ករណីអគ្គីភ័យឆេះផ្ទះនៅស្រុកស្អាងកាលពីជាង២ខែមុនបណ្ដាលឲ្យប្រពន្ធស្លាប់គឺជាករណីឃាតកម្ម

ចែករំលែក៖

ខេត្តកណ្តាល៖ បន្ទាប់ពីមានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែងនៅក្នុងឃុំត្រើយស្លា ដែលបណ្ដាលឲ្យស្រ្ដីម្នាក់ជាប្រពន្ធស្លាប់បាត់បង់ជីវិត កាលពីជាង២ខែមុន សមត្ថកិច្ចជំនាញថ្នាក់ខេត្ត និង នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ដ  ដោយសហការជាមួយផ្នែកជំនាញស្រុកស្អាង បានពិនិត្យឃើញថាករណីនេះ គឺជាករណីឃាតកម្ម គឺប្តីច្របាច់កសម្លាប់ប្រពន្ធ រួចចាក់សាំងដុត ដើម្បីបិទបាំងទង្វើររបស់ខ្លួន ។
គួររំឮកផងដែរថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២និង៤០នាទី នៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង  បណ្តាលអោយប្រពន្ធស្លាប់ និងប្តីរងរបួសធ្ងន់  ដែលហេតុការណ៍នេះ ធ្វើឲ្យមជ្ឈដ្ឋានជាច្រើនសង្ស័យថា ជាករណីគំនុំដុតសម្លាប់ទាំងប្តី ប្រពន្ធ ។
មន្រ្ដីនគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ស្រ្ដីរងគ្រោះស្លាប់ឈ្មោះ ហាន ស្រីមុំ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី រីឯជនសង្ស័យឈ្មោះ វ៉េង វីរៈ ហៅលក្ខណ៍ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរ ជាងផ្សាដែក ។ ស្រ្ដីរងគ្រោះ និងជនសង្ស័យត្រូវជាប្ដីប្រពន្ធនិងគ្នា  មានទីលំនៅភូមិឃុំកើតហេតុ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ឈ្មោះ វ៉េង វីរៈ ជាប្តី និងឈ្មោះ ហាន ស្រីមុំ ជាប្រពន្ធ បានដេកនៅក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះដូចរាល់ដង ។ លុះដល់ម៉ោងកើតហេតុ ក៏ស្រាប់តែមានភ្លើងឆាបឆេះក្នុងបន្ទប់ដេក បណ្តាលឲ្យឈ្មោះ ហាន ស្រីមុំ ស្លាប់នៅកន្លែងដេកនិងឈ្មោះ វ៉េង វីរៈ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យនៅភ្នំពេញ ។ ពេលនោះប្រជាពលរដ្ឋ ដែលជាអ្នកជិតខាង បាននាំគ្នាមកជួយពន្លត់ភ្លើងដែលកំពុងឆេះ បានរលត់ទៅវិញ។ ក្រោយពីបានទទួលព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងជំនាញស្រុកបានចុះដល់កន្លែងកើតហេតុ ជួយអន្តរាគមន៍ពន្លត់ភ្លើង ។
ករណីនេះសមត្ថកិច្ចជំនាញថ្នាក់ខេត្ត និងនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ដ បាន ចុះពិនិត្យសហការជាមួយផ្នែកជំនាញស្រុកស្អាង ។
