រុស្សុី៖ កន្លងមកអាមេរិកតែងតែថ្កោលទោស និងដាក់គំនាបទៅលើប្រទេសដែលទិញអាវុធពីរុស្ស៊ី ។នៅពេលនេះរុស្ស៊ីបានស្នើឲ្យទីក្រុងវ៉ាស៊ីនតោន ទិញអវុធទំនើបពីរុស្ស៊ី ដោយរុស្ស៊ីនឹងលក់ឲ្យ។
លោកប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលស្នើសមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ ថា រុស្ស៊ីនឹងលក់អាវុធទំនើបៗបំផុតទៅឲ្យអាម៉េរិក ក្នុងនោះមានមីស៊ីល ល្បឿនលឿនជាងគេបំផុត នៅលើពិភពលោក។
លោក ពូទីន បានបញ្ជាក់ថា លោកបានស្នើដល់លោក ត្រាំ ថា រុស្ស៊ីផ្តល់ឱកាសដល់អាម៉េរិក ក្នុងការទិញអាវុធពីរុស្ស៊ី។ ការលើកឡើងខាងលើរបស់លោកពូទីន ត្រូវបានមនុស្សជាច្រើន បញ្ចេញមតិថា នេះជាការ «ជះទឹកត្រជាក់ កណ្តាលមុខអាមេរិក» ។ ដោយសារតែអាម៉េរិក តែងតែប្រឆាំង ដាក់ទណ្ឌកម្ម គំរាមកំហែងដល់ប្រទេស ដែលបានទិញអាវុធពីរុស្ស៊ី។ ដូច្នេះទើបលោក ពូទីន ស្នើអាមេរិកទិញអាវុធពីប្រទេសរុស្ស៊ី ដូចគ្នា កុំឲ្យច្រណែន។
មានប្រសាសន៍ នៅក្នុងវេទិកាសេដ្ឋកិច្ច បណ្តាប្រទេសតំបន់បូព៌ា EEF លើកទី៥ ដែលបានធ្វើឡើង កាលពីថ្ងៃទី៥ ខែកញ្ញា ម្សិលមិញនេះ លោកប្រធានាធិបតីរុស្ស៊ី ពូទីន បានបញ្ជក់ថា« ធ្វើយ៉ាងណា ទើបយើងអាចបញ្ជូនអាវុធដ៏ទំនើបរបស់រុស្សី ក្នុងនោះមានប្រព័ន្ធមីស៊ីលល្បឿនលឿន ទៅកាន់បណ្តាប្រទេសជុំវិញពិភពលោក ។ មីស៊ីលល្បឿនលឿននោះ សូម្បីតែអាម៉េរិក ក៏មិនទាន់មានដែរ ដូច្នេះរុស្ស៊ីចង់លក់អាវុធដ៏ទំនើបនោះទៅឲ្យអាមេរិក»។
លោក ពូទីន និយាយទៅកាន់លោក ត្រាំ ថា «ប្រសិនបើលោកចង់បាន ខ្ញុំនឹងលក់អាវុធទំនើបៗឲ្យ ដើម្បីធ្វើឲ្យមានតុល្យាភាពសព្វាវុធ។ ប៉ុន្តែលោក ត្រាំ ថា អាមេរិកកំពុងតែផលិតអាវុធទំនើបៗទាំងនោះ»។
បច្ចុប្បន្នរុស្ស៊ី មានអាវុធល្បឿនលឿន ប្រភេទ Kinzhal ដែលមានសមត្ថភាពហោះទម្លុះ រាល់ប្រព័ន្ធការពារដែនអាកាសដ៏ទំនើបៗបាន ព្រោះមីស៊ីលនោះមានល្បឿនលឿន ជាងសំឡេង រហូតដល់ទៅ១០ដង ទើបមិនមានមីស៊ីលណាមួយ អាចប្រដេញទាន់ឡើយ៕
ដោយ៖ មែវ សាធី