ភ្នំពេញ ៖ នៅល្ងាចថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩មុននេះ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងបញ្ជាក់បន្ថែមស្តីពីស្ថានភាពទឹកទន្លេមេគង្គ ដែលមកដល់ពេលនេះទឹកបានហក់ឡើងជាបន្តបន្ទាប់ ឆ្ពោះទៅដល់កម្រិតដែលចាត់ទុកត្រូវមាន ការប្រុងប្រយ័ត្ន ។
យោងតាមសេចក្តីជូនដំណឹងក្រសួងធនធានទឹកបានបញ្ជាក់ពីមូលហេតុថា ដោយសារ ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែល លាតសន្ធឹងភាគខាងលើកាត់ប្រទេសថៃ ឡាវ និងវៀតណាម ភ្ជាប់ទៅដោយឥទ្ធិពល នៃវិសម្ពាធ និងព្យុះទី ១៣ ឈ្មោះ លីងលីង ធ្វើឲ្យមានភ្លៀងធ្លាក់ច្រើនក្នុងអាងទន្លេមេគង្គ ក៏ដូចជានៅកម្ពុជាយើង ដែលជាហេតុ បណ្តាលឲ្យទឹកទន្លេក្នុងទឹកដីកម្ពុជាយើងហក់ឡើងជាបន្តបន្ទាប់ ឆ្ពោះទៅដល់កម្រិតដែលចាត់ទុកត្រូវមានការប្រុងប្រយ័ត្ន ។
សូមតាមដាន និងពិនិត្យការព្យាករទៅតាមបណ្តាស្ថានីយជលសាស្រ្តនានាដូចខាងក្រោមនេះ ៖
-ស្ថានីយជលសាស្រ្តស្ទឹងត្រែង ទឹកនឹងឡើងដល់កំពស់ ១១,១០ m នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៩ ។
– ស្ថានីយជលសាស្រ្តក្រចេះ ទឹកនឹងឡើងដល់កំពស់ ៦១,៧០ m នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៩ ។
– ស្ថានីយជលសាស្ត្រកំពង់ចាម ទឹកនឹងឡើងដល់កំពស់ ១៤,៣០ m នៅថ្ងៃទី ០៧ ខែកញ្ញា ២០១៩ ។
-ស្ថានីយជលសាស្ត្រចតុមុខ (ភ្នំពេញ) ទឹក នឹងឡើងដល់កំពស់ ៨,៤៥ ៣ នៅថ្ងៃទី ០៨-០៩ ខែកញ្ញា ឆ្នាំ ២០១៩ ។
ក្រុមអ្នកព្យាករក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ទាំងអាជ្ញាធរ ដែនដី បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ ៕ ដោយ៖សុខខេមរា