ផ្អែកតាមលទ្ធផល ការស្រាវជ្រាវ ស៊ើបអង្កេត និងការតស៊ូស្ដាប់ចម្លើយដោយមាន ការសម្របសម្រួល ដឹកនាំនីតិវិធី ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល និងមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល នោះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យបច្ចេកទេស វិទ្យាសាស្រ្ត បានសហការជាមួយ កម្លាំងនគរបាលស្រុកស្អាង ព្រមទាំងមានការចូលរួមពីនាយកដ្ឋានបច្ចេកទេស វិទ្យាសាស្រ្ត បានឈានដល់កំណត់ មុខសញ្ញាគឺជាប្ដីជនរងគ្រោះ ។ តែដោយមូលហេតុជនសង្ស័យ រងរបួសដោយសារ ឆាបភ្លើងសាំងឆេះ ត្រូវសង្រ្គោះបន្ទាន់ ក៏បញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ។ លុះមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដោយអាការៈធូរស្បើយ ត្រូវចេញពីមន្ទីរពេទ្យ ទើបសមត្ថកិច្ច ឈានដល់ការនាំខ្លួនជនសង្ស័យជាប្ដី មកសាកសួរ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា នៅមុនពេលសម្លាប់ប្រពន្ធ ប្រហែល បីទៅបួនថ្ងៃ ជនសង្ស័យមិនទៅធ្វើការទេ ប្រពន្ធក៏ខឹងគំរាមសុំលែងលះ ដោយបាននិយាយថាអស់ចិត្តជាមួយ ។ លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យមិនទៅធ្វើការទេ បានទៅផឹកកាហ្វេ មើលមាន់ជល់ តាមទូរទស្សន៍ រហូតដល់ម៉ោង៥ល្ងាច ក៏ជិះម៉ូតូម៉ាកហុងដាវេវ ត្រឡប់មកផ្ទះវិញ ដាំបាយ ។ លុះដល់ម៉ោងប្រហែល៦ល្ងាច  ខណៈដែលប្រពន្ធបានត្រឡប់មកពីធ្វើការនៅរោងចក្រវិញ ទិញម្ហូបឆ្អិនស្រាប់មកជាមួយ បាននាំគ្នាហូបបាយ បន្ទាប់មកជនរងគ្រោះបានចូលទៅងូតទឹក រួចឡើងទៅបន្ទប់ឡៅតឿ ។ ចំណែកជនសង្ស័យនៅខាងក្រោមដេកមើល ហ្វេសប៊ុក រហូតដល់ម៉ោង ប្រហែល៩យប់ ក៏ឡើងទៅបន្ទប់ឡៅតឿដេកជាមួយជនរងគ្រោះ ពេលនោះជនរងគ្រោះស្លៀករ៉ូបដេកយប់ មិនចាំពណ៌កំពុងចុចមើលទូរស័ព្ទ ខណៈជនសង្ស័យមើលរឿងចិនតាមទូរស័ព្ទ ។ បន្ទាប់មកជនរងគ្រោះបានរអ៊ូ សុំជនសង្ស័យលែងលះគ្នាដោយបបួលទៅផ្ដិតមេដៃនៅផ្ទះមេភូមិ តែជនសង្ស័យបដិសេធ មិនព្រមក៏ទាស់សំដីគ្នារហូតឈានដល់ជនសង្ស័យងើបទៅសង្កត់ជនរងគ្រោះពីលើ ច្របាច់ក រហូតដល់ស្លាប់តែម្ដង រួចជនសង្ស័យប្ដូរសម្លៀកបំពាក់ជនរងគ្រោះ និងដាក់ឲ្យដេកលើពូកដោយបានយកភួយនិងខោអាវ គរគ្របពីលើ បន្ទាប់មកចុះមកក្រោម កាត់ទុយោសាំងម៉ូតូដាក់ដបទឹកសុទ្ធ បានប្រហែលជាងកន្លះលីត្រ យកទៅជះ ក្នុងបន្ទប់ខាងក្រោម រួចឡើងទៅជះស្រោចជញ្ជាំង បន្ទប់ឡៅតឿ រួចទាញអាវយឺតពាក់ចុះមកបន្ទប់ខាងក្រោមវិញកេះ ដែកកេះដុត បណ្ដាលឲ្យភ្លើងឆាបឆេះ រាលរលាកទាំងខ្លួនឯងផងទៀត ទើបជនសង្ស័យដោះអាវយឺតចេញ រួចស្ទុះបើកគន្លឹះទ្វារផ្ទះរត់ចេញទៅលោតទឹកទន្លេខាងលិចផ្ទះ បណ្ដែតខ្លួនចម្ងាយប្រហែលជាង១.០០០ម៉ែត្រក៏ឡើងគោក ឃើញកង់គេទុកចោលទាញជិះទៅផ្ទះឪពុកបង្កើតដោយសភាពធ្ងន់ធ្ងរពេកក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្នំពេញ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print