ភ្នំពេញ ៖ គ្រាប់ខូចគុណភាពសរុប២៥០តោននឹងដុតម្ទេចចោលស្អែកនេះ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេណសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (អាសេអូ) ក្នុងខេត្តកំពង់ស្ពឺ។
យោងតាមលិខិតមួយច្បាប់បានចេញសេចក្តី ប្រកាសព័ត៌មានដូច្នេះថា មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម
សូមជម្រាបជូន សារធារណៈជនជាតិ និងអន្តរជាតិជ្រាបថា៖ មជ្ឈមណ្ឌលជាតិ នឹងរៀបចំធ្វើការកំទេចគ្រាប់ខូចគុណភាព ចំនួន២៥០តោន ដែលនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ និងជាប្រធានគណៈកម្មធិការជាតិ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ។
ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា៖ គ្រាប់ខូចគុណភាព ចំនួន២៥០តោន ក្នុងនោះមួយចំនួនជាប្រភេទគ្រាប់ WP នៅពេលត្រូវកំដៅថ្ងៃខ្លាំងបង្កឲ្យហុយឆេះ និងប្រភេទគ្រាប់ RPG7 មានស្ថានភាព ពុកផុយងាយនិងផ្ទះ អាចប្រឈមនឹងហានិភ័យខ្ពស់ដូច្នេះដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាជន និងទប់ ស្កាត់បានទាន់ពេលវេលារាល់គ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ មជ្ឈមណ្ឌលជាតិ នឹងរៀបចំពិធីកំទេចគ្រាប់ខូចគុណភាពទាំងអស់នេះចោលចាប់ពី ថ្ងៃទី១០ ខែកញ្ញា ដល់ ថ្ងៃទី៣១ ខែតុលា
ឆ្នាំ ២០១៩ ។
មជ្ឈមណ្ឌលជាតិ សូមជម្រាបជូនដំណឹងដល់អាជ្ញាធរដែនដីក៏ដូចជាប្រជាជនទាំងអស់ដែលកំពុងរស់ក្នុង និងជុំវិញតំបន់ក្បែរសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ សូមមេត្តាកុំមានការភ្ញាក់ផ្អើល ៕ ដោយ ៖ ជាយក្រុង