ភ្នំពេញ៖ អ្នកស្រីកែវ សេដ្ឋា ហៅគូវ៉ាន់ ស៊ីន វ័យ៧៨ឆ្នាំ ដែលជាម្ចាស់បទចម្រៀងល្បីល្បាញ«រាត្រីជួបភ័ក្ត្រ»មានជំងឺលើសឈាមកម្រិតធ្ងន់កំពុង សម្រាកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
ក្រុមគ្រួសារ ពិសេសកូនៗក៏កំពុងតែព្រួយបារម្ភពីស្ថានភាពជំងឺម្តាយ ខណៈដែលថវិកាសម្រាប់ព្យាបាលជំងឺក៏មានការខ្វះខាតខ្លាំងនោះ។
គួរបញ្ជាក់ដែរថា អ្នកស្រី កែវ សេដ្ឋាគឺជាតារាចម្រៀងជើងចាស់ចាប់ តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ ហើយអ្នកស្រីត្រូវបានគេស្គាល់តាមរយៈ បទចម្រៀងមួយចំនួនដូចជាបទ«ទំនួញសារិកា» បទ«នៅក្នុងលោកនេះបើគ្មានបង» «ទ្រូងអនាថា» ពិសេសបទចម្រៀងដែលជាព្រះរាជស្នាព្រះហស្ថនិពន្ធដោយព្រះបរមរតនកោដ្ឋព្រះបាទនរោត្តម សីហនុគឺបទ «រាត្រីជួបភក្ត្រ» ដែលច្រៀងរួមជាមួយនឹងលោក ស៊ិន ស៊ីសាមុត ។ ក្រៅពីនេះនៅមានបទចម្រៀងជាច្រើនបទពីសម័យមុនៗនោះ អ្នកស្រីក៏ជាសិល្បករផ្នែកល្ខោនបាសាក់ដ៏មានទេពកោសល្យផងដែរ ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ អ្នកស្រីបានខកខានក្នុងការបង្ហាញវត្តមានក្នុងកម្មវិធីសិល្បៈដែលមានបន្តិចបន្តួចទៀត ព្រោះតែជំងឺលើលឈាមធ្វើទុក្ខ។ នេះបើតាមការបញ្ជាក់របស់សាច់ញាតិអ្នកស្រី។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ គ្រាដែលសមាគមសិល្បករខ្មែរដឹកនាំដោយលោក សុះ ម៉ាច និងអ្នកស្រីថុង ស៊ីវទៀង បានធ្វើដំណើរទៅសាកសួរសុខទុក្ខអ្នកស្រី កែវ សេដ្ឋានៅមន្ទីរពេទ្យផ្ទាល់ ។
លោក តាន់ យិដ្ឋា ជាកូនប្រុសអ្នកស្រី កែវ សេដ្ឋាបានបញ្ជាក់ថា ម្តាយរបស់លោកមានជំងឺលើសឈាមអស់រយៈពេលច្រើនឆ្នាំមកហើយ ប៉ុន្តែមិនធ្វើទុក្ខធ្ងន់ ទើបតែមួយរយៈចុងក្រោយនេះម្តាយរបស់លោកជួបប្រទះនឹងបញ្ហាធ្ងន់ ។ លោកថា អាការៈរបស់ម្តាយលោកគឺអស់កម្លាំងល្ហិតល្ហៃ ឈឺក្បាលខ្លាំងហើយចាប់ផ្តើមខ្សោយកម្លាំងទៅៗចាប់ពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៥ មកម្ល៉េះ។
លោកបន្តថា ក្រោយអាការៈជំងឺមានសភាពមិនប្រសើរលោកបានបញ្ជូនម្តាយទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ប៉ុន្តែនៅមិនទាន់មានសភាពធូរស្រាល ហើយចុងក្រោយលោក និងបងប្អូនបានសម្រេចបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
