់ងារ ជាឧកញ្ញានោះ៕
ដោយ៖ ចេស្តា