លោក ឃួង ស្រេង៖ ចង់ឲ្យសង្កាត់ពញាពន់ និងសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅក្លាយជាសង្កាត់គំរូ និងទាក់ទាញភ្ញៀវទេសចរណ៍

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅលោកឃួង ស្រេង មានបំណងចង់ឲ្យសង្កាត់ពញាពន់និងសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ក្លាយជាសង្កាត់គំរូនិងទាក់ទាញភ្ញៀវទេសចរណ៍ដើម្បីអោយសេដ្ឋកិច្ចគ្រួសារបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នេះកាន់តែប្រសើរជាងមុនមួយកម្រិតថែមទៀត។
ការបង្ហាញពីបំណងបែបនេះគឺ ក្នុងខណៈដែលលោក អភិបាលនិងលោកស្រីរួមជាមួយក្រុមការងារនិងមន្ត្រីជំនាញអាជ្ញាធរដែនដី កាលពីថ្ងៃអាទិត្យទី០៨ ខែកញ្ញា ឆ្នាំ២០១៩ នេះបានចំណាយពេលថ្ងៃឈប់សំរាកពីការងារប្រចាំថ្ងៃអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខនិងពិនិត្យការដ្ឋានស្ថាបនាផ្លូវនៅក្នុងសង្កាត់ខាងលើព្រមទាំងបាននាំយកអំណោយជាថ្នាំពេទ្យនិងថវិកាមួយចំនួនទៅជូនអ្នកជំងឺដែលកំពុងសំរាកព្យាបាលនៅក្នុងមណ្ឌលសុខភាពពញាពន់ផងដែរ។

លោកចៅសង្កាត់ពញាពន់ បានឲ្យដឹងថា នៅពេលនេះអាជ្ញាធរកំពុងមមាញឹកស្ថាបនានិងជួសជុលផ្លូវដែលជាអាទិភាពចំនួន១០ខ្សែស្ថិតក្នុងភូមិធំត្បូង,ភូមិធំជើង,ភូមិបឹងនិងភូមិវែងសរុបមានប្រវែង៦.៤៨២ម៉ែត្រដែលបច្ចុប្បន្នទទួលរងការខូចខាតខ្លាំងហើយក៏ជាផ្លូវដ៏មមាញឹកសំរាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃក្នុងមូលដ្ឋាន។

លោកប្រធានក្រុមការងារ លោក ឃួង ស្រេងតែងបានចុះជាប់ជាមួយមន្ត្រីមូលដ្ឋាននិងប្រជាពលរដ្ឋដើម្បីបានដឹងពីសុខទុក្ខនិងសំណូមពរចាំបាច់របស់បងប្អូនដើម្បីងាយស្រួលក្នុងការឆ្លើយ តប។តាមការពិនិត្យជាក់ស្តែងភូមិសាស្ត្រសង្កាត់ ទាំង២ខាងលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការប្រែប្រួលរីកចំរើនខ្លាំងទាំងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់,សំណង់លំនៅដ្ឋាន,សំណង់សាធារណៈជាដើមរីកដុះដាលព្រោងព្រាតគ្មាននរណានឹកស្មានដល់។

លោកឃួង ស្រេង បានលើកឡើងថា ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចមានផ្លូវល្អគឺជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។ដូច្នេះហើយបានជាក្រុមការងារតែងបានយកចិត្តទុកដាក់គិតគូខ្លាំងទៅលើតំរូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាននិងតែងបានទំនុកបំរុងទៅតាមសំណូមពរនិងលទ្ធភាពដែលមាន។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ចំណុចអាទិភាពគឺការជួសជុលកែលំអរផ្លូវជាង៧គីឡូម៉ែត្រក្នុងសង្កាត់ពញាពន់និងជាង១០គីឡូម៉ែត្រក្នុងសង្កាត់ពន្សាំងឲ្យបានប្រសើរឡើងព្រោះផ្លូវក្នុងតំបន់នេះក៏ជាការទាក់ទាញភ្ញៀវទេសចរណ៏ឲ្យទៅទស្សនារមណីយ៏ដ្ឋានវប្បធម៌ភ្នំប្រសិទ្ធនិងភ្នំរាបផងដែរ។ដូច្នេះលោកអភិបាលមានបំណង ប្រែក្លាយភូមិសាស្ត្រសង្កាត់ពញាពន់និងសង្កាត់ពន្សាំងឲ្យក្លាយជាសង្កាត់គំរូលើការអភិវឌ្ឍ និងផ្នែកបរិស្ថានក្នុងខណ្ឌព្រែកព្នៅផងដែរ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print