ភ្នំពេញ៖ ករណីបាញ់សម្លាប់គ្រូបង្រៀននៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដឹងច្បាស់ហើយ គឺកោតណាស់ចិត្តស្រីប្តូរផ្លាស់ផុយស្រួយលឿនយ៉ាងនេះ គិតខុសមួយភ្លែតត្រូវចូលគុកហ៊ានសមគំនិតជាមួយប្រុសស្នេហ៍រៀបចំគម្រោងបាញ់សម្លាប់ប្តីដេកឱបនឹងដេីមទ្រូង។ ទីបំផុតនាងត្រូវសមត្ថកិច្ចចាប់ខ្លួន រីឯប្រុសស្នេហ៍កំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់ ។
មកដល់ពេលនេះ តាមរយៈការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ពីសមត្ថកិច្ច លើករណីបាញ់ប្រហារសម្លាប់លោកគ្រូបង្រៀននៅខណ្ឌសែនសុខ សមត្ថកិច្ចបានរកឃេីញថា នាងជាប្រពន្ធ ជាអ្នករៀបគម្រោងសម្លាប់ប្តី នាងឈ្មោះឃឿន ស៊ីហ៊ន ហៅស៊ី ហ៊ន អាយុ២៦ឆ្នាំ គ្មានមុខ របរ និង ប្តី(សព)ឈ្មោះ រឿន រតនាស្នាក់នៅជាមួយគ្នា ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្បែរកន្លែងកើតហេតុខាងលើ។
មុនផ្លាស់ប្តូរទីលំនៅត្រៀមទៅដេកគុក នាងជាប្រពន្ធបានសារភាពប្រាប់សមត្ថកិច្ចថា នាងជាអ្នករៀបចំផែនការបាញ់សម្លាប់ប្តីរបស់ខ្លួនឯង ដោយសារជនរងគ្រោះជាប្តីរស់នៅមិនចុះសម្រុងនឹងគ្នាទើបនាងសម្រេចចិត្តដូច្នេះ។ នាងបានបញ្ជាក់ថា កន្លងមកប្តីរបស់នាង (សព) មានទំនាស់ជាមួយនាងរស់នៅមិនចុះសម្រុងគ្នា ហើយក៏ធ្លាប់បានទំនាស់ពាក្យសំដីគ្នាជាមួយឈ្មោះ មករា ជាអតីតមិត្តប្រុសរបស់នាងផងដែរ ទើបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នាងបានទូរស័ព្ទណាត់ជួបគ្នារៀបចំផែនការបាញ់សម្លាប់ប្តីខ្លួនដោយឲ្យបក្ខពួកមិត្តប្រុស(សាហាយ)ឈ្មោះ មករា មានកាំភ្លើងជាអ្នកធ្វើសកម្មភាពសម្លាប់។
គួររំឭកថា ករណីលោកគ្រូបង្រៀនម្នាក់ ត្រូវបានគេបាញ់សម្លាប់កាលពីកណ្តាលអធ្រាត្រ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខនោះ ។ បន្ទាប់ពី សមត្ថកិច្ចបេីកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទេីបនៅល្ងាចថ្ងៃទី២៩ ខែសីហានេះ ការណ៍ពិតឃាតកគឺនាងជាប្រពន្ធសោះ នាងបានជួលឃាតកជាបក្ខពួកអោយមកបាញ់សម្លាប់ប្តីរបស់ខ្លួន៕
ដោយ៖ ច័ន្ទលីហ្សា