ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ផ្លូវវេងស្រេង លែងមានការបង់ថ្លៃទៀតហើយ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានមាន​ប្រសាសន៍​ប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋទូទាំងប្រទេសឲ្យបានដឹងថា ចាប់ពីថ្ងៃនេះតទៅប្រជាពលរដ្ឋទាំងអស់ដែលធ្វើ​ដំណើរតាមផ្លូវវេងស្រេង ឈប់មានការបង់ថ្លៃទៀតហើយ ។ អ្វីដែលខ្ញុំសុំត្រឡប់មកវិញនោះ ត្រូវគោរពច្បាប់ចរាចរណ៍​ទាំងអស់គ្នា កុំឲ្យមានគ្រោះថ្នាក់ ។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ នឹងអនុវត្តច្បាប់ចរាចរណ៍ថ្មីយ៉ាងតឹងរ៉ឹង ។ ភាព​តឹងរ៉ឹងនេះមិនមែនគៀបសង្កត់ប្រជាពលរដ្ឋទេ តឹងរ៉ឹងដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ។

IMG_4014

សម្តេចតេជោ នាយករដ្ឋមន្ត្រីមានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលសន្និបាត និង​ពិព័រណ៍កោះពេជ្រ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញា​បត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានបញ្ចប់ការ​សិក្សារបស់ខ្លួនប្រកបដោយជោគជ័យ ។

សម្តេចតេជោមានប្រសាសន៍សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងទទួលបាននូវផលប្រយោជន៍ ហើយរោងចក្រដែល​នៅតាមផ្លូវវេងស្រេងត្រូវសន្សំប្រាក់នេះដើម្បីបង្កើនឲ្យកម្មករ កម្មការិនី បើមិនបានដំឡើងបៀវត្សរ៍ទេ គឺទុកសន្សំប្រាក់​នេះជប់លៀងដល់បងប្អូនកម្មករ កម្មការិនីនៅថ្ងៃទី១ ខែឧសភា រៀងរាល់ឆ្នាំ ។

ទាក់ទឹននឹងផ្លូវវេងស្រេងនេះ សម្តេចតេជោមានប្រសាសន៍ថា មានចំណុចមួយដែលលោកប៉ា សុជាតិវង្សត្រូវដោះ​ស្រាយ។ ចំពោះអ្នកមួយចំនួនដែលបានធ្វើលិខិតមួយសម្រាប់ឆ្លងផ្លូវនោះហើយ ឥឡូវត្រូវយកលុយទៅសងប្រជាពល​រដ្ឋវិញ ហើយយកលិខិតនោះត្រឡប់មកវិញ, ប្រជាពលរដ្ឋរស់នៅតាមផ្លូវវេងស្រេងទាំងប៉ុន្មាន តាមស្មានប្រហែល​មាន​រថយន្ត៣០០គ្រឿងហ្នឹងទៅយកលុយដែរ, ណ្ហើយ! ឲ្យផុតកម្មពៀរទៅ យកលុយទៅសងគាត់វិញ បើសិនជាយកលុយ​ក្រុមហ៊ុនមិនទាន់ទេ, មកយកលុយខ្ញុំ ខ្ញុំនឹងខ្ចីលុយលីហួរយកទៅសងសិន ។ដោយឡែក ទាក់ទិននឹងផ្លូវជាតិលេខ៤ បញ្ហានៅត្រង់ប្រជាពលរដ្ឋដែលរស់នៅម្តុំជម្ពូវ័ន ឬនៅជិតៗនោះ គាត់ចង់ទៅ​មើលចម្ការរបស់គាត់នៅខាងអង់ស្នួល ឬសំរោងទង ។ នៅពេល​ទៅ គាត់ត្រូវបង់លុយ, ពេលត្រឡប់មកវិញត្រូវបង់​លុយមួយលើកទៀត ។ ដល់ពេលយូរទៅ ការទៅចម្ការមើលស្រែ លែងមានពេលទៅមើល ព្រោះទៅបង់លុយ មកវិញ​បង់លុយ ។ អ្នកដែលនៅជិតៗកន្លែងបង់លុយ ទៅជាលែងចង់ទៅ មកហើយ ព្រោះទៅបង់លុយ មកបង់លុយ ។ ដូច្នេះ​ក្នុងករណីនេះ សម្តេចតេជោស្នើឲ្យធ្វើស្ថិតិចំពោះអ្នកដែលរស់នៅជិតៗក្នុងការចេញ ចូលឆ្លង អត់ត្រូវយកលុយ​ទេ ។​

ប៉ុន្តែក្នុងករណីការធ្វើដំណើរផ្លូវវែងពីភ្នំពេញទៅក្រុងព្រះសីហនុ, ភ្នំពេញ-កោះកុង… គឺត្រូវបង់លុយហើយ ។ សម្តេច​បានបញ្ជាឲ្យត្រូវរៀបចំកិច្ចការនេះ​ដើម្បីពិនិត្យមើលចំពោះគោលនយោបាយដែលប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ​នៅ​ជិតៗបញ្ជរបង់ប្រាក់នោះ ។សម្តេចតេជោ នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា សម្តេចបានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈប្រព័ន្ធទំនាក់ទំនង​បណ្តាញសង្គម ដែលប្រជាពលរដ្ឋបានផ្ញើទៅជូនសម្តេច ។ សម្តេចមានប្រសាសន៍ថា​« ខ្ញុំមិនមែនជានាយករដ្ឋមន្ត្រី​ហ្វេសប៊ុកទេ ក៏ប៉ុន្តែខ្ញុំចង់ទទួលព័ត៌មានពីគ្រប់មជ្ឈដ្ឋាន គ្រប់ប្រភពទាំងអស់» ។

សម្តេចតេជោមានប្រសាសន៍ថា ផ្លូវជាតិលេខ៤ត្រូវមានដំណោះស្រាយសមស្របសម្រាប់ប្រជាពលរដ្ឋដែលរស់នៅ​ទាំងសងខាងបញ្ជរបង់ប្រាក់ ៕

IMG_4015

IMG_4016

IMG_4019

IMG_4017

IMG_4018

...

ដោយ៖ ហេង សូរិយា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print