នៅពេលធ្វើដំណើរត្រឡប់ពីប្រទេសរុស្ស៊ីវិញ ក្រោយទៅចូលរួមពិធីតាំងពិព័រណ៍អាកាសចរណ៍ MAKS-2019 នៅទីក្រុងម៉ូស្កូ ប្រធានាធិបតីរុស្ស៊ី លោកពូទីនបានបង្ហាញ ណែនាំយន្តហោះចម្បាំងដ៏ទំនើប ដល់ប្រធានាធិបតីតួកគីលោក Erdogan បានដឹង។ ប្រធានាធិបតីតួកគីចាប់អារម្មណ៍យ៉ាងខ្លាំងពីសមត្ថភាពយន្តហោះខាងលើ ហើយមានតម្លៃថោកជាង របស់អាមេរិកទៅទៀត។
រុស្ស៊ី នឹងចុះកិច្ចព្រមព្រៀង លក់យន្តហោះចម្បាំងជំនាន់ទី៥ ដ៏ទំនើបរបស់ខ្លួន ប្រភេទ Su-57 ទៅឲ្យប្រទេសតួកគី ក្រោយពេលលោកប្រធានាធិបតី Recp Tayyip Erdogan បានទៅទស្សនា នៅក្នុងពិព័រណ៍សព្វាវុធ MARK 2019 ហើយចាប់អារម្មណ៍ និងចង់ទិញយន្ដហោះចម្បាំងប្រភេទនេះ។ ការណែនាំយន្ដហោះចម្បាំងដ៏ទំនើបរបស់លោក វ៉្លាឌីមៀរ ពូទីន ដល់សមភាគីតួកគី គឺមិនខុសអ្វីពីការឌឺដងដាក់ឲ្យអាមេរិកនោះឡើយ បន្ទាប់ពីអាមេរិក ប្រកាសឈប់លក់យន្តហោះចម្បាំងដ៏ទំនើបរបស់ខ្លួន F-35 ទៅឲ្យតួកគី ដោយសារប្រទេសនេះទិញមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី។
មេដឹកនាំតួកគី និងរុស្ស៊ី បានទៅទស្សនា នៅក្នុងពិធីតាំងពិព័រណ៍គ្រឿងសព្វាវុធមួយ ដែលធ្វើឡើង ក្នុងរយៈពេលពីរឆ្នាំម្តង នៅជាយក្រុងមូស្គូ។ ក្រោយការទស្សនាការតាំងពិព័រណ៍យន្តហោះ និងសព្វាវុធរួច លោកប្រធានាធិបតីតួកគី Erdogan បានស្នើទៅលោក វ៉្លាឌីមៀរ ពូទីន ដើម្បីសុំទិញយន្តហោះដ៏ទំនើបនេះ។
បច្ចុប្បន្ន ប្រធានាធិបតីតួកគី កំពុងតែស្វែងរកអ្នកផ្គត់ផ្គង់ថ្មី ដើម្បីបំពេញតម្រូវការយន្តហោះចម្បាំងដល់កម្លាំងទាហានអាកាសរបស់ប្រទេសនេះ ក្រោយពេលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ប្រកាសឈប់លក់ យន្តហោះចម្បាំងដ៏ទំនើបរបស់អាមេរិក ប្រភេទ F-35 ដល់ប្រទេសតួកគី។ ការប្រកាសឈប់លក់យន្ដចម្បាំងរបស់អាមេរិក បានកើតឡើង ដោយសារតែរដ្ឋាភិបាលទីក្រុងអង់ការ៉ា (Ankara) ទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ី។ អាមេរិកព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចយន្តហោះចម្បាំងដ៏ទំនើបរបស់ខ្លួន រងការបំផ្លាញ ដោយប្រព័ន្ធមីស៊ីល S-400 ដែលទិញពីរុស្ស៊ី។
រហូតមកដល់ពេលនេ រដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាសថា ខ្លួននឹងពិភាក្សាទៅលើកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំងដ៏ទំនើបខាងលើ ប្រសិនបើតួកគីចាប់អារម្មណ៍ ចង់ទិញវា៕
ដោយ៖ មែវ សាធី