កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ហេតុការណ៍រញ្ជួយដីមួយដែលមានកម្លាំងខ្លាំងរហូតដល់៦.២រ៉ិចទ័របានកើតឡើងស្ថិតនៅភាគឦសានរបស់ប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ហើយគ្រោះរញ្ជួយដីនេះបានកើតឡើងមិនដល់រយៈពេលជាង២ខែផង បន្ទាប់ពីការរញ្ជួយដីនៅតំបន់ភ្នំនោះបណ្តាលឲ្យស្លាប់មនុស្សរហូតដល់ជាង៣០០នាក់រួចមក ។
មន្ត្រីបានលើកឡើងថា ហេតុការណ៍រញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង១១និង១៤នាទីយប់ នៅរដ្ឋធានីកាប៊ូល អាហ្វហ្គានីស្ថាន និងទីក្រុងអិស្លាម៉ាបាដ ប្រទេសប៉ាគីស្ថានធ្វើឲ្យមនុស្សម្នាទាំងឡាយដែលកំពុងលងលក់ក្នុងដំណេកនោះភ្ញាក់ផ្អើល នាំគ្នារត់ចេញពីលំនៅឋានទៅឈរនៅកណ្តាលថ្នល់រៀងខ្លួន ។ ប្រភពបន្តថា ការរញ្ជួយដីនេះមានកម្លាំងធ្វើឲ្យកម្រើកញាប់ញ័រដល់ទីក្រុងញូវដេលីផងដែរ ។
ក្រុមផែនដីវិទ្យាអាមេរិក USGS បានព្យាករណ៍នៅដើមឡើយថា ការរញ្ជួយដីនេះមានកម្រិត៦.៤រ៉ិចទ័រ មានជម្រៅ១២៦.៥ម៉ៃ(ស្មើប្រមាណ២០៣គីឡូម៉ែត្រ) ភាគអាគ្នេយ៍ទីប្រជុំជន Feyzabad រដ្ឋធានីនៃខេត្ត Badakhshan ប្រទេសអាហ្វហ្គានីស្ថាន ។
នៅក្នុងទឹកដីប៉ាគីស្ថានឯណោះវិញ គឺនៅក្នុងខេត្ត Khyber Pakhtunkhwa មន្ត្រីរដ្ឋាភិបាលទទួលបន្ទុកក្នុងខេត្តនេះបានចេញសេចក្តីប្រកាសព្រមានកម្រិតក្រហមស្តីអំពីគ្រោះថ្នាក់ បន្ទាប់ពីហេតុការណ៍រញ្ជួយដីខាងលើនេះភ្លាមៗ ។ ប៉ុន្តែទោះបីយ៉ាង គេនៅមិនទាន់ទទួលបានរបាយការណ៍ស្តីអំពីគ្រោះថ្នាក់ដល់អាយុជីវិត ឬបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅឡើយទេ ។
ការរញ្ជួយដីកម្រិត៦.២រ៉ិចទ័រនេះជាកម្រិតមួយខ្លាំង អាចធ្វើឲ្យមហន្តរាយដល់ជីវិតមនុស្ស និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរងគ្រោះ ។ ប៉ុន្តែនៅពេលនេះ គឺមិនទាន់ដឹងពីរបាយស្តីអំពីការខូចខាត ឬបង្កគ្រោះថ្នាល់ដល់អាយុជីវិតនៅឡើយ ប៉ុន្តែទំនាក់តំនងនៅក្នុងតំបន់ភ្នំទីដែលមានការរញ្ជួយដីនោះពិតជាមានការលំបាកខ្លាំងណាស់ស្ថិតនៅអំឡុងពេលនេះ ។
គេនៅចាំបានថា ការរញ្ជួយដីកម្រិត៧.៥រ៉ិចទ័របានកើតឡើងនៅភាគខាងជើងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥បណ្តាលឲ្យលំនៅឋានពលរដ្ឋរាប់ពាន់ខ្នងរងការខូចខាត និងបណ្តាលឲ្យមនុស្សជាង៣០០នាក់បាត់បង់ជីវិត ៕
ប្រែសម្រួល៖ ថាច់ យ៉ាត