លោកថា ស្ថានភាពជំងឺរបស់ម្តាយលោកនៅមិនទាន់ធូស្រាលនៅឡើយទេ ដែលទទួលទានអាហារតាមមាត់លែងបានគឺបានតែទឹកដោះគោតាមបំពង់បញ្ចូលអាហារប៉ុណ្ណោះ ខណៈដែលវេជ្ជបណ្ឌិតប្រាប់ឲ្យបន្តរង់ចាំការពិនិត្យតាមដានបន្ត ។
លិល្បករផ្នែករបាំបុរាណរូបនេះបញ្ជាក់ដែរថា ការព្យាបាលហាក់មិនទាន់មានអ្វីដែលឃើញលទ្ធផលជាដុំកំភួន ខណៈដែលពេលខ្លះលោកមានការយឺតយ៉ាវក្នុងការបង់ថវិកាដល់មន្ទីរពេទ្យ ព្រោះតែលោក និងសមាជិកគ្រួសារសុទ្ធតែប្រឈមនឹងការខ្វះខាត ព្រោះកន្លងមកលោកនិងក្រុមគ្រួសារបានស្វែងរកគ្រប់មធ្យោបាយសម្រាប់រកលុយដោះទ័ល។
លោកបញ្ជាក់ថា ការសម្រាកព្យាបាលបច្ចុប្បន្ន ម្តាយលោកត្រូវចំណាយច្រើនគួរសមទាំងថ្លៃបន្ទប់ និងសេវាពិនិត្យព្យាបាលតាមដានជាច្រើនបន្តបន្ទាប់។ អ្វីដែលជាក្តីសង្ឃឹមនោះលោកមិនមានអ្វីក្រៅពីអំពាវនាវប្រមុខរដ្ឋាភិបាល សប្បុរសជនមេត្តាជួយក្រុមគ្រួសារលោកដោយក្តីអនុគ្រោះ។
អ្នកស្រីថុង ស៊ីវទៀង អគ្គនាយិកាផលិតកម្មចក្រវាឡពេជ្រភាពយន្តបានបញ្ជាក់ថា អ្នកស្រីពិតជាស្លុត និងរន្ធត់ចិត្តអាណិតដល់អ្នកស្រីកែវ សេដ្ឋា ក្រោយពីបានឃើញដោយផ្ទាល់ពីស្ថានភាពជំងឺ និងស្ថានភាពជីវភាពរបស់ក្រុមគ្រួសារសិល្បករដែលធ្លាប់បម្រើការកម្សាន្តរបស់ទស្សនិកជនជាច្រើនឆ្នាំ ។
អ្នកស្រីក៏ អំពាវនាវដល់សប្បុរសជនមេត្តាជួយផ្តល់ជាថវិកា និងកម្លាំងចិត្តសម្រាប់ក្រុមគ្រួសារអ្នកស្រីកែវ សេដ្ឋា ផងដែរ។
លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានបញ្ជាក់ថា លោកទើបនឹងទទួលបានដំណឹងអំពីស្ថានភាពជំងឺរបស់អ្នកស្រីកែវ សេដ្ឋា តាមរយៈក្រុមគ្រួសារអ្នកស្រី ។ លោកបញ្ជាក់ថា លោក ពិតជារំជួលចិត្តនឹងការបានមកឃើញពីស្ថានភាពជំងឺរបស់សិល្បករជើងចាស់ដែលធ្លាប់បម្រើការកម្សាន្ត និងជាសិល្បករផ្នែករបាំ ល្ខោន និងច្រៀងអស់ជាច្រើនទសវត្សរ៍មកហើយ។ លោកថា សមាគមសិល្បករខ្មែរមិនមានលទ្ធភាពច្រើនក្នុងការសម្រួលដល់ការខ្វះខាតរបស់ក្រុមគ្រួសារអ្នកស្រីទេ គឺមានតែថវិកាសមាគម សិល្បករខ្មែរខ្លះ និងថវិការបស់អ្នកស្រីថុង ស៊ីវទៀង ជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមដែលបានចំណាយថវិកាផ្ទាល់ខ្លួនគាត់ផងដែរ។
លោកបន្តទៀតថា លោកគ្រោងនឹងធ្វើលិខិតទៅក្រសួងពាណិជ្ជកម្ម និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីស្នើសុំថវិកាខ្លះដែលនៅសល់ពីការប្រគំតន្ត្រីកាលពីពេលកន្លងមក មកផ្តល់ជូនអ្នកស្រី និងជួយសម្រួលខ្លះដល់ក្រុមគ្រួសារអ្នកស្រី ៕
https://youtu.be/vA2t-FIBCmg
ដោយ៖ វឌ្ឍនា